អន្តរជាតិ
តំណាងប៉េកាំងប្រាប់ប្រមុខ UN ថា ចិន មានសមត្ថភាពនិងទំនុកចិត្តយកឈ្នះលើកូរ៉ូណាវីរុស អគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ ចាង ជុន ។ រូបភាព Xinhua
× អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) អាន់តូនីញ៉ូ ហ្គូតេរ៉េស នៅថ្ងៃទី២៧ ខែមករា បានជួបជាមួយអគ្គរដ្ឋទូតចិន ចាង ជុន ដោយបានជជែកពីការរាតត្បាត និងការគ្រប់គ្រងវីរុសប្រភេទថ្មី ដែលកំពុងបង្កជាក្ដីបារម្ភយ៉ាងខ្លាំងនៅជុំវិញពិភពលោក។ លោក ហ្គូតេរ៉េស បានសរសើរចិនដែលប្រឹងប្រែងដោះស្រាយបញ្ហា និងប្រកាសត្រៀមជួយតាមការចាំបាច់។ តំណាងចិន ក៏ប្រាប់ប្រមុខអង្គការសហប្រជាជាតិថា ចិនមានទំនុកចិត្តដោះស្រាយបញ្ហានេះបាន។
នាជំនួបនៅទីស្នាក់ការអង្គការសហប្រជាជាតិនាបុរីញូវយ៉ក អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស បានប្រាប់លោក ចាង ជុន ថា អង្គការសហប្រជាជាតិឈរនៅជាមួយរដ្ឋាភិបាល និងប្រជាជនចិនក្នុងពេលសំខាន់បែបនេះ ខណៈកូរ៉ូណាវីរុស កំពុងរាតត្បាតកាន់តែខ្លាំង។ លោក ហ្គូតេរ៉េស បន្ថែមថា អង្គការរបស់លោកមានទំនុកចិត្តពេញលេញលើសមត្ថភាពរបស់ចិនក្នុងការគ្រប់គ្រងការរាលដាល និងត្រៀមផ្ដល់ជំនួយតាមលទ្ធភាព។
បើតាមទីភ្នាក់ងារព័ត៌មាន Xinhua នាជំនួបថ្ងៃទី២៧ ខែមករា លោក ចាង ជុន ដែលជាតំណាងអចិន្ត្រៃយ៍របស់ចិនអះអាងថា ចិនយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបង្ការ និងគ្រប់គ្រងវីរុសប្រភេទថ្មីនេះ ដោយប្រធានាធិបតី ស៊ី ជិនភីង ក៏ចេញសេចក្ដីណែនាំឲ្យដោះស្រាយបន្ទាន់ផងដែរ។ លោកបន្តថា ចិនផ្ដោតខ្លាំងលើសុខភាពប្រជាជន ទើបសម្រេចចិត្តចេញវិធានការថ្នាក់ជាតិជាច្រើនដើម្បីគ្រប់គ្រងការរាលដាលវីរុសដែលផ្ទុះចេញពីទីក្រុងវូហាននេះ។
តំណាងរបស់ចិនរូបនេះ ក៏បញ្ជាក់ពីកិច្ចសហប្រតិបត្តិការរបស់ចិនជាមួយបរទេសដោយឈរលើគោលការណ៍បើកចំហ តម្លាភាព ជាមួយនឹងការសម្របសម្រួលផ្នែកវិទ្យាសាស្ត្រ ហើយចិនក៏បានព្យាយាមយ៉ាងសស្រាក់សស្រាំក្នុងការទប់ស្កាត់ការរីករាលដាលវីរុស និងការជួយសង្គ្រោះជីវិតមនុស្ស។ បើតាមអ្នកការទូតចិនរូបនេះ ចិនមានលទ្ធភាពដោះស្រាយបាន។
«នេះជាពេលសំខាន់ណាស់ ហើយចិនមានសមត្ថភាពពេញលេញ និងទំនុកចិត្តក្នុងការយកឈ្នះសមរភូមិប្រឆាំងវីរុសនេះ។» នេះជាការបញ្ជាក់របស់លោក ចាង ជុន នាជំនួបជាមួយលោក ហ្គូតេរ៉េស ។
គិតត្រឹមថ្ងៃទី២៨ ខែមករា អ្នកស្លាប់ដោយសារវីរុសនេះបានកើនដល់១០៦នាក់ ដោយជាជនជាតិចិនទាំងអស់។ សម្រាប់តួលេខថ្មី ករណីឆ្លងវីរុសដ៏កាចសាហាវនេះ ដែលត្រូវបានរកឃើញ បានកើនដល់ ៤០០០ករណីនៅទូទាំងពិភពលោក។ នៅចិន ករណីឆ្លងបានកើនដល់ជាង៤៥០០ករណីនៅទូទាំងផងដែរ៕
Tag:
ចិន
UN
អាន់តូនីញ៉ូ ហ្គូតេរ៉េស
© រក្សាសិទ្ធិដោយ thmeythmey.com