អន្តរជាតិ
បញ្ជា​តុលាការអន្តរជាតិ និង​ទណ្ឌកម្មសេដ្ឋកិច្ច​របស់​អឺរ៉ុប នឹង​រុញ​មី​យ៉ាន់​ម៉ា​ឲ្យ​ខិត​ទៅរក​ចិន​
28, Jan 2020 , 8:29 am        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង( ខាងឆ្វេង) ចាប់ដៃជាមួយ រដ្ឋមន្រ្តីការបរទេស និងទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី។ រូបភាព៖ Xinhua
ប្រធានាធិបតីចិន ស៊ី ជិនភីង( ខាងឆ្វេង) ចាប់ដៃជាមួយ រដ្ឋមន្រ្តីការបរទេស និងទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី។ រូបភាព៖ Xinhua
​បទបញ្ជា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ និង​ទណ្ឌកម្ម​ពាណិជ្ជកម្ម​លើ​ទីក្រុង​ណៃ​ពិដោ នឹង​រុញ​មី​យ៉ាន់​ម៉ា ឲ្យ​កាន់តែ​ខិត​ទៅរក​ចិន​ខ្លាំង​ជាង​មុន និង​ប្រទេស​អាស៊ី​ដទៃទៀត​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Bloomberg នា​ថ្ងៃទី ២៧ ខែមករា​។


 
​នា​ថ្ងៃទី​២៣ ខែមករា​តុលាការ​យុត្តិធម៌​អន្តរជាតិ បានចេញ​បញ្ជា​ឲ្យ​មី​យ៉ាន់​ម៉ា​ទម្លាក់​ចោលការ​ធ្វើទុក្ខបុកម្នេញ អំពើហិង្សា អំពើ​ប្រល័យពូជសាសន៍​លើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។ លើសពីនេះ អឺរ៉ុប​ក៏បាន​ព្រមាន​ពី​ការដាក់ទណ្ឌកម្ម​លើ​មី​យ៉ាន់​ម៉ា​ផងដែរ​។ 
 
​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​មី​យ៉ាន​ម៉ា Than Myint បាន​ព្រមាន​យ៉ាង​ដូច្នេះ​ថា​៖ « ទណ្ឌកម្ម​របស់​ប្រទេស​លោកខាងលិច​កាន់តែច្រើន​មកលើ​យើង មី​យ៉ាន់​ម៉ា​នឹងមាន​លទ្ធភាព​កាន់តែច្រើន ក្នុងការ​ពង្រីក​ទំនាក់ទំនង​ជាមួយ​សម្ព​ន្ធ​មិត្ត​អាស៊ី​»​។ ក្នុងនេះ​ន័យ​នេះ មី​យ៉ាន់​ម៉ា នឹង​បើកទ្វារ​ចាំ​ទទួល​អ្នកវិនិយោគ​ទាំងអស់​។​
 
​បើតាម​ការបញ្ជា​ក់រប​ស់លោក​រដ្ឋមន្ត្រី មី​យ៉ាន់​ម៉ា​ធ្លាប់បាន​បញ្ជាក់ប្រាប់​អឺរ៉ុប​រួចហើយ​ថា កុំ​បារម្ភ​ពី​បញ្ហា​រកស៊ី​នៅ​ប្រទេសមួយ​នេះ ប៉ុន្តែ​បើ​ក្រុមហ៊ុន​ទាំងនោះ នៅតែ​មិន​ទុកចិត្ត​ទៀត វា​គឺជា​រឿង​របស់គេ ហើយ​មី​យ៉ាន់​ម៉ា ក៏​មិនដឹង​ធ្វើ​យ៉ាងណាដែរ ពោលគឺ​មី​យ៉ាន់​ម៉ា មានតែ​សហការ​រកស៊ី​ជាមួយ​បណ្តា​ប្រទេស​នៅ​អាស៊ី​។ 
 
​ចិន​អាចជា​ដៃគូ​មួយ​ដ៏​សំខាន់​សម្រាប់​មី​យ៉ាន់​ម៉ា​។ ជាក់ស្តែង​តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី ស៊ី ជិន​ភីង​នៅ​ដើមខែ​មករា ឆ្នាំ ២០២០​នេះ ចិន និង​មី​យ៉ាន់​ម៉ា បាន​ចុះហត្ថលេខា​៤ ឬ​៥​គម្រោង ដែល​ទាក់ទិន​ទៅនឹង​គំនិត​ផ្តួចផ្តើម​«​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​»​។ ប៉ុន្តែ​បញ្ហា​នេះ​ត្រូវបាន គេ​មើលឃើញថា​មី​យ៉ាន់​ម៉ា អាច​ធ្លាក់​ក្នុង «​អន្ទាក់​បំណុល​» របស់​ចិន​។ ជាការ​ឆ្លើយតប រដ្ឋមន្ត្រី​រូបនេះ បានបញ្ជាក់​ថា​មី​យ៉ាន់​ម៉ា ចេះ​មើល​មេរៀន​ពី​ប្រទេស​ដ៍ទៃ និង​គ្រប់គ្រង​បំណុល​ខ្លួនឯង​ហើយ​។ 
 
​ក្រៅពីនេះ លោក Than Myint ក៏បាន​លើកឡើង​ពី​បញ្ហា​បាត់បង់​សិទ្ធិ​ពាណិជ្ជកម្ម​ពិសេស ជាមួយ​អ៊ឺរ៉ុប​ផងដែរ​។ លោក​រដ្ឋមន្ត្រី បាន​អះអាងថា ប្រសិនបើ​មី​យ៉ាន់​ម៉ា បាត់បង់​ឯកសិទ្ធិ​ពាណិជ្ជកម្ម​នេះ​មែន ក្រុមហ៊ុន​ច្រើន នឹង​បង្វែរ​គោលដៅ​វិនិយោគ​ពី​មី​យ៉ាន​ម៉ា ហើយ​វា​នឹង​ប៉ះពាល់​ដល់ក​ម្មករ​រោងចក្រ និង​មនុស្ស​ជាច្រើន​នាក់​ទៀតផង​ដែរ ៕

Tag:
 មី​យ៉ាន់​ម៉ា​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com