ជាតិ
អាជ្ញាធរស្រុកសេសាន ចង់ឲ្យព្រៃសហគមន៍ «ភ្នំតាគង់» ក្លាយទៅជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ
× ភ្នំពេញ៖ អភិបាលស្រុកសេសាន លោក សុវណ្ណ ពិសេដ្ឋ សហការជាមួយអង្គការ និងសហគមន៍ នឹងរៀបចំព្រៃសហគមន៍ភ្នំតាគង់ ឲ្យក្លាយជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ នៅក្នុងឆ្នាំនេះ។ នេះបើតាមចុះផ្សាយរបស់គេហទំព័រក្រសួងព័ត៌មាន។
កាលពីថ្ងៃទី ២៥ មករា លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន រួមទាំងមន្ត្រី ព្រះសង្ឃ តំណាងសហគមន៍ បានចុះល្បាត និងសិក្សាពីសក្ដានុពលទេសចរណ៍ក្នុងតំបន់ព្រៃសហគមន៍ «ភ្នំតាគង់»។ ព្រៃសហគមន៍ភ្នំតាគង់ មានទីតាំងស្ថិតនៅភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលមានផ្ទៃដីជាង ៥០០ហិកតា។
គេហទំព័រក្រសួងព័ត៌មាន បានដកស្រង់សម្ដីលោក សុវណ្ណ ពិសេដ្ឋ យ៉ាងដូច្នេះ៖ «ផ្ទៃដីជាង៥០០ហិកតារបស់ព្រៃសហគមន៍ភ្នំតាគង់ មានសក្តានុពលទៅលើវិស័យទេសចរណ៍ ហើយអាជ្ញាធរស្រុក សហការជាមួយអង្គការភូមិខ្ញុំ រៀបចំជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ នៅក្នុងឆ្នាំនេះ»។ លោកអភិបាលស្រុក បន្ថែមថា ការរៀបចំនេះ នឹងធ្វើឲ្យមានផ្លូវជិះកង់ ឬម៉ូតូសម្រាប់ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តតាមព្រៃសហគមន៍ ដើម្បីរកប្រាក់ចំណូលដល់ប្រជាសហគមន៍ពីវិស័យទេសចរណ៍។
តាមរយៈការរៀបចំទៅជារមណីយដ្ឋាននេះ នឹងចូលរួមថែរក្សា និងអភិរក្សធនធានព្រៃឈើ។ សូមបញ្ជាក់ថា ព្រៃសហគមន៍ភ្នំតាគង់នេះ មានសមាជិកជាង ៣០០គ្រួសារ កំពុងសហការគ្នាអភិរក្ស និងទទួលផលពីព្រៃឈើ ដូចជា ទឹកឃ្មុំព្រៃ, វល្លិ, ផ្ដៅ, បន្លែធម្មជាតិ និងឱសថបុរាណមួយចំនួនផងដែរ៕
Tag:
សេសាន
ព្រៃ
ទេសចរណ៍
សហគមន៍
© រក្សាសិទ្ធិដោយ thmeythmey.com