កីឡាអន្តរជាតិ
អន្តរជាតិ
លោក​ត្រាំ លោក អូ​បា​ម៉ា លោក គ្លី​ន​តុ​ន សុទ្ធតែ​សោកសៅ​ចំពោះ​មរណភាព​វីរបុរស Kobe Bryant
27, Jan 2020 , 12:25 pm        
រូបភាព
ដោយ: ថ្មីៗ
ឥស្សរជន​នយោបាយ អត្ត​ព​លិ​ក ក៏ដូចជា​បុគ្គល​ល្បីៗ​លើ​ពិភពលោក សុទ្ធតែ​រន្ធត់​អារម្មណ៍​ទាក់ទង​នឹង​មរណភាព​របស់​អតីត​កីឡាករ​បាល់បោះ Kobe Bryant និង​កូនស្រី ជាមួយ​មនុស្ស​៧​នាក់​ទៀត​ក្នុង​គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ នៅ​តំបន់ភ្នំ​នៅ​ក្រុង Calabasas រដ្ឋកា​លី​ហ្វ​នីញ៉ា កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២០​។ លោក ដូ​ណា​ល់ ត្រាំ លោក បា​រ៉ា​ក់ អូ​បា​ម៉ា លោក ប៊ី​ល គ្លី​ន​តុ​ន ស្ថិតក្នុង​ចំណោម​អ្នក​ដែល​បាន​ផ្ញើ​សារ​បង្ហាញ​នូវ​ការសោកស្តាយ​ចំពោះ​មរណភាព​វីរបុរស​បាល់បោះ​។​


​តាមរយៈ Twitter របស់ខ្លួន អតីត​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានចាត់ទុក Kobe Bryant ជា​វីរបុរស​នៅលើ​ទីលាន​ប្រកួត ហើយ​ទើបតែ​ចាប់ផ្តើម​ជីវិត​ដ៏​មានន័យ​បន្ថែមទៀត​។ ការបាត់បង់ Gianna ជា​អារម្មណ៍​ដ៏​សោកសៅ​បន្ថែមទៀត​សម្រាប់​គ្រួសារ​។​



«Michelle និង​ខ្ញុំ សូម​ផ្ញើ​ក្តី​ស្រឡាញ់ និង​ការរំលែក​ទុក្ខ​ចំពោះ​លោកស្រី Vanessa និង​គ្រួសារ​ទាំងមូល​របស់ Bryant នូវ​ពេលវេលា​សោកសៅ​ដែល​មិន​នឹកស្មាន​ដល់​នេះ​»​។ នេះ​ជា​សំណេរ​របស់លោក អូ​បា​ម៉ា​។​

​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ចាត់ទុកជា​ដំនឹង​ដ៏​អាក្រក់​បំផុត​។ លោក​បាន​សរសេរ​សារ​នៅលើ Twitter ជា​បន្តបន្ទាប់​ទាក់ទង​នឹង​ការសោកស្តាយ​របស់លោក​ចំពោះ​ការបាត់បង់ Kobe Bryant និង​កូនស្រី​។​
 


​អតីត​ប្រធានាធិបតី ប៊ី​ល គ្លី​ន​តុ​ន និង​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន អតីតរដ្ឋមន្ត្រី​ការបរទេស​ដែលជា​ភរិយា បាន​គូសបញ្ជាក់ថា Kobe Bryant បាន​នាំ​ភាព​រីករាយ​ដល់​អ្នកគាំទ្រ​កីឡាបាល់បោះ​នៅ Los Angeles បន្ត​ដល់​សហរដ្ឋអាមេរិក និង​ពិភពលោក​ទាំងមូល ហើយ​លោក​បាន​ជួយ​មនុស្ស​ទុរគត និង​ជន​ឥត​ផ្ទះសម្បែង​ជាច្រើន​នាក់​។​



​ក្រៅពី​មេដឹកនាំ និង​អតីត​មេដឹកនាំ​សហរដ្ឋអាមេរិក បុគ្គល​ល្បីៗ​ជាច្រើនរូប​ទៀត សុទ្ធតែ​សម្តែង​នូវ​ការសោកស្តាយ ក្នុងនោះ​មានដូចជា Michael Jordan, Tiger Woods, Bernie Sanders, Joe Biden, Andrew Yang, Alexandria Ocasio-Cortez, Jennifer Lopez, Neymar ជាដើម​។​

