អន្តរជាតិ
សិង្ហ​បុរី រកឃើញ​ករណី​កូ​រ៉ូ​ណាវី​រុស​២​ករណី​ថ្មី​ទៀត ដែល​កើន​សរុប​៧​ករណី​
28, Jan 2020 , 3:54 pm        
រូបភាព
លោក Gan Kim Yong រដ្ឋមន្ត្រីក្រសួងសុខាភិបាលសិង្ហបុរី។​រូបថត AFP
លោក Gan Kim Yong រដ្ឋមន្ត្រីក្រសួងសុខាភិបាលសិង្ហបុរី។​រូបថត AFP
ដោយ:
​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស​២​ថ្មី​ទៀត ត្រូវបាន​បញ្ជាក់ថា​រក​ឃើញ​ក្នុងប្រទេស​សិង្ហ​បុរី​។ ក្រសួងសុខាភិបាល​សិង្ហ​បុរី ប្រកាស​ឲ្យ​ដឹង​បែបនេះ នៅ​ថ្ងៃ​អង្គារ ២៨ ខែមករា​។  ករណី​ថ្មី​ទាំងពីរ​នេះ ធ្វើ​ឲ្យ​តួលេខ​អ្នក​ឆ្លង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី ដែល​បង្កឡើង​ដោយ​កូ​រ៉ូ​ណា​វីរុស​នេះ​ឡើងដល់ ៧​នាក់​ហើយ​ក្នុងប្រទេស​នេះ​។

 
​តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia អ្នកជំងឺ​ទាំងពីរ​នេះ គឺ​សុទ្ធសឹងតែ​ជា​ជន​ជាតិចិន ដែល​មកពី​ទីក្រុង វូ​ហាន ខេត្ត Hubei ។ បុរស​វ័យ ៥៦​ឆ្នាំ​ម្នាក់ បាន​មកដល់​ប្រទេស​សិង្ហ​បុរី មកពី​ទីក្រុង វូ​ហាន កាលពី​ថ្ងៃ ១៩ ខែមករា ហើយ​ផ្តើម​មាន​រោគសញ្ញា​ក្អក​កាលពី​ថ្ងៃ ២៥ ខែមករា​។ 
 
​ក្រសួងសុខាភិបាល​សិង្ហ​បុរី បានបញ្ជាក់​ទៀតថា មួយថ្ងៃ​ក្រោយមក ពោលគឺ​ថ្ងៃ​២៦ ខែមករា បុរស​ចិន​រូបនេះ បាន​ទៅកាន់​មន្ទីរពេទ្យ Changi General ដោយ​ខ្លួនឯង​ផ្ទាល់ ហើយ​លោក​បានធ្វើ​តេស្ត​ថា​រកឃើញ​ជំងឺ​នេះ កាលពី​ថ្ងៃ​២៧ មករា ម្សិលមិញ​។ បើតាម​ក្រសួង បុរស​ចិន​រូបនេះ បាន​សម្រាក​នៅផ្ទះ​របស់​គ្រួសារ​លោក នៅ​ខុន​ដូរ​មួយកន្លែង​ក្នុងប្រទេស​សិង្ហ​បុរី មុនពេល​លោក​ទៅកាន់​មន្ទីរពេទ្យ​។ 
 
​ចំណែក​អ្នកជំងឺ​ទី ៧ វិញ ដែល​ត្រូវបាន​រកឃើញថា​ឆ្លង​កូ​រ៉ូ​ណាវី​រុស គឺជា​បុរស​ជនជាតិ​ចិនមាន​អាយុ ៣៥​ឆ្នាំ ដែល​ទៅដល់​ទឹកដី​សិង្ហ​បុរី កាលពី​ថ្ងៃ ២៣ ខែមករា ។ បើតាម​ការប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​សិង្ហ​បុរី បុរស​រូបនេះ បានចាប់ផ្តើម​មាន​រោគសញ្ញា នៅ​ថ្ងៃ ២៤ ខែមករា ហើយ​បាន​ទៅកាន់​មន្ទីរពេទ្យ Raffles របស់​សិង្ហ​បុរី​។ ក្រោយមក លោក ត្រូវបាន​ដឹក​តាមរយៈ​រថយន្ត​គ្រោះ​ឯកជន​មួយ​ទៅកាន់​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ជំងឺឆ្លង​។ ចុងក្រោយ បុរស​ចិន​រូបនេះ បានធ្វើ​តេស្ត​ថា​រកឃើញ​វីរុស​ថ្មី​នេះ នៅ​ថ្ងៃទី ២៧ ខែមករា ។ ហើយ​មុនពេល​ទៅកាន់​មន្ទីរពេទ្យ លោក​បាន​ស្នាក់នៅ Resort មួយកន្លែង​ឈ្មោះថា Marina Bay Sands ។​
 
​សូមបញ្ជាក់ថា វីរុស​ដ៏​កាច​សាហាវ​នេះ ដែល​ផ្ទុះឡើង​ដំបូង​ក្នុង​ទីក្រុង វូ​ហាន បានសម្លាប់​មនុស្ស​យ៉ាងតិច ១០៦​នាក់ ហើយ​សុទ្ធតែ​នៅ​ចិន ខណៈ​រកឃើញ​ករណី​សរុប​នៅ​ទូទាំង​ពិភពលោក​ជាង ៤​ពាន់​ករណី​៕

Tag:
 សិង្ហ​បុរី​
  កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com