ពីនេះ ពីនោះ
ដំឡើងថ្លៃម៉ាស់ និងទឹកអាល់កុលសម្អាតដៃ គឺគ្មានគុណធម៌!
× នៅព្រឹកថ្ងៃអង្គារនេះ សំណាង និង សុធីរ ជជែកគ្នាពីរឿង កូរ៉ូណា វីរុស ដែលកំពុងវាយប្រហារប្រទេសជាច្រើន ក្នុងនោះ ក៏មានប្រទេសកម្ពុជាផងដែរ។ ប៉ុន្តែ អ្វីដែល សំណាង និង សុធីរ មួម៉ៅខ្លាំង គឺការដំឡើងថ្លៃម៉ាស់ និងទឹកអាល់កុលសម្រាប់សម្អាតដៃ។
សុធីរ៖ គេកំពុងតែចលាចលគ្រប់គ្នា បែរជាឯងនាំគ្នាដំឡើងថ្លៃយកចំណេញពីព្រឹត្តិការណ៍សោកសៅទៅវិញ។ អ្ហែងយល់យ៉ាងម៉េចដែរ អា សំណាង?
សំណាង៖ អញក៏មួម៉ៅដែរ។ តែអាហ្នឹង វាជារឿងទីផ្សារសេរីតើ អា សុធីរ។ តើគេអាចទប់ស្កាត់ការដំឡើងថ្លៃបានឬទេ?
សុធីរ៖ ជារួម គេពិបាកទៅចាប់ចងអ្នកលក់ ឬអ្នកដំឡើងថ្លៃណាស់ ព្រោះ ជាសិទ្ធិរបស់អ្នកជំនួញ ហើយជាពិសេស នៅពេលដែលតម្រូវការខ្ពស់ជាងការផ្គត់ផ្គង់ ដូច្នេះ តម្លៃវាត្រូវតែហក់ឡើង«អូតូមាទិក»ហើយ។ តែអញចង់ប្រាប់អ្ហែងថា បើនិយាយពីគុណធម៌ សីលធម៌ (ឈ្មួញ)អ្នកកេងចំណេញទាំងឡាយមិនគួរធ្វើនៅក្នុងកាលៈទេសៈបែបនេះទេ។ មិនថាអ៊ីចឹង សំណាង?។
សំណាង៖ ពិតជាត្រឹមត្រូវណាស់ សុធីរ។ អ្នកលក់ម៉ាស់ និងទឹកអាល់កុលសម្អាតដៃទាំងឡាយ មិនគួរចង់បានរហូតដល់ភ្លេចនូវគុណធម៌ សីលធម៌ និងវិជ្ជាជីវៈរបស់ខ្លួនឡើយ។ ពួកគេមិនគួរធ្វើអាជីវកម្មលើគំនរទុក្ខរបស់អ្នកដទៃឡើយ។ ម្យ៉ាងទៀត នេះ គឺជារឿងរបស់មនុស្សជាតិទាំងមូលផង។ អ្នកកេងចំណេញទាំងឡាយអើយ គួរយកខួរក្បាលមកគិតផងបានទេ?
នៅលើប្រធានបទនេះ សំណាង និងសុធីរ មានគំនិតស្របគ្នាច្រើននៅព្រឹកនេះ។មិត្តទាំងពីរជជែកគ្នាបណ្តើរ គិតពីបច្ច័យនៃមេរោគ កូរ៉ូណា បណ្តើរ ព្រោះ មេរោគនេះ អាចរំខានដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចខ្មែរនាពេលខាងមុខ។ សំឡាញ់ទាំងពីរសន្យាជួបគ្នានៅថ្ងៃស្អែកបន្តទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com