Kobe Bryant និង​កូនស្រី Gianna អាយុ​១៣​ឆ្នាំ រួមទាំង​មនុស្ស​៧​នាក់​ផ្សេងទៀត បានចេញ​ដំណើរ​ពី John Wayne Airport ក្នុង Orange County តាម​ឧទ្ធម្ភាគចក្រ Sikorsky S-76 ដែលជា​កម្ម​សិទ្ធ​របស់ Bryant ផ្ទាល់​។ ឧទ្ធម្ភាគចក្រ​នោះ បាន​ធ្លា​ក់នា​អំឡុង​វេលា​ម៉ោង ៩ និង​៤៧​នាទី ព្រឹក​ថ្ងៃទី​២៦ ខែមករា ក្បែរ​កីឡដ្ឋាន Dodger Stadium ក្នុង​តំបន់ Calabasas​។​

​ក្រៅពី Kobe Bryant និង​កូនស្រី សមត្ថកិច្ច​មូលដ្ឋាន​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​ពី​អត្តសញ្ញាណ​ជនរងគ្រោះ​ផ្សេង​ទៀតឡើយ ប៉ុន្តែ​ក្នុងចំណោម​នោះ មាន លោក John Altobelli គ្រូបង្វឹក​កីឡា​បេ​ស្ប​ល៍ ភរិយា​លោក​ឈ្មោះ Keri និង​កូនស្រី Alyssa​។ Alyssa និង Gianna ជា​មិត្ត​រួម​ក្រុម​បាល់បោះ​នៅ​សាលា Mamba Academy​។​

Kobe Bryant ដែល​ក្នុង​បញ្ជី​ឈ្មោះ​ដែលមាន​ទ្រព្យសម្បត្តិ​ច្រើន​លើ​ពិភពលោក ពោល​គឺមាន​ប្រមាណ​៥០០​លាន​ដុល្លារ​អាមេរិក​។ ក្នុង​អាជីព​ជា​កីឡាករ​បាល់បោះ​រយៈពេល​២០​ឆ្នាំ Kobe Bryant ត្រូវបាន​ចាត់ទុកជា​កីឡាករ​ដ៏​អស្ចារ្យ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​។​

​លោក​បានឈ្នះ​មេដាយមាស​អូឡាំពិក​ពីរលើក​សម្រាប់​ក្រុម​ជម្រើសជាតិ​អាមេរិក ហើយ​ជាមួយ​ក្រុម Los Angeles Lakers លោក Bryant បានឈ្នះ​ជើងឯក NBA ៥​សម័យកាល និង​ជាប់​ក្នុង NBA All-Star ១៨​លើក រួមទាំង​ពានរង្វាន់​ជាច្រើន​ទៀត​។​

Kobe Bryant មាន​ភរិយា​ឈ្មោះ Vanessa Cornejo Urbieta ដែល​បច្ចុប្បន្ន​វ័យ​៣៧​ឆ្នាំ​។ ពួកគេ​បាន​រៀបការ​នៅ​ឆ្នាំ​២០០១ និង​មាន​កូនស្រី​៤​នាក់​។ កូនច្បង Natalia Diamnante កើត​នៅ​ខែមករា ឆ្នាំ​២០០៣, Gianna Maria-Onore ដែល​ស្លាប់​នោះ កើត​នៅ​ខែឧសភា​ឆ្នាំ​២០០៦, Bianka Bella កើត​នៅ​ខែធ្នូ ឆ្នាំ​២០១៦ និង​Capri Kobe កើត​នៅ​ខែមិថុនា ឆ្នាំ​២០១៩ ។​
 


​ក្រោយ Bryant ប្រកាស​ចូលនិវត្តន៍​កាលពី​ឆ្នាំ​២០១៥ អ្នកស្រី Vanessa បាន​ថ្លែងថា អ្នកស្រី​ពិតជា​រីករាយ​ដោយបាន​ចាប់ផ្តើម​ជីវិត​គ្រួសារ​ដ៏​រីករាយ​។ ប៉ុន្តែ​ពេលនេះ គាត់​ត្រូវ​ក្លាយជា​ស្ត្រី​មេម៉ាយ​ដោយមាន​កូនស្រី​ដល់​ទៅ​៤​នាក់​ក្នុងបន្ទុក​៕


© រក្សាសិទ្ធិដោយ thmeythmey.com