សុខភាព
អន្តរជាតិ
អាល្លឺម៉ង់​ជា​ប្រទេស​ទី​២​នៅ​អឺរ៉ុប​ដែល​រកឃើញ​វត្តមាន​កូ​រ៉ូ​ណាវី​រុស​
28, Jan 2020 , 7:12 am        
រូបភាព
អ្នកធ្វើដំណើរសុទ្ធតែពាក់ម៉ាស់ការពារ។ រូបថត AFP
អ្នកធ្វើដំណើរសុទ្ធតែពាក់ម៉ាស់ការពារ។ រូបថត AFP
ដោយ: រួបរួម
បន្ទាប់ពី​ការរកឃើញ​បី​ករណី​នៅ​ប្រទេស​បារាំង រដ្ឋមន្ត្រី​សុខាភិបាល​ប្រចាំ​រដ្ឋ Bavarian របស់​អាល្លឺម៉ង់ បាន​អះអាង​ពី​ការរកឃើញ​ករណី​ដំបូង​នៃ​អ្នក​កើត​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ពី​ចិន​។ នេះ​បើតាម​ការផ្សាយ​របស់ AFP នា​ព្រឹក​ថ្ងៃ​អង្គារ​។​



«​បុរស​ម្នាក់​ដែល​ស្ថិតនៅ​ក្រុង Starnberg ត្រូវបាន​រកឃើញ​វិជ្ជមាន​មេរោគ​កូ​រ៉ូ​ណា​»​។ អ្នកនាំពាក្យ​រដ្ឋមន្ត្រីរ​ដ្ឋ Bavarian បានបញ្ជាក់​យ៉ាង​ដូច្នេះ ដោយ​បន្ថែមថា អ្នកជំងឺ​ស្ថិតក្រោម​ការពិនិត្យ​ព្យាបាល​នៅ​ទីកន្លែង​ដាច់​ពី​គេ​មួយ​។​

​គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃ​អង្គារ​ទី​២៨ ខែមករា នេះ អ្នកជំងឺ​កូ​រ៉ូ​ណាវី​រុស មាន​ជាង​២៩០០​នាក់​ហើយ ដោយ​ភាគច្រើនបំផុត​ក្នុងប្រទេស​ចិន ដោយ​រាប់បញ្ចូល​ទាំង​ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់​។ មនុស្ស​៨២​នាក់​នៅ​ចិន​បាន​ស្លាប់​។​

​ប្រទេស​ផ្សេងទៀត​ដែលមាន​ករណី​ឆ្លង​ជំងឺ​នេះ​រួមមាន ថៃ អូស្ត្រាលី សិង្ហ​បុរី សហរដ្ឋអាមេរិក ជប៉ុន ម៉ាឡេស៊ី កូរ៉េខាងត្បូង បារាំង វៀតណាម កាណាដា ណេ​ប៉ាល់ រួម​ទាំងបី​ប្រទេស​ចុងក្រោយ គឺ​កម្ពុជា ស្រីលង្កា និង​អាល្លឺម៉ង់​៕



Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com