អន្តរជាតិ
ដើម្បី​ឈ្នះ​សមរភូមិ​នៃ​ការ​រាតត្បាត​កូ​រ៉ូ​ណាវី​រុស លោក ស៊ី ជិន​ភីង ថា ត្រូវ​ពឹង​លើ​ប្រជាជន​
28, Jan 2020 , 11:28 am        
រូបភាព
លោកប្រធានាធិបតីចិន ស៊ី ជិនភីង ថ្លែងនាពេលកន្លងទៅ (Xinhua)
លោកប្រធានាធិបតីចិន ស៊ី ជិនភីង ថ្លែងនាពេលកន្លងទៅ (Xinhua)
ដោយ:
​ប្រធានាធិបតី ស៊ី ជិន​ភីង លើកឡើងថា ចិន ត្រូវ​ពឹង​អាស្រ័យ​លើ​ប្រជាជន​ដើម្បី​យកជ័យ​ជម្នះ​ក្នុង​សមរភូមិ​ដ៏​លំបាក​ប្រឆាំងនឹង​ការ​រាតត្បាត​នៃ​ណូ​វែ​ល​កូ​រ៉ូ​ណាវី​រុស​។ ការលើកឡើង​របស់​ប្រមុខរដ្ឋ​ចិន​រូបនេះ ធ្វើឡើង​ខណៈ​អ្នកស្លាប់​ដោយសារ​វីរុស​ដ៏​កាច​សាហាវ​នេះ បាន​កើន​ឡើងដល់ ១០៦​នាក់ គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ ២៨ មករា ហើយ​មាន​៤​ពាន់​ករណី​ដែល​បាន​រកឃើញ​សរុប​នៅ​ទូទាំង​ពិភពលោក​។

 
​នៅ​ចំពោះ​មុខមន្ត្រី​រដ្ឋាភិបាល​និង​សមាជិក​បក្ស​កុម្មុយនីស្ត នៅ​ថ្ងៃ​ចន្ទ ២៧ ខែមករា លោក​ប្រធានាធិបតី ស៊ី ជិន​ភីង បានស្នើ​សុំ​ឲ្យ​ពួកគេ​បង្រួប​ប្រួម​ប្រជាជន​ចិន​ក្នុង​គោលដៅ​អនុវត្ត​យ៉ាង​ម៉ឹងម៉ាត់​នូវ​សេចក្តីសម្រេច និង​ការរៀបចំ​ដែល​បាន​ដាក់ចេញ​ដោយ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​នៃ​បក្ស​ក​ម្មុយ​នី​ស្ត​ចិន​។ 
 
​តាម​ការចុះផ្សាយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន CCTV អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​នៃ​បក្ស​ក​ម្មុយ​នី​ស្ត​ចិន​រូបនេះ បាន​ប្រាប់​ពួក​មន្ត្រី​ទាំងនោះ​ឲ្យ​ចងចាំ​ទុក​ថា ផលប្រយោជន៍​របស់​ប្រជាជន គឺជា​អាទិភាព​ខ្ពស់បំផុត​ក្នុង​សមរភូមិ​ដ៏​លំបាក​ដើម្បី​បង្ការ​កូ​រ៉ូ​ណា​វីរុស​នេះ​នាពេល​បច្ចុប្បន្ន ។ លោក បន្តថា ការរួបរួម​របស់​ប្រជាជន គឺជា​អាវុធ​ដ៏​សំខាន់​ក្នុងការ​គ្រប់គ្រង​ប្រឆាំងនឹង​ការ​រាតត្បាត​នៃ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​ដែល​បង្កឡើង​ដោយសារ​ណូ​វែ​ល​កូ​រ៉ូ​ណាវី​រុស​ផងដែរ​។  
 
