បុណ្យទាន​កាន់តែច្រើន កាន់តែ​រំភើប កាន់តែ​ចំណាយ​, តើ​ល្អ ឬ​អាក្រក់​?
ជាតិ
បទវិភាគ
បុណ្យទាន​កាន់តែច្រើន កាន់តែ​រំភើប កាន់តែ​ចំណាយ​, តើ​ល្អ ឬ​អាក្រក់​?
15, Sep 2020 , 8:29 pm        
រូបភាព
​ភ្នំពេញ​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ គេ​សង្កេតឃើញថា ប្រជាជន​ខ្មែរ​ចាយវាយ​កាន់តែ​ច្រើនឡើងៗ​ទៅលើ​សកម្មភាព​កម្សាន្ត ទៅលើ​ម្ហូបអាហារ សម្ភារ​អេឡិចត្រូនិក គ្រឿងអលង្ការ គ្រឿង​តុបតែង​ខ្លួន​សម្លៀកបំពាក់ ឡាន​ទំនើប ផ្ទះ​ទំនើប​។​ល​។ តើ​កត្តា​អ្វីខ្លះ​ដែល​ជំរុញ​អោយ​ប្រជាជន​សម័យនេះ​ចំណាយ​កាន់តែច្រើន​? តើ​ការចាយវាយ​ច្រើន​របស់​ប្រជាជន​ខ្មែរ​ជាការ​ល្អ​ឬទេ​?  តើ​ពេលណា​អ្នក​ត្រូវ​ចំណាយ​សម្រាប់​តម្រូវកា​រ​ក្រពះ និង​ពេលណា​អ្នក​ត្រូវ​ចំណាយ​សម្រាប់​តម្រូវកា​រ​ផ្លូវ​អារម្មណ៍​?

 
​កាលពី​ដើមឡើយ គ្រួសារ​ខ្មែរ​មិនសូវ​ហ៊ាន​ចំណាយ​ប្រាក់កាស​ដែល​គេ​រកបាន​ទេពី​ព្រោះ​ការរក​ប្រាក់​នា​សម័យ​ដើម​មានការ​លំបាក​ខ្លាំងណាស់​។ លំបាក​រហូតដល់​ទៅរក​ប្រាក់​បាន​ហើយ មិន​ហ៊ាន​ទាំង​ចាយ​ទៅវិញ​ផង​។​
 
​អ្នកខ្លះ​រកបាន​១០០​ចាយ​ទៅវិញ​តែ​១០​ប៉ុណ្ណោះ​។ សល់​ប៉ុន្មាន ពួកគេ​សន្សំសំចៃ​ទាំងអស់​។ ប៉ុន្តែ ឥឡូវនេះ ប្រជាជន​មួយ​ភាគ​ធំ​មិន​ថា​នៅក្នុង​ប្រទេស​កម្ពុជា​ឬ​នៅ​ប្រទេស​ផ្សេង​ទេ និន្នាការ​នៃ​ការចាយវាយ​មានការ​ផ្លាស់ប្តូរ​យ៉ាងខ្លាំង​។ អ្នកខ្លះ​រកបាន​១០០ ចាយ​ទៅវិញ​២០០​ក៏មានដែរ​។​
 
​ការចាយវាយ​កាន់តែច្រើន​គឺជា​និន្នាការ​សកល ហើយ​ក្នុងនោះ​ក៏មាន​ប្រទេស​កម្ពុជា​ផងដែរ​។ និន្នាការ​នេះ​ត្រូវបាន​គេ​ស្តីបន្ទោស​មួយផ្នែក​ទៅលើ​ការរីក​ច​ម្រើ​ក ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​។​
 
​ជាក់ស្តែង កាលពី​៣០​ឬ​៤០​ឆ្នាំមុន ពេលខ្លះ ពលរដ្ឋ​មាន​ប្រាក់​ហើយ​មិនដឹង​ជា​ទៅ​ទិញ​របស់របរ​នៅទីណា​ទេ ពីព្រោះ​ការផ្សព្វផ្សាយ​មាន​លក្ខណៈ​តូចចង្អៀត​។ ប៉ុន្តែ​ដោយសារ​ទំនើបកម្ម​ផ្នែក​ព័ត៌មានវិទ្យា​(​វត្តមាន​បណ្តាញ​សង្គម​) មនុស្ស​សម័យថ្មី​ធ្វើការ​ចាយវាយ​ច្រើនជាង​មុន​។ ពីព្រោះ​គ្រប់​ផលិតផល​ទាំងអស់ ក្រោយពី​ផលិត​បាន​ភ្លាម ត្រូវបាន​គេ​បញ្ជូន​ដំណឹង​តាមរយៈ​បណ្តាញ​ព័ត៌មាន​ទៅដល់​អ្នកប្រើប្រាស់​។ ដូចគ្នា​ដែរ​សម្រាប់​កន្លែង​កម្សាន្ត​នានា ទីភ្នាក់ងារ​ទេសចរណ៍​បង្កើន​ការផ្សព្វផ្សាយ​ពី​កន្លែង​កម្សាន្ត​ទាំង​នៅក្នុង​ប្រទេស និង​នៅក្រៅ​ប្រទេស​ទៅកាន់​មហាជន​ទាំងឡាយ​។ 
 
