សុខភាព
អន្តរជាតិ
កូ​រ៉ូ​ណាវី​រុស​៖ អ្នកស្លាប់​នៅ​ចិន​មាន​៨១​នាក់ ខណៈ​អាមេរិក និង​អូ​ស្ត្រា​លី​រកឃើញ​ករណី​ទី​៥
27, Jan 2020 , 2:37 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ: រួបរួម
​គិត​ត្រឹម​វេលា​ម៉ោង​២ រសៀល​ថ្ងៃ​ចន្ទ ទី​២៧ ខែមករា នេះ តួលេខ​អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (​កូ​រ៉ូ​ណាវី​រុស​) ឡើងដល​៨១​នាក់ ដែល​ស្ថិតនៅ​ក្នុងប្រទេស​ចិន​ទាំងអស់​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​។​

 
​ជាមួយនឹង​ចំនួន​អ្នកស្លាប់​កើន​ដល់​៨១​នាក់ អ្នកជំងឺ​ដែល​ត្រូវ​ពិនិត្យឃើញ​វត្តមាន​កូ​រ៉ូ​ណាវី​រុស កើន​ដល់​ជាង​២៨០០​នាក់ ដោយ​ភាគច្រើនបំផុត​ស្ថិតក្នុង​ប្រទេស​ចិន​។ សហរដ្ឋអាមេរិក និង​អូស្ត្រាលី បាន​ពិនិត្យឃើញ​អ្នកជំងឺ​ទី​៥​នៅ​ប្រទេស​រៀងៗ​ខ្លួន​។​
 
​ដូច​ករណី​៤​នាក់​កន្លងមក​ផងដែរ អ្នកជំងឺ​ទី​៥​នៅ​សហរដ្ឋអាមេរិក គឺជា​អ្នកដំណើរ​ពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន​។ រីឯ​នៅ​អូស្ត្រាលី អ្នកជំងឺ​ទី​៥ គឺជា​និស្សិត​ស្រី​វ័យ​២១​ឆ្នាំ​ម្នាក់​ពី​សាកលវិទ្យាល័យ New South Wales ដែល​បានធ្វើ​ដំណើរ​ពី​វូ​ហាន ទៅ​ស៊ីដនី តាម​ជើងហោះហើរ China Eastern MU749 កាលពី​ថ្ងៃទី​២២ ខែមករា​។​
 
​ក្រៅ​ចិន  និង​តំបន់​ស្វយ័ត​របស់​ចិន​ដូចជា​ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់ ក៏ដូចជា​អូស្ត្រាលី និង​សហរដ្ឋអាមេរិក ប្រទេស​ផ្សេងទៀត​ដែលមាន​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស មាន​ថៃ  ជប៉ុន ម៉ាឡេស៊ី សិង្ហ​បុរី កូរ៉េខាងត្បូង បារាំង វៀតណាម និង​ណេ​ប៉ាល់​៕

Tag:
 កូ​រ៉ូ​ណាវី​រុស​
© រក្សាសិទ្ធិដោយ thmeythmey.com