អន្តរជាតិ
​ដោយ​ពុំទាន់​រកឃើញ​កូ​រ៉ូ​ណាវី​រុស ម៉ុង​ហ្គោ​លី​បិទ​ច្រកព្រំដែន​ជាមួយ​ចិន​
27, Jan 2020 , 10:19 pm        
រូបភាព
លោកឧបនាយករដ្ឋមន្ត្រីម៉ុងហ្គោលី Enkhtuvshin Ulziisaikhan ថ្លែងនាពេលកន្លងទៅ (Xinhua)
លោកឧបនាយករដ្ឋមន្ត្រីម៉ុងហ្គោលី Enkhtuvshin Ulziisaikhan ថ្លែងនាពេលកន្លងទៅ (Xinhua)
ដោយ:
​អាជ្ញាធរ​ម៉ុង​ហ្គោ​លី បានប្រកាស​បិទ​ច្រកព្រំដែន​ជាមួយ​ចិន ដោយ​ពុំ​អនុញ្ញាត​ឲ្យ​អ្នកបើកបរ​រថយន្ត ឬ​អ្នក​ថ្មើរជើង​ណា​ម្នាក់​ឆ្លងកាត់​បានឡើយ​។ ម្យ៉ាងទៀត ទោះ​មិនទាន់​រកឃើញ​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស​ដែល​បង្ក​ទៅជា​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី ម៉ុង​ហ្គោ​លី បាន​ដាក់ចេញ​វិធានការ​ក្តៅ រួមមាន ការបិទ​សាលា​ជា​បណ្តោះអាសន្ន និង​ផ្អាក​ព្រឹត្តិការណ៍​សាធារណៈ​ទាំងអស់​ដើម្បី​ទប់ស្កាត់​វីរុស​ដ៏​កាច​សាហាវ​មួយ​នេះ​ពី​ការឆ្លង​រាតត្បាត​មកដល់​ទឹកដី​ខ្លួន​។

 
​ការប្រកាស​របស់​រដ្ឋា​ភិ​បាល​ម៉ុង​ហ្គោ​លី អាច​ចាត់ទុកបាន​ថា​ជា​ចំណាត់ការ​ធ្ងន់ធ្ងរ​បំផុត​មួយ ដែល​ត្រូវបាន​ដាក់ចេញ​ដោយ​ប្រជាជាតិ​នានា​ជុំវិញ​ក្តី​ក​ខ្វល់​ពាក់ព័ន្ធ​នឹង​កូ​រ៉ូ​ណា​វីរុស​នេះ ដែល​កំពុង​រាតត្បាត​យ៉ាង​លឿន​រហ័ស​ពាសពេញ​ប្រទេស​ចិន​។  បច្ចុប្បន្ននេះ ប្រទេស ម៉ុង​ហ្គោ​លី ពុំទាន់​រកឃើញ​ករណី​វីរុស​ដែល​បង្ក​ទៅជា​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ​នៅឡើយ​ទេ ខណៈ​ប្រទេស​មួយចំនួន បាន​រកឃើញ​ករណីនេះ រួមមាន ក្នុង​តំបន់​អឺរ៉ុប អាស៊ី និង​សហរដ្ឋអាមេរិក​។ 
 
«​អ្នក​ថ្មើរជើង និង​អ្នកបើក​របរ​យានយន្ត​គ្រប់​ប្រភេទ ត្រូវបាន​ហាមឃាត់​ពី​ការឆ្លងកាត់​ចូលទៅក្នុង​ព្រំដែន​របស់​ចិន​»​។ ឧបនាយករដ្ឋមន្ត្រី​ម៉ុង​ហ្គោ​លី លោក Enkhtuvshin Ulziisaikhan លើកឡើង​បែបនេះ នៅ​ថ្ងៃអាទិត្យ ២៦ ខែមករា ដោយ​សង្កត់ធ្ងន់​ទៀតថា សាលារៀន និង​សាកលវិទ្យាល័យ នឹងត្រូវ​បិទទ្វារ រហូតដល់​ថ្ងៃទី ៣ ខែមីនា ឆ្នាំ​២០២០ អម​ជាមួយនឹង​ទីកន្លែង​សាធារណៈ​មួយចំនួន​ផ្សេងទៀត​ផងដែរ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក បញ្ជាក់ទៀតថា ព្រឹត្តិការណ៍​សាធារណៈ ក៏ត្រូវ​ហាមឃាត់​ពី​ការ​ប្រារព្ធ​ធ្វើ​ផងដែរ​។ ត្រង់ចំណុច​នេះ លោក​ឧបនាយករដ្ឋមន្ត្រី​តៃវ៉ាន់​រូបនេះ ចង់​សំដៅ​ទៅលើ ការរៀបចំ​សន្និសីទ ការប្រមូលផ្តុំ​គ្នា​ជា​សាធារណៈ ដូចជា កីឡា ដំណើរ​កម្សាន្ត ឬ​ការកម្សាន្ត​ជាដើម ហើយក៏​ជាការ​កម្មវិធី​ប្រកួតប្រជែង​នានា​។ លោក​ឧបនាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា ការសម្រេចចិត្ត​ចាត់​ចំណាត់ការ​ខ្លាំងៗ​បែបនេះ ធ្វើឡើង​ព្រោះតែ​រកឃើញ​មាន​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​ក្នុង​តំបន់ Inner Mongolia ដែល​ជាប់​ក្បែរ​ខាង​នឹង​ប្រទេស​ម៉ុង​ហ្គោ​លី​។​
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ថ្ងៃ​ចន្ទ ២៧ ខែមករា ការស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​ក្នុងប្រទេស​ចិន បាន​កើន​ឡើងដល់ ៨១ នាក់ ហើយ​មាន​ករណី​ឆ្លង​សរុប ២៨០០​នាក់ ដោយ​ភាគច្រើន​គឺ​ស្ថិត​ក្នុងប្រទេស​ចិន​។​
 
​ក្រៅពី​ម៉ុង​ហ្គោ​លី ម៉ាឡេស៊ី ក៏​ប្រកា​សបិទ​ការហោះហើរ​ពី​ទីក្រុង​វូ​ហាន និង​ខេត្ត​ហ៊ូ​ប៉ី​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​។ ដែនដី​ហុងកុង​វិញ ក៏មាន​ចាត់វិធានការ​ដូចគ្នានេះ​ដែរ ខណៈ​ទីក្រុង​ម៉ា​កាវ ណែនាំ​ឲ្យ​ដំណើរ​ពី​វូ​ហាន​មាន​លិខិតបញ្ជាក់​ពី​សុខភាព​សិន មុននឹង​អនុញ្ញាត​ឲ្យ​ចូល​តំបន់​ខ្លួន​៕

Tag:
 ចិន​
  ម៉ុង​ហ្គោ​លី​
  កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com