​ដំណឹង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​បាន អង្រួន​និង​ចាប់បង្ខំ​ទឹកចិត្ត​អ្នកប្រើប្រាស់​អោយចំ​ណាយ​ទៅលើ​របស់របរ​កាន់តែ​ច្រើនឡើង​។​
 
​អ្នកខ្លះ គ្រាន់តែ​ចូល​ផ្សារ​មួយ​ភ្លែត ចំណាយ​ប្រាក់​អស់​ច្រើន​រយ​ដុល្លារ​ឬ​ច្រើន​ពាន់​ដុល្លារ​មួយ​រំពេច​។ អ្នក​ខ្លះទៀត បើក​ប្រាក់ខែ​ទើបបាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ចូល​ហាង​ចាយវាយ​ហូបចុក ទិញ​អីវ៉ាន់​អស់​ទៅវិញ​ក៏មានដែរ​។ រីឯ​គ្រួសារ​អ្នកមាន​ខ្លះ​បាន​ជិះ​យន្តហោះ​ទៅ​ប្រទេសក្រៅ​ដើម្បី​គ្រាន់តែ​ទិញ​របស់​ប្រើប្រាស់​សម្រាប់​តុបតែង​ខ្លួនប្រាណ និង​ដើរ​កម្សាន្ត​ឲ្យ​សប្បាយ​អារម្មណ៍​តែមួយ​រយៈ​ប៉ុណ្ណោះ​។ 
 
​វត្តមាន​នៃ​ម្ហូបអាហារ​បែប​បរទេស ទូរ​សព្ទ​ទំនើប ឡាន​ទំនើប ផ្ទះ​ទំនើប កុំព្យូទ័រ​ទាន់សម័យ គ្រឿងអលង្ការ និង​កន្លែង​សប្បាយ​នានា បូកផ្សំ​នឹង​ការផ្សព្វផ្សាយ ទាក់ទាញ​អន្ទង​ចិត្ត​ទៀតផង​នោះ អ្នកប្រើប្រាស់​ណា​ក៏​មិនអាច​ទប់​អារ​ម្ម​ណ៏​នេះ​បានដែរ​។​
 
​អ្នកជំនាញ​សង្គម​សេដ្ឋកិច្ច​ខ្លះ​បាន​វិភាគ​ថា ការចាយវាយ​របស់​ប្រជាជន​ក្នុង​ប្រទេសមួយ​វា​នឹង​ចូលរួមចំណែក​រុញច្រាន​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​នោះ ពីព្រោះ​ការចាយវាយ​កាន់តែច្រើន នាំអោយមាន​ការផលិត​កាន់តែច្រើន​។ ហើយ​នៅពេល​ដែលមាន​ការផលិត​កាន់តែច្រើន ពេលនោះ ចលនា​សេដ្ឋកិច្ច​ក៏​ចេះតែ​កើនឡើង​ដែរ​។ ផ្ទុយទៅវិញ ប្រសិនបើ​មនុស្សម្នា​មិនសូវ​ចាយ ពេលនោះ សេដ្ឋកិច្ចជាតិ​ទាំងមូល​ក៏​មិនសូវ​ដំណើរ​ដែរ​។​
 
​ងាក​មក​និយាយ​ពី​ស្ថានភាព​ចំណាយ​របស់​ប្រទេស​កម្ពុជា​វិញ បើ​ផ្អែកលើ​ការពិត ប្រជាជន​កម្ពុ​ជានា​សម័យ​បច្ចុប្បន្ននេះ​ចាយវាយ​ច្រើនជាង​មុន​ឆ្ងាយ​ណាស់​។ តើ​ការចាយវាយ​របស់​ប្រជាជន​ខ្មែរ​មាន​ប្រយោជន៍​សម្រាប់​សេដ្ឋកិច្ច​ខែ្មរ​ដែរឬទេ​?
 
​ជាការ​ពិត ការចាយ​របស់​ប្រជាជន​ខ្មែរ​បាន​ចូលរួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ខ្មែរ​ខ្លះ​មែន ប៉ុន្តែ​មិន​ច្រើន​ប៉ុន្មាន​ឡើយ ពីព្រោះថា ការចាយវាយ​របស់​ប្រជាជន​ខ្មែរ​បាន​ហូរ​ចេញទៅ​ក្រៅប្រទេស​។ ហើយ​នេះ​គឺ​ដោយសារ​អ្នកប្រើប្រាស់​ខ្មែរ​ទិញ​ផលិតផល​បរទេស​ច្រើនជាង​ផលិតផល​ខ្មែរ​។ និយាយ​បែប​ផ្សេង​មានន័យថា កម្ពុជា​មិនបាន​ផលិត​គ្រប់គ្រាន់​សម្រាប់​ការប្រើប្រាស់​ក្នុងស្រុក​។​
 
