ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ស្មាន​មិន​ដល់​សោះ​ថា “​ផ្លែ​អូ​លីវ​” ប្រសើរ​យ៉ាងនេះ​ចំពោះ​សុខភាព​
28, Jan 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ស្គាល់​និង​បានដឹង​អំពី​អត្ថប្រយោជន៍​ដល់​ប្រសើរ​នៃ​ប្រេង​អូ​លីវ​ចំពោះ​សុខភាព ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​ថា​ផ្លែ​អូ​លីវ​ក៏​អាច​ផ្ដល់​ផល​ល្អៗ​ស្មាន​មិន​ដល់​ផងដែរ​។


 
​ថា​តើ​ផ្លែ​អូ​លីវ​ល្អ​យ៉ាងណាខ្លះ​? ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អត្ថប្រយោជន៍​អស្ចារ្យ​នៃ​ការទទួល​ទាន​ផ្លែ​អូ​លីវ ៖
 
១. សុខភាព​សរសៃឈាម​បេះដូង​

​ផ្លែ​អូ​លីវ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម សារធាតុ polyphenols វីតាមីន E និង​ជាតិ​ខ្លាញ់​ល្អ monounsaturated ដែល​ជួយ​រក្សា​សុខភាព​សរសៃ​ឈាម​បេះដូង​ល្អប្រសើរ​និង​មាន​ប្រសិទ្ធភាព​ប្រយុទ្ធប្រឆាំង​រ៉ាឌីកាល់​សេរី ព្រមទាំង​ការ​រលាក​រ៉ាំរ៉ៃ​ដែល​អាច​បង្ក​ការខូចខាត​ដល់​សរសៃ​ឈាម ហើយ​ទប់ស្កាត់​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង ជំងឺ​គាំងបេះដូង ក៏ដូចជា​ដាច់​សរសៃឈាម​ខួរក្បាល​បាន​យ៉ាង​ប្រសើរ​។​
 
២. ទប់ស្កាត់​ជំងឺមហារីក​

​ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​បានបង្ហាញ​ថា​ការ​រលាក​រ៉ាំរ៉ៃ​ជា​កត្តា​ចម្បង​មួយ​នៃ​ជំងឺមហារីក​។ ផ្លែ​អូ​លីវ​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​បាន​តាមរ​យៈ​ការផ្ដល់ឱ្យ​រាងកាយ​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​និង​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​។​
 
៣. ជួយ​ឱ្យ​ស្រក​ទម្ងន់​

​ផ្លែ​អូ​លីវ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ខ្លាញ់​ល្អ monounsaturated ដែល​ជួយ​គ្រប់គ្រង​ទម្ងន់​និង​ធ្វើឱ្យ​ស្រក​ទម្ងន់​ផងដែរ​។​
 
៤. សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​

​អាស៊ីត maslinic ដែលមាន​ផ្ទុក​ក្នុង​ផ្លែ​អូ​លីវ​ជួយ​ប្រយុទ្ធប្រឆាំង​កោសិកា​មហារីក​ពិសេស​មហារីក​ពោះវៀនធំ​។ ម្យ៉ាងវិញទៀត​អូ​លីវ​ក៏​ជា​ប្រភព​ល្អ​មួយ​នៃ​ជាតិ​សរសៃ​ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ផងដែរ​។​
 
៥. ទប់ស្កាត់​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​

​នោះ​ក៏​ព្រោះតែ​អូ​លីវ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ដែក​ដែល​ចាំបាច់​ណាស់​ក្នុង​ការជួយ​ទប់ស្កាត់​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​។ កង្វះ​ជាតិ​ដែក​បណ្ដាលឱ្យ​រាងកាយ​មិនអាច​បង្កើត​កោសិកា​គ្រាប់​ឈាមក្រហម​គ្រប់គ្រាន់​បង្ក​ជា​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com