សុខភាព
អន្តរជាតិ
លោក​ត្រាំ​ប្រកាស​ជួយ​ចិន​តាម​តម្រូវការ ខណៈ​អ្នកស្លាប់​ព្រោះ​កូ​រ៉ូ​ណាវី​រុស​ឡើងដល់​១០៦​នាក់​
28, Jan 2020 , 9:33 am        
រូបភាព
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថ្លែងនាពេលកន្លងទៅ (AFP)
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថ្លែងនាពេលកន្លងទៅ (AFP)
ដោយ:
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃ​ចន្ទ ២៧ មករា បានប្រកាស​ជួយ​រដ្ឋាភិបាល​ចិន​តាម​តម្រូវ​ការចាំបាច់ ដើម្បី​គ្រប់គ្រង​ការផ្ទុះ​កូ​រ៉ូ​ណាវី​រុស ក្នុង​ទីក្រុង វូ​ហាន ខណៈ​អ្នកស្លាប់​ដោយសារ​វីរុស​នេះ​បាន​កើនឡើង​ដល់​ជាង​១០០​នាក់​ហើយ គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ ២៨ ខែមករា​។

 
«​យើង​កំពុងមាន​ការប្រាស្រ័យ​ទាក់ទង​យ៉ាង​ជិតដិត​ជាមួយ​ចិន ពាក់ព័ន្ធ​នឹង (​កូ​រ៉ូ​ណា​) វីរុស​»​។ លោក ដូ​ណា​ល់ ត្រាំ សរសេរ​បែបនេះ​លើ​បណ្ដាញ​សង្គម Twitter ។ មេដឹកនាំ​អាមេរិក​រូបនេះ អះអាង​ទៀតថា វា​មាន​ករណី​២​ទៅ​៣​ប៉ុណ្ណោះ ដែល​បាន​រកឃើញ​ក្នុង​សហរដ្ឋអាមេរិក ក៏ប៉ុន្តែ​អាជ្ញាធរ​សុខាភិបាល​កំពុង​តាមដាន​យ៉ាង​ល្អិតល្អន់​បំផុត​។ 
 
​ខណៈ​មើលឃើញ​ស្ថានការណ៍​ក្នុងប្រទេស​ចិន​កាន់តែ​យ៉ាប់យ៉ឺន លោក ប្រធានាធិបតី ត្រាំ បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក​បាន​ផ្តល់ជំនួយ​ដល់​ចិន​និង​លោក​ប្រធានាធិបតី ស៊ី ជីន​ភីង នូវ​រាល់​តម្រូវការ​ចាំបាច់​គ្រ​ប់​បែបយ៉ាង​ទាំងអស់​ដើម្បី​គ្រប់គ្រង​វីរុស​ដែល​បង្ក​ទៅជា​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ​។ ត្រង់ចំណុច​នេះ លោក ត្រាំ បាន​សង្កត់ធ្ងន់ថា​៖«​អ្នកជំនាញ​របស់​យើង គឺ​ពិត​ជាមាន​សមត្ថភាព​អស្ចារ្យ​បំផុត​»​។ 
 
​សូមបញ្ជាក់ថា អាជ្ញាធរ​សុខាភិបាល​នៃ​ទីក្រុង ប៉េកាំង ដែល​រដ្ឋធានី​របស់​ចិន បាន​រាយការណ៍​ពី​ការស្លាប់​លើក​ទី​១​បង្អស់ ដែល​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស កាលពី​យប់​ថ្ងៃ​ចន្ទ ២៧ ខែមករា ។ អ្នកស្លាប់​រូបនោះ មាន​អាយុ ៥០​ឆ្នាំ ដែល​ធ្លាប់បាន​ធ្វើដំណើរ​ទៅកាន់​ទីក្រុង វូ​ហាន ដែលជា​សម្បុក​នៃ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ ។ នេះ​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​។ 
 
​ទន្ទឹមនេះ គណៈកម្មការ​សុខាភិបាល​ក្នុង​ខេត្ត Hubei នៃ​ប្រទេស​ចិន បាន​បញ្ជាក់ថា មនុស្ស​២៤​នាក់​ទៀត​បាន​ស្លាប់ ដោយសារ​កូ​រ៉ូ​ណាវី​រុស ហើយ​១២៩១ នាក់​ទៀត ត្រូវបាន​រកឃើញថា​ឆ្លង​ជំងឺ​នេះ​។ សម្រាប់​តួលេខ​ថ្មី ករណី​ឆ្លង​វីរុស​ដ៏​កាច​សាហាវ​នេះ ដែល​ត្រូវបាន​រកឃើញ បាន​កើន​ដល់ ៤០០០​ករណី នៅ​ទូទាំង​ពិភពលោក​៕

Tag:
 សហរដ្ឋអាមេរិក​
  ចិន​
  ដូ​ណា​ល់ ត្រាំ​
  កូ​រ៉ូ​ណាវី​រុស​
© រក្សាសិទ្ធិដោយ thmeythmey.com