​ដូច្នេះ ប្រសិនបើ​គេ​ពិនិត្យ​លើ​ចរន្ត​នេះ វា​ពិតជា​មានន័យថា ការចាយវាយ​ច្រើន​របស់​ប្រជាជន​ខ្មែរ​នា​សម័យថ្មី​នេះ​មិនសូវ​បាន​ចូលរួមចំណែក​លើកស្ទួយ​សេដ្ឋកិច្ច​របស់​ខ្មែរ​ច្រើន​ទេ​។ ផ្ទុយទៅវិញ វា​បាន​បម្រើ​សេដ្ឋកិច្ច​បរទេស​ច្រើនជាង​សេដ្ឋកិច្ច​របស់​ខ្មែរ​។​
 
​ដោយ​មិន​និយាយ​ពី​ការ​ខាត ឬ​ចំណេញ​ផ្នែក​ម៉ាក្រូសេដ្ឋកិច្ច តែបើ​គេ​គិត​ជា​លក្ខណៈ​សេដ្ឋកិច្ច​គ្រួសារ​នីមួយៗ​វិញ តើ​គ្រួសារ​នីមួយៗ គួរ​បណ្តែតបណ្តោយ​ឲ្យ​ភាពទំនើប​(​ផលិតផល និង​កន្លែង​កម្សាន្ត​) អន្ទង​អារម្មណ៍​ពួកគេ​ឲ្យ​ចំណាយ​ប្រាក់​កាន់តែច្រើន​ឬទេ​? 
 
​សម្រាប់​គ្រួសារ​ដែលមាន​ជីវភាព​ធូ​ធារ ការចំណាយ​លើ​ម្ហូបអាហារ​(​ចំណាយ​សម្រាប់​ក្រពះ​), របស់របរ​ប្រើប្រាស់ ទីកន្លែង​កម្សាន្ត គឺជា​រឿង​ដែល​ត្រូវតែ​ធ្វើ និង​ត្រូវ​បន្តធ្វើ​ដើម្បី​សេចក្តីសុខ​ផ្លូវកាយ ផ្លូច​ចិត្ត ឬ​ផ្លូវ​អារម្មណ៍​។ តែ​សម្រាប់​គ្រួសារ​ដែល​នៅ​ខ្វះខាត តើ​ពួកគេ​ត្រូវ​ចំណាយ​ដូច​គ្រួសារ​អ្នក​ធូ​ធារ​ដែរឬទេ​? នេះ គឺជា​សំណួរ​ដែល​អ្នកមាន​ជីវភាព​មធ្យម និង​ក្រោម​មធ្យម​ត្រូវ​ពិចារណា និង​គិតគូរ​ឲ្យ​បាន​ហ្មត់ចត់​មុននឹង​ចំណាយ​ប្រាក់កាស​។ អ្នកជំនាញ​សង្គម​ខ្លះ ផ្តល់យោបល់​ថា គ្រួសារ​ដែលមាន​ជីវភាព​មធ្យម ឬ​ក្រោម​មធ្យម គួរតែ​ចំណាយ​ទៅលើ​អ្វី​ដែលជា​តម្រូវការ​ក្រពះ​ជាមុនសិន​បាន​ហើយ​(​ម្ហូបអាហារ​)​។ រីឯ ការចំណាយ​លើ​តម្រូវការ​ផ្លូវ​អារម្មណ៍​គួរ​ត្រូវ​ទុក​ដោយឡែក​សិន​។ 
 
​ប្រសិនបើ​ជីវភាព​កំពុងតែ​យ៉ាប់យឺន​ហើយ គ្រួសារ​នៅតែ​ប្រឹង​ចំណាយ​លើ​តម្រូវការ​ផ្លូវ​អារម្មណ៍​(​កម្សាន្ត​)​ច្រើន​ហួសហេតុ​ពេក នោះ​ជីវភាព​គ្រួសារ​អាច​នឹង​ដួលរលំ​។ គួរ​បញ្ជាក់ថា ពេលខ្លះ ចំណាយ​ឲ្យ​សប្បាយ​ចិត្តបាន​តែមួយ​ភ្លែត​ទេ តែ​ក្រោយមក បន្ទុក​ជំពាក់​គេ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។ 
 
​សរុបសេចក្តី​មក គ្រួសារ​នីមួយៗ​គួរ​គិតគូរ​ឲ្យ​ច្បាស់​ថា តើ​ពេលណា​គួរ​ចំណាយ​លើ​តម្រូវការ​ក្រពះ​(​អាហារ​) និង​ពេលណា គួរ​ចំណាយ​លើ​តម្រូវការ​ផ្លូវ​អារម្មណ៍​(​ការដើរ​កម្សាន្ត​)៕ 
 

Tag:
 ចំណាយ
© រក្សាសិទ្ធិដោយ thmeythmey.com