ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រយ័ត្ន​! មាន​បញ្ហា​គេង​មិន​លក់ ចៀសឱ្យផុត​ទង្វើ​ទាំងនេះ​
27, Jan 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹងថា​ការ​គេង គឺ​សំខាន់​ណាស់​ចំពោះ​សុខភាព​រាងកាយ​។ ដូច្នេះ​ជំងឺ​គេង​មិន​លក់​អាច​ជះឥទ្ធិពល​គួរឱ្យ​ព្រួយបារម្ភ​លើ​សុខភាព​។ ដើម្បី​ជាការ​ប្រសើរ​អ្នក​គួរ​ចៀសឱ្យផុត​ពី​សកម្មភាព​មួយចំនួន​ដែល​អាច​បណ្ដាលឱ្យ​ស្ថានភាព​នៃ​ការ​គេង​មិន​លក់​កាន់តែ​អាក្រក់​ឡើង​។


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ទង្វើ​ដែល​មិនគួរ​ធ្វើ​នៅពេល​មាន​ជំងឺ​គេង​មិន​លក់ ៖
 
១. ទទួលទាន​គ្រឿង​ស្រវឹង​

​ដឹង​ទេ​ថា​គ្រឿង​ស្រវឹង​អាច​បណ្ដាលឱ្យ​ស្ថានភាព​នៃ​ជំងឺ​គេង​មិន​លក់​របស់​អ្នក​កាន់តែ​អាក្រក់​ឡើង​? បញ្ហា​នោះ​គឺ​នៅពេល​ស្រវឹង​អ្នក​ងាយ​នឹង​ជួបប្រទះ​អាកា​រៈគេង​មិន​ស្ងប់ ហើយ​ថែមទាំង​បណ្ដាលអោយ​មិន​ស្រួលខ្លួន គ្មាន​កម្លាំង អារម្មណ៍​មិន​ស្រស់ស្រាយ​នៅ​ព្រឹក​បន្ទាប់​ទៀតផង​។ ម្យ៉ាងវិញទៀត​ការទទួល​ទាន​គ្រឿង​ស្រវឹង​អាច​បង្កបញ្ហា​គេង​ស្រមុក​ដែលជា​បញ្ហា​មួយ​រំខាន​ដល់​ខួរក្បាល​និង​រាងកាយ​មិនឱ្យ​ទទួលបាន​អុកស៊ីសែន​គ្រប់គ្រាន់​ខណៈ​ពេល​គេង​។​
 
២. ទទួលទាន​កាហ្វេ​ក្រោយ​បាយ​ថ្ងៃ​

​ប្រសិនបើ​អ្នក​ងាយ​នឹង​ជួបប្រទះ​បញ្ហា​គេង​មិន​លក់​នោះ​ចូរ​ព្យាយាម​ចៀសវាង ឬ​កាត់បន្ថយ​ការ​ទទួលទាន​កាហ្វេ ឬ​ភេសជ្ជៈ​កាហ្វេ​អ៊ី​ន​ផ្សេងៗ​ក្រោយ​ម៉ោង​អាហារ​ថ្ងៃ​ទើប​ប្រសើរ​។ នេះ​ក៏​ព្រោះតែ​ជាតិ​កាហ្វេ​អ៊ី​ន​អាច​ស្ថិតនៅក្នុង​ប្រព័ន្ធ​រាងកាយ​ពី ៤ ទៅ ៦ ម៉ោង​ឯណោះ​។ ហើយ​ប្រសិនបើ​អ្នក​ទទួលទាន​កាហ្វេ ឬ​ភេសជ្ជៈ​កាហ្វេ​អ៊ី​ន​ណាមួយ​កំឡុង​ម៉ោង​ប្រហែល ៣ ថ្ងៃនោះ​កាហ្វេ​អ៊ី​ន​អាច​ស្ថិតនៅក្នុង​លំហូរ​ឈាម​ដល់​ម៉ោង ៩ យប់​ឯណោះ​។​
 
៣. ទទួលទាន​ទឹក​ច្រើន​នៅពេល​យប់​

​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ហើយ​ការរក្សា​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​រាងកាយ គឺ​ចាំបាច់​ណាស់​។ ប៉ុន្តែ​ទោះជា​បែបនេះ​ក៏ដោយ​ការទទួល​ទាន​ទឹក​ច្រើន​នៅពេល​យប់​អាច​បង្ក​ការរំខាន់​ដល់​ការ​គេង​របស់​អ្នក​ក៏​ព្រោះ​ត្រូវ​ក្រោក​ចូល​បន្ទប់ទឹក​ញឹកញាប់​។ ទោះជា​យ៉ាងណា​មិនមែន​មានន័យថា​អ្នកមាន​បញ្ហា​គេង​មិន​លក់​ត្រូវ​ទទួលទាន​ទឹក​តិចជាង ២ លីត្រ​ក្នុង​មួយថ្ងៃ​ដែរ គឺ​គ្រាន់តែ​កុំ​ទទួលទាន​ច្រើន​នៅពេល​យប់​ប៉ុណ្ណោះ​។​
 
៤. ធ្វើ​លំ​ហាត់ប្រាណ​មុនពេល​ចូល​គេង​

​ការធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ គឺ​ចាំបាច់​ណាស់​ដើម្បី​រក្សាបាន​នូវ​សុខភាព​រាងកាយ​រឹងមាំ​។ ទោះជា​យ៉ាងណា​ការធ្វើ​លំ​ហាត់ប្រាណ​ពេលយប់ ឬ​មុនពេល​ចូល​គេង​មិនល្អ​សោះឡើយ​សម្រាប់​អ្នក​ងាយ​នឹង​គេង​មិន​លក់​។ ដើម្បី​ជាការ​ប្រសើរ​ចូរ​ផ្លាស់ប្ដូរ​មក​ធ្វើ​លំ​ហាត់ប្រាណ​នៅពេល​ព្រឹក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com