ជាតិ
លោក នេត្រ ភក្ត្រា​៖ មាន​ជនខិលខូច​ប្រើ​យុទ្ធសាស្ត្រ​ឈ្នះ បាន​ដី ចាញ់​បាន​លុយ ក្នុង​រឿង​កាន់កាប់​ដី​រដ្ឋ​
27, Jan 2020 , 3:19 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋលេខា​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ហាម​ពលរដ្ឋ​ទៅ​ទិញ​ដី ឬ​ឈូសឆាយដី​យក​ធ្វើជា​កម្មសិទ្ធិ នៅក្នុង​តំបន់ហាមឃាត់​របស់រ​ដ្ឋ ដែល​នាំ​តែមាន​បញ្ហា​ខាតបង់​នោះទេ ព្រោះ​ក្រសួង​មិន​ទទួលស្គាល់​លិខិត​កម្មសិទ្ធិ​ដីធ្លី​នេះឡើយ​។ លោក នេត្រ ភក្ត្រា ថ្លែង​បែបនេះ ក្រោយពី​មាន​ជនខិលខូច​ប្រើ​យុទ្ធសាស្ត្រ​ថ្មី ទាញយក​ប្រយោជន៍​ពី​សំណុំរឿង​ដីធ្លី​នេះ​។​



«​កន្លងទៅ​ក្រុម​ជនខិលខូច​មួយចំនួន បាន​ប្រើ​យុទ្ធសាស្ត្រ​ឈ្នះ​បាន​ដី ចាញ់​បាន​លុយ កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់ ដោយ​ការទន្ទ្រាន​កាន់កាប់​ដីធ្លី​ខុសច្បាប់​»​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​លេខា​ក្រសួងបរិស្ថាន ដែល​បាន​បន្ថែមថា ក្រុម​ជនខិលខូច​ទាំងនោះ ក៏បាន​ញុះញង់​ឱ្យ​ពលរដ្ឋ​ចូលទៅ​ទន្ទ្រាន​ដី​រដ្ឋ​យក​ធ្វើជា​កម្ម​សិទ្ធ​ហើយ លក់​ទៅឱ្យ​ពួកគេ​(​ជនខិលខូច​) នៅក្នុង​តម្លៃថោក​ទៀតផង​។ ត្រង់ចំណុច​នេះ​លោក នេត្រ ភក្ត្រា ចង់​សង្កត់ធ្ងន់ថា នៅពេលដែល​ក្រុម​ជនខិលខូច ទិញ​ដី​ពី​ពលរដ្ឋ​យកមក​កាន់កាប់​ហើយ ប៉ុន្តែ​ដី​ទាំងនោះ ត្រូវបាន​រដ្ឋ​រឹបអូស​វិញ ដោយសារ​ជា​សម្បត្តិ​រដ្ឋ ឬ​ស្ថិតនៅក្នុង​តំបន់​ការពារ​នោះ វា​ក៏​កើត​មានរឿង​ទំនាស់​ដីធ្លី​ជាមួយ​រដ្ឋ​តែម្ដង​។  


 
​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី «​វឌ្ឍនភាព​ក្រសួងបរិស្ថាន និង​បច្ចុប្បន្នភាព​នៃ​ស្ថានភាព គុណភាព​ខ្យល់​នៅ​កម្ពុជា​» នៅ​ព្រឹក​ថ្ងៃទី​២៧ មករា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​កន្លែង​ខ្លះ ក្រុម​មេក្លោង​មួយចំនួន បាន​ជួល​ប្រជាពលរដ្ឋ​ស្លូតត្រង់​ក្នុង​មួយថ្ងៃ (​តម្លៃ​)១០​ម៉ឺន ឬ​ទៅ​២០​ម៉ឺន​រៀល ដើម្បី​ចូលកាន់​កាប់​ដី​មានកម្ម​សិទ្ធិ​រួចហើយ​»​។ 
​ដោយសារ​មើលឃើញ​ពី​បញ្ហា​នេះ ទើប​លោក នេត្រ ភក្ត្រា ស្នើឱ្យ​ប្រជាពលរដ្ឋ និង​ក្រុម​ជនខិលខូច បញ្ឈប់​សកម្មភាព​ជាប​ន្ទា​ន់ ក្នុងការ​ទាញ​ប្រយោជន៍​ពី​រឿង​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់ តាមរយៈ​ការប្រើ​យុទ្ធសាស្ត្រ​«​ឈ្នះ​បាន​ដី ចាញ់​បាន​លុយ​»​នេះ​។​
 
​កន្លងមក​ក្រសួងបរិស្ថាន និង​អាជ្ញាធរ​ពាក់ព័ន្ធ ក៏បាន​ចាប់ខ្លួន​ខិលខូច​ដែល​ប្រព្រឹត្ត​បទល្មើស​កាន់កាប់​ដី​រដ្ឋ​ខុសច្បាប់​ជាច្រើន​ករណី បញ្ជូន​តុលាការ ដើម្បី​ចាត់វិធានការ​តាមច្បាប់​ផងដែរ​។ បទល្មើស​ដីធ្លី​នេះ ភាគច្រើន​កើតឡើង​នៅក្នុង​ខេត្ត​ព្រះសីហនុ ព្រះវិហារ កំពង់ធំ បាត់ដំបង ពោធិ៍សាត់ និង​កំពង់ស្ពឺ​ជាដើម​។ នេះ​បើតាម​រដ្ឋលេខា​ក្រសួងបរិស្ថាន​។​
 
«​ក្រសួងបរិស្ថាន សូម​គូសបញ្ជាក់​ជាថ្មី​ថា គ្មាន​ជនណាម្នាក់​មាន​សិទ្ធិ​កាន់កាប់​ដីធ្លី ទិញ​ឬ​លក់​ដីធ្លី​នៅក្នុង​ឧទ្យាន​ជាតិ តំបន់ការពារធម្មជាតិ និង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​នៅតាម​បណ្ដា​ខេត្ត​នានា​បានឡើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក នេត្រ ភក្ត្រា ដែល​បាន​ស្នើឱ្យ​ពលរដ្ឋ​ឈប់​ចាញ់បោក​មេខ្យល់ ឬ​ក្រុម​ជនខិលខូច ដោយ​នាំគ្នា​ទៅ​ទិញ​ដី ឬ​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ ព្រោះ​រដ្ឋ​មិន​ទទួលស្គាល់​ឡើយ​៕

Tag:
 នេត្រ ភក្ត្រា​
  ដីធ្លី​
  បរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com