ជាតិ
សង្គមជាតិ
ផ្ញើអាសយដ្ឋាន លេខទូរស័ព្ទ និង ឈ្មោះឱសថស្ថានដែលលក់ម៉ាស់ថ្លៃ ទៅអ្នកនាំពាក្យរដ្ឋាភិបាល ដើម្បីចាត់វិធានការ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល
× លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ប្រាប់ប្រជាពលរដ្ឋ ឲ្យកត់អាសយដ្ឋាន លេខទូរស័ព្ទ និង ឈ្មោះរបស់ឱសថស្ថានណា ដែលដំឡើងថ្លៃម៉ាស់ ហើយផ្ញើទៅលោក។ លោក បានបង្ហោះសារនេះលើគណនីហ្វេសប៊ុក នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។
បន្ថែមពីលើសារនេះ លោក ផៃ ស៊ីផាន ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ប្រជាពលរដ្ឋ អាចផ្ញើសារទៅលោក តាមរយៈគណនីហ្វេសប៊ុករបស់លោកឈ្មោះ Siphan Phay។ លោក បន្តថា ពេលឃើញសារនោះហើយ ក្រុមការងាររបស់លោក នឹងចាប់ផ្តើមពិនិត្យ។
លោក បញ្ជាក់ថា ការធ្វើដូច្នេះ គឺងាយស្រួលដើម្បីចាត់វិធានការតាមផ្លុវច្បាប់ ទៅលើឱសថស្ថាន ដែលដំឡើងថ្លៃម៉ាស់។ លោក ព្រមានថា៖«បើរកឃើញ ខ្ញុំ នឹងស្នើឲ្យខាងក្រសួងសុខាភិបាល ចុះទៅពិនិត្យអាជ្ញាបណ្ណនៃឱសថស្ថាននោះ។ សកម្មភាពនេះ គឺខុសពីក្រមសីលធម៌វិជ្ជាជីវៈ»។
អ្នកនាំពាក្យ បន្ថែមថា ឱសថស្ថាន គឺជាកន្លែងរកស៊ី ដែលត្រូវមានមនុស្សធម៌ ដោយមិនត្រូវកេងចំណេញនោះទេ។ លោក បន្ថែមថា ក្នុងកាលៈទេសនេះ ឱសថស្ថាននានា ត្រូវចូលរួមសាមគ្គីនិងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាប្រមុខរដ្ឋាភិបាល ក្នុងការថែរក្សាសុខភាពរបស់ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋកម្ពុជា បាននាំគ្នាពាក់ម៉ាស់ការពារ ដោយខ្លាចឆ្លងមេរោគកូរ៉ូណាប្រភេទថ្មី ដែលមានប្រភពដើមពីខេត្តវូហាន ខេត្តហឺបី ប្រទេសចិន។ កម្ពុជា រកឃើញអ្នកផ្ទុកមេរោគកូរ៉ូណា១ករណីហើយ។
កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ក្រុមគ្រូពេទ្យកម្ពុជា បានរកឃើញមេរោគកូរ៉ូណា លើបុរសជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ។ បុរសនោះ ឈ្មោះ ចា ជិនហួ អាយុ៦០ឆ្នាំ។ បុរសចិនដែលផ្ទុកមេរោគកូរ៉ូណានោះ ត្រូវបានក្រុមគ្រូពេទ្យកម្ពុជា ដាក់ឲ្យស្ថិតក្នុងបន្ទប់ព្យាបាលដាច់ដោយឡែកពីគេ។
គាត់ បានធ្វើដំណើរជាមួយសមាជិកគ្រួសារ៣នាក់ទៀត ពីទីក្រុងវូហាន មកកាន់ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ គឺចំថ្ងៃដែលរដ្ឋាភិបាល ប្រកាសបិទច្រកទីក្រុងវូហាន។ ក្រុមគ្រូពេទ្យកម្ពុជា បញ្ជាក់ថា គ្រួសាររបស់គាត់ទាំង៣នាក់ មិនមានរោគកូរ៉ូណានោះទេ។
ប្រទេសផ្សេងទៀត ដែលមេរោគកូរ៉ូណា បានឆ្លងទៅដល់ មានដូចជា ថៃ វៀតណាម កម្ពុជា ជប៉ុន អាមេរិក អូស្ត្រាលី កូរ៉េខាងត្បូង កាណាដា ម៉ាឡេស៊ី សិង្ហបុរី បារាំង និងណេប៉ាល់, ម៉ាកាវ, ហុងកុង, និង តៃវ៉ាន់ ជាដើម។ គិតមកដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ អ្នកស្លាប់ដោយសារមេរោគកូរ៉ូណា បានកើនឡើងដល់ជាង១០០នាក់ហើយ ខណៈអ្នកមេរោគនេះ បានកើនឡើងដល់ជិត៣ពាន់នាក់នៅក្នុងប្រទេសចិន៕ © រក្សាសិទ្ធិដោយ thmeythmey.com