ជាតិ
សុខភាព
បុរសចិនផ្ទុកកូរ៉ូណាវីរុស បានស្នាក់នៅសណ្ឋាគារ២នៅខេត្តព្រះសីហនុ កម្ពុជាពង្រឹងការត្រួតពិនិត្យ និងស្កែននៅតាមអាកាសយានដ្ឋាន និងច្រកទ្វារព្រំដែន
× បុរសជនជាតិចិនឈ្មោះ Jia Lianhua ត្រូវបានប្រកាសថាមានករណីវិជ្ជមានវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV)។ ក្រោយសន្និសីទសារព័ត៌មានដែលដឹកនាំដោយលោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក្រសួងសុខាភិបាល បានផ្តល់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងដំណើររបស់អ្នកជំងឺវ័យ៦០ឆ្នាំរូបនេះនៅកម្ពុជា។
លោក Jia Jianhua បានធ្វើដំណើរតាមជើងហោះហើរត្រង់ពីក្រុងវូហាន ប្រទេសចិន មកដល់ខេត្តព្រះសីហនុ ជាមួយសមាជិកគ្រួសារបីនាក់ទៀត កាលពីវេលាព្រឹកថ្ងៃទី២៣ ខែមករា ហើយចេញរោគសញ្ញានៅពីរថ្ងៃបន្ទាប់ ដោយមានអាការៈគ្រុនក្តៅ និងហៀរសំបោរ។
ពេលចុះពីអាកាសយានដ្ឋានខេត្តព្រះសីហនុ អ្នកជំងឺ និងក្រុមគ្រួសារ បានជិះតាក់ស៊ី ហើយស្នាក់នៅសណ្ឋាគារឯករាជ្យរយៈពេល២យប់ មុនបន្តទៅស្នាក់នៅសណ្ឋាគារគ្វីនកូ (Queenco Hotel) នៅរសៀលថ្ងៃទី២៥ ខែមករា។
របាយការណ៍ក្រសួងសុខាភិបាលបន្ថែមថា អ្នកជំងឺនោះ បានលេងក្នុងអាងហែលទឹករយៈពេល២ម៉ោង រួចក៏មានអាការៈគ្រុនក្តៅ។ អ្នកស្រី Wang Lingzhen អាយុ៥៧ឆ្នាំ ដែលជាភរិយា បានរៀបរាប់ករណីស្វាមីខ្លួនទៅប្រាប់ក្រុមគ្រួសារនៅចិន ហើយបន្ទាប់មក អាជ្ញាធរខេត្តព្រះសីហនុ ក៏បានដឹងរឿងនេះ។
នៅថ្ងៃទី២៦ ខែមករា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ រួមជាមួយស្ថាប័នជំនាញក្នុងខេត្តបានស្រាវជ្រាវ ហើយបានយកវត្ថុវិភាគលើច្រមុះ បំពង់ករបស់លោក Jianhua និងសមាជិកគ្រួសារបីនាក់ទៀត។ នៅថ្ងៃទី២៧ ខែមករា មន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រ កម្ពុជាបានបង្ហាញលទ្ធផលបុរសម្នាក់នេះ មានវិជ្ជមានវីរុសកូរ៉ូណាប្រភេទថ្មី រីឯមនុស្សបីនាក់មិនទាន់រកឃើញសញ្ញាណាមួយឡើយ។
បច្ចុប្បន្ន អ្នកជំងឺត្រូវដាក់នៅបន្ទប់ដាច់ដោយឡែកក្នុងមន្ទីរពេទ្យខេត្តព្រះសីហនុ ហើយគាត់មានសភាពហ្នឹងនរនៅឡើយ រីឯសមាជិកគ្រួសារបីនាក់ទៀត ស្ថិតនៅក្រោមការតាមដាន។ ជាមួយគ្នានេះ មន្ត្រីជំនាញកំពុងស្វែងរកអ្នកប៉ះពាល់ផ្សេងទៀតផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com