សុខភាព
អន្តរជាតិ
ថៃ​ត្រៀម​ជម្លៀស​ពលរដ្ឋ​ខ្លួន​ចេញពី​ក្រុង​វូ​ហាន ប៉ុន្តែ​ចិន​ថា កុំ​ព្រួយបារម្ភ​...
27, Jan 2020 , 4:52 pm        
រូបភាព
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា។ រូបភាព៖ AFP
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា។ រូបភាព៖ AFP
​បន្ទាប់ពី​កូ​រ៉ូ​ណាវី​រុស​នៅក្នុង​ប្រទេស​ចិន កាន់​តែមាន​សភាព​ធ្ងន់ធ្ងរ​ឡើង ជាពិសេស​នៅក្នុង​ក្រុង​វូ​ហាន ដែលមាន​អ្នកស្លាប់ និង​អ្នក​ឆ្លង​វីរុស​ប្រភេទ​នេះ​កាន់តែច្រើន ប្រមុខ​រដ្ឋាភិបាល​ថៃ លោក​ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​២៧ បាន​អះអាងថា រដ្ឋាភិបាល​របស់លោក បាន​ត្រៀម​យន្តហោះ​រួចរាល់​ហើយ ដើម្បី​ជម្លៀស​ប្រជាជន​ចេញពី​ក្រុង​វូ​ហាន ប៉ុន្តែ​ត្រូវ​រដ្ឋាភិបាល​ចិន​បដិសេធ​។

 
​គិត​មក​ត្រឹម​ពេលនេះ អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស បាន​កើន​ឡើងដល់​៨១​នាក់ ខណៈពេល​អ្នកជំងឺ​ផ្ទុក​វីរុស​ប្រភេទ​នេះ បាន​កើន​ឡើងដល់​២៨០០​នាក់​ហើយ​។ បន្ថែម​ពីលើ​នេះ វីរុស​ប្រភេទ​នេះ ក៏បាន​ទៅដល់​តំបន់​ផ្សេង​ផងដែរ​ក្រៅពី​ប្រទេស​ចិន​ដូចជា ថៃ វៀតណាម ជប៉ុន អាមេរិក អូស្ត្រាលី កូរ៉េខាងត្បូង កាណាដា ម៉ាឡេស៊ី សិង្ហ​បុរី បារាំង និង​ណេ​ប៉ាល់​, ម៉ា​កាវ​, ហុងកុង​, តៃវ៉ាន់​ជាដើម​។ 
 
​ដើម្បី​ការពារ​សុវត្ថិភាព​ប្រជាជន​របស់ខ្លួន រដ្ឋាភិបាល​ថៃ បានចេញ​បញ្ជា​ជម្លៀស​ប្រជាជន​របស់ខ្លួន​តាំងពី​ខែធ្នូ ឆ្នាំ​២០១៩​មក​ម្លេះ ចំណែក​ក្រុម​វេជ្ជបណ្ឌិត និង​កា​រៀបចំ​ជើងហោះហើរ​ក៏បាន​ត្រៀម​រួចរាល់​ដែរ​។ ជាពិសេស បញ្ជី​ឈ្មោះ​ប្រជាជន​ថៃ ដែល​ចង់​ត្រលប់មក​ស្រុកកំណើត​វិញ ស្ថានទូត​ថៃ​ប្រចាំ​នៅ​ចិន ក៏បាន​ធ្វើ​រួចរាល់​អស់​ដែរ​។ នេះ​បើតាម​ការអះអាង​របស់​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ ថ្លែង​ពី​ខេត្ត Nakhon Nayok​។​
 
​ប៉ុន្តែ​គម្រោង​ជម្លៀស​នេះ ត្រូវ​ផ្អាក​បណ្តោះអាសន្ន​សិន ព្រោះ​រដ្ឋាភិបាល​ចិន​បដិសេធ ដោយ​សំអាងថា​ទីក្រុង​ប៉េកាំង អាច​គ្រប់គ្រង​ស្ថានការណ៍​បាន ហើយ​ការជម្លៀស​ប្រជាជន​ថៃ ក៏​មិនចាំបាច់​ដែរ​។ បើតាម​លោក ប្រា​យុទ្ធ ថៃ​មាន​របាយការណ៍​គ្រប់គ្រាន់​ហើយ​នៅក្នុង​ដៃ ក្នុងការ​ជម្លៀស​ប្រជាជន ចំណែក​ការប្រកាស​ផ្សេងទៀត នឹងធ្វើ​ឡើង​នៅពេល​ក្រោយ​។ ទន្ទឹមនេះ លោកនាយក​រដ្ឋមន្ត្រី​ថៃ បាន​បន្ថែមទៀតថា មជ្ឈមណ្ឌល​មួយចំនួន នឹងត្រូវ​បង្កើតឡើង​នាពេលខាងមុខ ដើម្បី​ដោះស្រាយ​បញ្ហា​ជម្លៀស​ប្រជា​ជននេះ​។​
 
​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​សុខាភិបាល​សាធារណៈ លោក Anutin Charnvirakul បាន​អះអាង​នៅ​ថ្ងៃទី​២៧ ខែមករា ថា ជនជាតិ​ថៃ ដែល​រស់នៅក្នុង​ក្រុង​វូ​ហាន​មាន​ចំនួន ២០០ ទៅ ៣០០​នាក់​។ លោក​បាន​អះអាង​ទៀតថា ដើម្បី​ទប់ស្កាត់​ការរីក​សាយភាយ​កូ​រ៉ូ​ណា​វីរុស​មក​ក្នុងប្រទេស ថៃ​បាន​ផ្អាក​ជើងហោះហើរ ពី​ទីក្រុង​ទាំងអស់​របស់​ចិន ដែល​បាន​ឆ្លង​វីរុស​ថ្មី​នេះ​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​បាងកក​ប៉ុស្តិ៍​។​
 
​សូមបញ្ជាក់ថា ប្រសិនជា​មានការ​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​វូ​ហាន​មែន មេបញ្ជាការ​កងទ័ព​ជើង​អាកាស​ថៃ លោក Manat Wongwat នឹង​ចេញ​បញ្ជា​ឲ្យ​យន្តហោះ ប្រភេទ C-130 ជាច្រើន​គ្រឿង ទៅ​ជម្លៀស​ប្រជាជន​ថៃ​។ យន្តហោះ​ប្រភេទ​នេះ ប្រើពេល​តែ ៥​ម៉ោង​ប៉ុណ្ណោះ​ពី​ថៃ ទៅ​ក្រុង​វូ​ហាន​។ គិត​មក​ត្រឹម​ពេលនេះ ថៃ​បាន​រកឃើញ ៨​ករណី​ហើយ ខណៈពេល​អ្នកជំងឺ ៥​នាក់ បានជា​សះស្បើយ និង​៣​នាក់​ទៀត កំពុង​ស្ថិតក្រោម​ការព្យាបាល​យ៉ាង​ដិតដល់​៕

Tag:
 ថៃ​
  ចិន​
  កូ​រ៉ូ​ណាវី​រុស​
© រក្សាសិទ្ធិដោយ thmeythmey.com