ភ្នំពេញ៖ ពលរដ្ឋកម្ពុជាជាច្រើននាក់ មានក្តីបារម្ភពីបញ្ហាវីរុសកូរ៉ូណាដែលកំពុងរាលដាលនៅប្រទេសចិន និងប្រទេសដទៃទៀត និងបានមកដល់កម្ពុជា១ករណីហើយ។ ពលរដ្ឋកម្ពុជាបាននាំគ្នាទិញម៉ាស់ សម្រាប់ការពារ និងទប់ស្កាត់វីរុសដ៏កាចសាហាវមួយនេះ។ ពលរដ្ឋខ្លះបានរអ៊ូថា ពិបាកដើរទិញម៉ាស់ដែលមានតម្លៃសមរម្យ ព្រោះវាមានតម្លៃថ្លៃលើសពីតម្លៃលក់ធម្មតា។
ខណៈដែលវីរុសកូរ៉ូណាកំពុងតែរាលល្បាតនៅកំពុងប្រទេសចិន និងបន្តផ្ទុះនៅបណ្តាប្រទេសមួយចំនួន ហើយកម្ពុជា ក៏បានជួបប្រទះ១ករណីដែរនោះ ក្រសួងសុខាភិបាល នៅតែបន្តវិធានការការពារនៅតាមច្រកព្រំដែន និងដាក់ម៉ាស៊ីនស្កែនដើម្បីស្វែងរកអ្នកដែលមានជំងឺនេះនៅតាមប្រលានយន្តហោះអន្តរជាតិទូទាំងប្រទេសកម្ពុជា។ ជាពិសេសក្រសួងណែនាំឲ្យពលរដ្ឋលាងដៃជាញឹកញាប់ និងពាក់ម៉ាស់ការពារវីរុសកូរ៉ូណា។
នាថ្ងៃទី២៧ ខែមករា នៅពីមុនឱសថស្ថាន ដែលស្ថិតនៅចន្លោះផ្សារអូរឡាំពិក និងវត្តមហាមន្ត្រី មានវេជ្ជបណ្ឌិត និងគ្រូពេទ្យប្រចាំការនៅឱសថស្ថាននានាកំពុងតែមមាញឹកនឹងរៀបចំម៉ាស់ សម្រាប់ទុកលក់ឲ្យពលរដ្ឋដែលមកទិញរួចជាស្រេចហើយ។ ពលរដ្ឋប្រមាណ១០នាក់កំពុងតែបញ្ឈប់បញ្ជាម៉ាស៊ីនម៉ូតូ និងឡាន ដោយសំដៅឆ្ពោះទៅឱសថស្ថានដើម្បីទិញម៉ាស់ និងទឹកសំអាតដៃ។ អ្នកស្រី កែវ និមល ដែលបានទិញម៉ាស់មួយប្រអប់ ហើយបម្រុងនឹងត្រឡប់ទៅផ្ទះវិញ បានប្រាប់អ្នកសារព័ត៌មានថ្មីៗថា អ្នកស្រីបានទិញម៉ាស់មួយប្រអប់ទុកឲ្យគ្រួសារដែលមានគ្នាចំនួន៧នាក់រូចជាស្រេចដើម្បីការពារ និងទប់ស្កាត់វីរុសនេះ។
នៅក្នុងដៃមានកាន់ប្រអប់ម៉ាស់មួយប្រអប់ អ្នកស្រី កែវ និមល បានរៀបរាប់ដោយមានពាក់ម៉ាស់ជាប់នឹងមាត់ថា ពីមុន អ្នកស្រី មិនសូវមានទម្លាប់ពាក់ម៉ាស់ឡើយ។ ប៉ុន្តែក្រោយពេលបានឮដំណឺងថាមានជំងឺឆ្លងដ៏កាចសាហាវដែលកើតមាននៅប្រទេសចិនមក និងបានឃើញសារណែនាំពីក្រសួងសុខាភិបាល អ្នកស្រី ក៏ប្រញាប់មកទិញម៉ាស់ភ្លាម ដើម្បីការពារកុំឲ្យឆ្លងជំងឺនេះ។ នៅពេលដែលខ្លួនមកដល់កន្លែងលក់ម៉ាស់ហើយ អ្នកស្រី ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះតម្លៃទីផ្សារឡើងថ្លៃដែលលើសធម្មតាពី២ទៅ៣ដង។ ទោះបីតម្លៃមិនអាចទទួលយកបាន ប៉ុន្តែអ្នកស្រី នៅតែទិញ ដោយសារតែអ្នកស្រីគិតពីសុខភាពជាសំខាន់។