​ត្រង់ចំណុច​នេះ លោក ស៊ី ជិន​ភីង តម្រូវ​ឲ្យ​ពលរដ្ឋ​ពង្រឹង​ទំនុកចិត្ត រក្សា​ភាពជា​ធ្លុង​មួយ និង​ចាប់យក​ចំណាត់ការ​ដែលមាន​លក្ខ​ណៈ​វិទ្យាសាស្ត្រ​និង​ចំ​គោលដៅ ក្នុងការ​បង្ការ​ការ​រាតត្បាត​នៃ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ​។ តាម​ប្រភពព័ត៌មាន​រដ្ឋ​ចិន​ដដែល មេដឹកនាំ​ចិន​រូបនេះ ទទូច​ឲ្យ​គណៈកម្មាធិការ​បក្ស​ក​ម្មុយ​នី​ស្ត​ចិន​គ្រប់​ជាន់ថ្នាក់​ទាំងអស់ គួរ​វាយតម្លៃ​ស្ថានការណ៍​នៃ​ការ​រាតត្បាត​វីរុស​នេះ​តាម​លក្ខណៈ​វិទ្យាសាស្ត្រ និង​សុក្រឹតភាព​។ 
 
​ទន្ទឹមនេះ ប្រមុខរដ្ឋ​ចិន​វ័យ​៦៦​ឆ្នាំ​រូបនេះ បានស្នើ​ឲ្យ​មន្ត្រី​នៃ​ស្ថាប័ន​បក្ស ជាពិសេស ប្រធាន​គ្រប់គ្រង តែម្តង ត្រូវ​នៅ​ប្រចាំ​តួនាទី​ពួកគេ​ជានិច្ច ហើយ​ដាក់ចេញ​បទបញ្ជា​នៅ​ជួរមុខ ព្រមទាំង​ពង្រឹង​ទំនួល​ខុសត្រូវ​អភិបាលកិច្ច​របស់​ពួកគេ​ឲ្យ​កាន់តែខ្លាំង​ផងដែរ​។ 
 
«​សមរភូមិ​ដ៏​លំបាក​នេះ គឺជា​ការសាកល្បង​មួយ​របស់​មន្ត្រី​បក្ស​»​។ លោក ស៊ី សង្កត់ធ្ងន់​បែបនេះ ដោយ​ទទូច​ឲ្យ​គណៈកម្មាធិការ​បក្ស​គ្រប់​ជាន់ថ្នាក់​លើកទឹកចិត្ត​សមាជិក​បក្ស និង​មន្ត្រី​រដ្ឋាភិបាល​ប្រឹងប្រែង និង​ប្រយុទ្ធ​ដ៏​ក្លាហាន​ក្នុង​សមរភូមិ​នេះ ដើម្បី​ឆ្លុះបញ្ចាំង​ថា ពួកគេ​អាច​តស៊ូ​ចំពោះមុខ​ការសាកល្បង​នេះ តាមរយៈ​កិច្ចប្រឹងប្រែង​ដ៏​ស្វាហាប់​របស់​ពួកគេ​។ 
 
​សូមបញ្ជាក់ថា អាជ្ញាធរ​សុខាភិបាល​ចិន បាន​អះអាង​នៅ​ព្រឹក​ថ្ងៃ ២៨ មករា​ថា មនុស្ស​២៤​នាក់​ទៀត​បាន​ស្លាប់ ដោយសារ​កូ​រ៉ូ​ណាវី​រុស ហើយ​១២៩១ នាក់​ទៀត ត្រូវបាន​រកឃើញថា​ឆ្លង​ជំងឺ​នេះ​។ សម្រាប់​តួលេខ​ថ្មី ករណី​ឆ្លង​វីរុស​ដ៏​កាច​សាហាវ​នេះ ដែល​ត្រូវបាន​រកឃើញ បាន​កើន​ដល់ ៤០០០​ករណី នៅ​ទូទាំង​ពិភពលោក​៕

Tag:
 ចិន​
  ស៊ី ជិន​ភិ​ង​
  ជំងឺឆ្លង
© រក្សាសិទ្ធិដោយ thmeythmey.com