អន្តរជាតិ
នាយករដ្ឋមន្ត្រីចិន លី ខឹឈាំង ទៅត្រួតពិនិត្យក្រុងវូហានដែលកំពុងផ្ទុះកូរ៉ូណាវីរុស នាយករដ្ឋមន្រ្តីចិន លី ខឹឈាំង ទៅត្រួតពិនិត្យក្រុងវូហានដែលកំពុងផ្ទុះកូរ៉ូណាវីរុស។ រូបភាព People's Daily
× នាយករដ្ឋមន្ត្រីចិន លី ខឹឈាំង នៅថ្ងៃទី២៧ ខែមករា បានទៅដល់ទៅក្រុងវូហាន ខេត្តហ៊ូប៊ី មេរោគថ្មីបង្កដោយកូរ៉ូណាវីរុសកំពុងរាតត្បាតយ៉ាងខ្លាំង និងបង្កការព្រួយបារម្ភពេញពិភពលោក។ លោក លី ជាមន្ត្រីជាន់ខ្ពស់ចិនដំបូងគេដែលធ្វើដំណើរទស្សនកិច្ចនៅតំបន់នៅកណ្ដាលរាតត្បាតនេះ ខណៈចំនួនអ្នកស្លាប់កើនដល់៨០នាក់ និងជិតបីពាន់នាក់ទៀត ត្រូវបានបញ្ជាក់ថា បានឆ្លងមេរោគដែលគ្មានថ្នាំព្យាបាលមួយនេះ។
ពាក់ម៉ាស់ និងសម្លៀកបំពាក់ការពារយ៉ាងត្រឹមត្រូវ លោក លី ខឹឈាំង នាយករដ្ឋមន្ត្រីចិន បានចុះត្រួតពិនិត្យប្រតិបត្តិការគ្រប់គ្រង និងបង្ការការសាយភាយកូរ៉ូណាវីរុសនៅទីក្រុងវូហានក្នុងខេត្តភាគកណ្ដាលហ៊ូប៉ី។ នេះបើតាមការផ្សាយរបស់កាសែតរដ្ឋចិន People’s Daily ដែលបន្តថា ប្រធានាធិបតី ស៊ី ជិនភីង ជាអ្នកប្រគល់ភារកិច្ចនេះឲ្យលោក លី ផ្ទាល់។
អំឡុងពេលចុះត្រួតពិនិត្យការងារទប់ស្កាត់ការរាលដាលមេរោគនៅវូហាន លោក លី បានសួរសុខទុក្ខអ្នកជំងឺ និងបុគ្គលិកសុខាភិបាលជាច្រើននាក់។ ខេត្តហ៊ូប៊ី ដែលជាកន្លែងផ្ទុះមេរោគនេះ មានករណីអ្នកស្លាប់ច្រើនជាងគេ គឺដល់ទៅ៧៦នាក់ក្នុងចំណោមជនរងគ្រោះទាំងអស់៨០នាក់។ ខណៈអ្នកឆ្លងមេរោគកើនដល់ជាង២៨០០នាក់ហើយនោះ ករណីឆ្លងជំងឺនេះនៅចិនទាំងមូលមានចំនួន២៧៦១នាក់ ព្យាបាលសះស្បើយចំនួន៥១នាក់ និងករណីសង្ស័យជិត៥៨០០។
វិធានការជាច្រើន ត្រូវបានដាក់ចេញដើម្បីទប់ស្កាត់ការរាលដាល និងការព្យាបាល។ បច្ចុប្បន្ន អាជ្ញាធរចិន កំពុងសម្រុកសាងសង់មន្ទីរពេទ្យចំនួនពីរដដើម្បីទទួលព្យាបាលអ្នកជំងឺ។ សម្ភារ និងគ្រឿងបរិក្ខារទាំងឡាន ត្រូវបានបញ្ជូនទៅកាន់វូហានដើម្បីពន្លឿនការសាងសង់មន្ទីរពេទ្យ។
ជាមួយគ្នានេះ ចិនក៏បន្តបញ្ជូនបុគ្គលិកពេទ្យរាប់រយនាក់ទៀត ព្រមទាំងសម្ភារចាំបាច់ទៅទីក្រុងវូហានដើម្បីជួយក្នុងប្រតិបត្តិការគ្រប់គ្រងមេរោគផងដែរ៕
Tag:
ចិន
លី ខឹឈាំង
កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com