ជាតិ
សង្គមជាតិ
អាជ្ញាធរកម្ពុជា កំពុងស្វែងរកមនុស្សទាំងអស់ ដែលជិះយន្តហោះជាមួយបុរសចិនផ្ទុកមេរោគកូរ៉ូណា
28, Jan 2020 , 12:33 pm        
រូបភាព
រូបពី AKP
រូបពី AKP
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ អះអាងថា អាជ្ញាធរ កំពុងស្វែងរកអ្នកធ្វើដំណើរទាំងអស់ ដែលបានជិះយន្តហោះមកកម្ពុជា ជាមួយបុរសជនជាតិចិនម្នាក់ ដែលមានផ្ទុកមេរោគកូរ៉ូណា។



អ្នកនាំពាក្យរូបនេះ ប្រាប់សារព័ត៌មានថ្មីៗ តាមបណ្តាញទំនាក់ទំនងតេឡេក្រាម នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ថា៖«អាជ្ញាធរយើង កំពុងស្វែងរកវត្តមានរបស់គាត់ហ្នឹង ដើម្បីយើងពិនិត្យ បញ្ជាក់បន្ថែមថាតើ គាត់មានផ្ទុកនូវវីរុសហ្នឹងឬអត់...»។

ឈ្មោះអ្នកធ្វើដំណើរទាំង៧៩នាក់នោះ (រូបពី CNE)





សារព័ត៌មានមួយឈ្មោះ CNE (Cambodian News English) ចុះផ្សាយជាភាសាអង់គ្លេសថា អ្នកជិះយន្តហោះជាមួយបុរសជនជាតិចិនដែលផ្ទុកមេរោគកូរ៉ូណានោះ មាន៧៨នាក់ (ទាំងអស់៧៩នាក់)។ CNE សរសេរថា ក្នុងចំណោមអ្នកដំណើរទាំង៧៩នាក់នោះ មាន២១នាក់ ជាអ្នកទេសចរ ដែលធ្វើដំណើរជាក្រុមជាមួយគ្នា និង ៥៨នាក់ ធ្វើដំណើរបែបឯកជន។

សារព័ត៌មាននេះ បន្តថា ចំពោះអ្នកធ្វើដំណើរជាក្រុមទាំង២១នាក់ សមត្ថកិច្ច ទាក់ទងបានហើយ ដោយឡែក អ្នកធ្វើដំណើរឯកជន បានបែកខ្ញែកគ្នា ពេលមកដល់កម្ពុជា ហើយអាជ្ញាធរ មិនទាន់អាចទាក់ទងបាននៅឡើយទេ លើកលែងតែបុរសជនជាតិចិន ដែលផ្ទុកមេរោគកូរ៉ូណានោះ និងគ្រួសាររបស់គាត់៣នាក់ទៀត ដែលត្រូវបានអាជ្ញាធរ រកឃើញ។

នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ កម្ពុជា បានរកឃើញមេរោគកូរ៉ូណា លើបុរសជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ។ បុរសនោះ ឈ្មោះ ចា ជិនហួ អាយុ៦០ឆ្នាំ។ គាត់ បានធ្វើដំណើរជាមួយសមាជិកគ្រួសារ៣នាក់ទៀត ពីទីក្រុងវូហាន មកកាន់ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ ក្រុមគ្រូពេទ្យកម្ពុជា បញ្ជាក់ថា គ្រួសាររបស់គាត់ទាំង៣នាក់ មិនមានមេរោគកូរ៉ូណានោះទេ។

បុរសចិនដែលផ្ទុកមេរោគកូរ៉ូណានោះ ត្រូវបានក្រុមគ្រូពេទ្យកម្ពុជា ដាក់ឲ្យស្ថិតក្នុងបន្ទប់ព្យាបាលដាច់ដោយឡែកពីគេ។ ក្រុមគ្រួសាររបស់គាត់ ក៏ត្រូវដាក់ឲ្យស្ថិតក្នុងបន្ទាប់ដាច់ដោយឡែកពីគេដែរ ទោះមិនផ្ទុកមេរោគនេះក៏ដោយ។ ក្រុមគ្រូពេទ្យ កំពុងព្យាបាលបុរសជនជាតិចិននោះ រួមទាំងតាមដានមើលសុខភាពក្រុមគ្រួសាររបស់គាត់យ៉ាងជាប់លាប់។

ទីក្រុងវូហាន គឺជាប្រភពដើមនៃការផ្ទុះមេរោគប្រភេទថ្មីម្យ៉ាង ហៅថា មេរោគកូរ៉ូណា ដែលអាចបង្កទៅជាជំងឺរលាកសួត។ មេរោគនេះ ចាប់ផ្ទុះកាលពីចុងខែធ្នូ ឆ្នាំ២០១៩។ គិតមកដល់ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ អ្នកស្លាប់ដោយសារមេរោគកូរ៉ូណា បានកើនឡើងដល់ជាង១០០នាក់ហើយ ខណៈអ្នកមេរោគនេះ បានកើនឡើងដល់ជិត៣ពាន់នាក់នៅក្នុងប្រទេសចិន។

មេរោគប្រភេទថ្មីដ៏គួរខ្លាច ដែលមិនទាន់មានវ៉ាក់សាំងពារពារនេះ បានរាលដាលទៅដល់បណ្តាលប្រទេស មួយចំនួន ដូចជា ថៃ វៀតណាម កម្ពុជា ជប៉ុន អាមេរិក អូស្ត្រាលី កូរ៉េខាងត្បូង កាណាដា ម៉ាឡេស៊ី សិង្ហបុរី បារាំង និងណេប៉ាល់, ម៉ាកាវ, ហុងកុង, និង តៃវ៉ាន់ ជាដើម តែពុំមានអ្នកបាត់បង់ជីវិតឡើយ ក្រៅតែពីនៅប្រទេសចិន៕

អត្ថបទទាក់ទង

Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com