ជាតិ
សង្គមជាតិ
កូរ៉ូណាវីរុស៖ រដ្ឋមន្ត្រីអប់រំប្រាប់គ្រប់សាលាឲ្យយកចិត្តទុកដាក់ណែនាំសិស្ស
× ភ្នំពេញ៖ នាការបើកបាឋកថាស្តីពី «កំណែទម្រង់កម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀន»នៅថ្ងៃទី២៧ ខែមករា លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ឲ្យគ្រប់គ្រឹះស្ថានសិក្សាទូទាំងរាជធានីខេត្ត ត្រៀមការពារសិស្សដោយឲ្យសិស្សលាងដៃ និងពាក់ម៉ាស់ជាប្រចាំ ដើម្បីជៀសវាងការឆ្លងកូរ៉ូណាវីរុស។
លោក ហង់ ជួន ណារ៉ុន បានបញ្ជាក់ថា ថ្វីដ្បិតកម្ពុជាមិនទាន់ឆ្លង កូរ៉ូណាវីរុសក៏ដោយ ក៏ក្រសួងអប់រំ នៅតែណែនាំឲ្យសាលានីមួយត្រូវត្រៀមលក្ខណៈទុកជាមុន ដើម្បីការពារកុំឲ្យសិស្សានុសិស្សឆ្លងជំងឺដែលបង្កឡើងដោយវីរុសកូរ៉ូណា។
រដ្ឋមន្ត្រីក្រសួងអប់រំបានលើកឡើងដូច្នេះថា៖«ខ្ញុំស្នើសុំឲ្យគ្រប់គ្រឹះស្ថានសិក្សាទាំងអស់ អប់រំ ផ្សព្វផ្សាយ បុគ្គលិកអប់រំនិងសិស្សានុសិស្សត្រៀមខ្លួនឲ្យបានល្អ ពីការពារជំងឺឆ្លងនេះ»។
នាព្រឹកថ្ងៃទី២៧ ខែមករា សិស្សវិទ្យាល័យព្រះស៊ីសុវត្ថិបាននាំគ្នាពាក់ម៉ាស់ និងលាងសម្អាតដៃមុនចូលរៀន ដើម្បីការពារ «កូរ៉ូណាវីរុស»។
គិតត្រឹមថ្ងៃទី២៧ ខែមករា កូរ៉ូណាវីរុសនេះ បានឆ្លងលើមនុស្សប្រមាណ២៨០០នាក់ ហើយអ្នកស្លាប់កើនដល់៨១នាក់នៅប្រទេសចិន។ ក្រៅពីចិន ប្រទេស និងតំបន់ផ្សេងទៀត ដែលមានករណីរាលដាលរួមមាន ថៃ ហុងកុង ម៉ាកាវ តៃវ៉ាន់ សិង្ហបុរី ម៉ាឡេស៊ី អាមេរិក ជប៉ុន វៀតណាម កូរ៉េខាងត្បូង អូស្ត្រាលី បារាំង ណេប៉ាល់ និងកាណាដា៕
Tag:
សិស្ស
គ្រឹះស្ថានសិក្សា
អប់រំ
សុខភាព
កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com