អន្តរជាតិ
កូរ៉ូណាវីរុស៖ ចិនបន្តពេលវិស្សមកាល ឯសាលារៀនទាំងអស់លើកថ្ងៃបើកបវេសនកាល គ្រូពេទ្យចិនកំពុងពិនិត្យសីតុណ្ហភាពអ្នកដំណើរម្នាក់នៅឯខេត្តហ្កាន់ស៊ូ។ រូបភាព Xinhua
× ប្រទេសចិន នៅថ្ងៃទី២៧ ខែមករា បានប្រកាសពីការបន្តរយៈពេលឈប់សម្រាកចូលឆ្នាំចិនរហូតដល់ដើមខែកុម្ភៈខាងមុខដើម្បីទប់ស្កាត់ការរាលដាល់កូរ៉ូណាវីរុស ដែលបានសម្លាប់មនុស្ស៨០នាក់ហើយនោះ។ សាលារៀនគ្រប់កម្រិតនៅទូទាំងប្រទេស ក៏បានប្រាប់ឲ្យលើកពេលបើកបវេសនកាលឆមាសថ្មីផងដែរ។ ខណៈការរាតត្បាតកាន់តែខ្លាំង ប្រទេសជាច្រើនក៏ត្រៀមជម្លៀសប្រជាជនខ្លួនទៅកាន់កន្លែងសុវត្ថិភាពផងដែរ។
វិសម្សកាលទូទាំងប្រទេសដែលគ្រោងបញ្ចប់នៅថ្ងៃទី៣០ ខែមករា នឹងត្រូវបន្ថែមដល់ថ្ងៃទី២ ខែកុម្ភៈ។ នេះជាការប្រកាសរបស់ការិយាល័យក្រុមប្រឹក្សារដ្ឋចិននៅថ្ងៃទី២៧ ខែមករា ស្របពេលដែលមេរោគថ្មីដែលបង្កដោយកូរ៉ូណាវីរុស កំពុងតែបន្តអុកឡុកកាន់តែខ្លាំង។
ក្រុមប្រឹក្សារដ្ឋចិនអះអាងថា នេះជាវិធានការដើម្បីកាត់បន្ថយការប្រមូលផ្ដុំទ្រង់ទ្រាយធំ ទប់ស្កាត់ការរាលដាលរបស់វីរុស ក៏ដូចជាការពារសុវត្ថិភាព និងសុខាភាពរបស់ប្រជាជនចិន។ បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua ។ ជាមួយគ្នានេះ សាលាអប់រំទូទាំងប្រទេសរួមមានសាកលវិទ្យាល័យ វិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា និងមត្តេយ្យផងនោះ ត្រូវលើកពេលបើកឆមាសប្រចាំរដូវផ្ការីករបស់ខ្លួនបណ្ដោះអាសន្នសិនដែរ។
វិធានការខាងលើ ជាចំណាត់ចុងក្រោយរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងក្នុងការទប់ស្កាត់ការរាលដាលវីរុសប្រភេទថ្មីដែលបង្កទៅជាជំងឺរលាកសួតដូច SARS ដែរ។ ប្រធានាធិបតីចិន ស៊ី ជិនភីង ចាត់ទុកការផ្ទុះឡើងវីរុសនេះ ជារឿងធ្ងន់ធ្ងរបំផុត និងបានណែនាំឲ្យចាត់វិធានការជាបន្ទាន់។ វិធានការដទៃទៀតដែលត្រូវបានប្រកាសរួចហើយមាន ការបិទទីតាំងទេសចរណ៍ដូចជារាជវាំងបូរាណ មហាកំផែង និងការបិទការជួញដូរសត្វផងដែរ។
គិតត្រឹមថ្ងៃទី២៧ ខែមករា កូរ៉ូណាវីរុសនេះ បានឆ្លងលើមនុស្ស២៧៤៤នាក់ ហើយអ្នកស្លាប់កើនដល់៨០នាក់នៅចិន ខណៈ៥១នាក់ទៀត បានសះស្បើយ។ ក្រៅពីចិន ជប៉ុន និងអាមេរិក ប្រទេស និងតំបន់ផ្សេងទៀត ដែលមានករណីរាលដាលរួមមាន ថៃ ហុងកុង ម៉ាកាវ តៃវ៉ាន់ សិង្ហបុរី ម៉ាឡេស៊ី វៀតណាម កូរ៉េខាងត្បូង អូស្ត្រាលី បារាំង ណេប៉ាល់ និងកាណាដា។
អាមេរិក បានប្រកាសរួចហើយពីគម្រោងជម្លៀសមន្ត្រីកុងស៊ុលប្រចាំទីក្រុងវូហានទៅកាន់ទឹកដីខ្លួនវិញ រួមជាមួយជនជាតិខ្លួនដែលប្រឈមមុខគ្រោះថ្នាក់ខ្លាំង។ ជប៉ុនឯណោះវិញ ក៏បានកំពុងធ្វើការជាមួយអាជ្ញាធរចិនដើម្បីជួយប្រជាជនខ្លួនដែរ។ ចំណែកបារាំង ក៏ត្រៀមផែនការជម្លៀសពលរដ្ឋខ្លួនចេញក្រៅវូហាន ហើយទៅដាក់នៅទីក្រុងក្បែរខ្លាំងដោយស្ថិតក្រោមការត្រួតពិនិត្យ។ ឯហ្ស៊កដានីនិយាយថា ខ្លួនទទួលបានការអនុញ្ញាតពីចិនរួចហើយក្នុងការជម្លៀសពលរដ្ឋខ្លួន៕
Tag:
ចិន
កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com