អ្នកស្រី កែវ និមល រៀបរាប់ដូច្នេះថា៖«ក្នុងតម្លៃត្រឹមនេះ ខ្ញុំនៅតែអាចទទួលយកបាន តែបើលើសពីតម្លៃនេះទៀត ខ្ញុំនឹងជៀសវាងមិនទិញទៀតទេ ដោយខ្ញុំនឹងប្រើវិធីលាងដៃឲ្យស្អាត និងមិនទៅកន្លែងទីប្រជុំជនដែលមានមនុស្សចេញចូលច្រើនដើម្បីជៀសវាងឆ្លងជំងឺនេះ។ ចាប់ពីថ្ងៃនេះតទៅ ខ្ញុំនឹងណែនាំឲ្យសមាជិកគ្រួសារខ្ញុំទាំងអស់ពាក់ម៉ាស់ រាល់ពេលចេញទៅទីប្រជុំជន ជាពិសេស ទៅផ្សារធម្មតា និងផ្សារទំនើប»។
យុវជនម្នាក់ទៀតឈ្មោះ លី ចូ ជាបុគ្គលិកផ្នែកអាកាសចរមួយកន្លែង បានជិះម៉ូតូដោយមានគ្នាម្នាក់ទៀត ទៅចតនៅពីមុខឧសថស្ថានមួយកន្លែង ដែលទំនងនឹងកំពុងតែស្វែងរកទិញម៉ាស់ 3M ដូចនឹងម៉ាស់ដែលខ្លួនកំពុងតែពាក់។ លោក លី ចូ ត្អូញត្អែរថា ធ្លាប់តែទិញម៉ាស់មួយប្រអប់ក្នុងតម្លៃ២ដុល្លារ ប៉ុន្តែស្ថិតនៅក្នុងស្ថានភាពនេះ តម្លៃម៉ាស់ឡើងដល់មួយប្រអប់១០ដុល្លារ ដែលលើសពីតម្លៃធម្មតាដល់ទៅ៣ដង។
ម៉ាស3Mព័ណ៌ផ្កាឈូក ដែលលោក លី ចូ កំពុងតែពាក់នេះ គឺជាម៉ាសដែលលោកបានទិញពីស្រុកក្រៅមក លោកក៏កំពុងតែស្វែងរកទិញបន្ថែមទៀត ប៉ុន្តែលោកពិតជាពិបាកដើររកទិញក្នុងតម្លៃដែលលោកចង់បាន ពីព្រោះទីផ្សារម៉ាស់កំពុងតែឡើងថ្លៃ។ ថ្វីដ្បិតទីផ្សារម៉ាស់ឡើងថ្លៃក៏ពិតមែន ប៉ុន្តែលោកក៏បានសម្រេចចិត្តទិញម៉ាស់ពេទ្យប្រមាណ២០ប្រអប់ សម្រាប់ទុកឲ្យក្រុមគ្រួសារ និងបុគ្គលិករបស់លោកដែលបម្រើការងារនៅតាមខេត្ត ដើម្បីត្រៀមការពារវីរុសដែលគ្មានថ្នាំព្យាបាលនេះសិន មុននឹងលោកអាចកម្ម៉ង់ទិញម៉ាស់3Mពីប្រទេសក្រៅប្រទេសមក។
លោក លី ចូ សំណូមពរឲ្យអាជីវករដែលលក់ម៉ាស់ទាំងឡាយកុំដំឡើងថ្លៃហួសហេតុ ដើម្បីកេងចំណេញយកផលប្រយោជន៍តែខ្លួនឯងពេក និងស្នើឲ្យក្រសួងដែលពាក់ព័ន្ធទាំងអស់ពង្រឹងការលក់ដូររបស់អាជីវករទូទៅ ដើម្បីសមស្របនឹងចំណូលរបស់ប្រជាពលរដ្ឋ។
គិតមកដល់ព្រឹកថ្ងៃទី២៨ ខែមករា អ្នកស្លាប់ដោយសារជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស បានកើនឡើងដល់ជាង៨០នាក់ហើយ ខណៈអ្នកជំងឺផ្ទុកវីរុសប្រភេទនេះ បានកើនឡើងដល់ជិត៣ពាន់នាក់នៅក្នុងប្រទេសចិន។ បន្ថែមពីលើនេះ វីរុសប្រភេទនេះ ក៏បានទៅដល់តំបន់ផ្សេងផងដែរក្រៅពីប្រទេសចិនដូចជា ថៃ វៀតណាម កម្ពុជា ជប៉ុន អាមេរិក អូស្ត្រាលី កូរ៉េខាងត្បូង កាណាដា ម៉ាឡេស៊ី សិង្ហបុរី បារាំង និងណេប៉ាល់, ម៉ាកាវ, ហុងកុង, និង តៃវ៉ាន់ ជាដើម តែពុំមានអ្នកបាត់បង់ជីវិតឡើយ ក្រៅតែពីនៅប្រទេសចិន៕