ជាតិ
សង្គមជាតិ
និស្សិត​ខ្មែរ​៣០​នាក់ មក​ស្រុក​មួយរយៈ ខណៈ​កូ​រ៉ូ​ណាវី​រុស រាលដាល​ខ្លាំង​នៅ​ចិន
28, Jan 2020 , 8:19 pm        
រូបភាព
សកម្មភាពចែកម៉ាស់ នៅតាមច្រកប៉ោយប៉ែត (រូបពីរដ្ឋបាលខេត្តបន្ទាយមានជ័យ)
សកម្មភាពចែកម៉ាស់ នៅតាមច្រកប៉ោយប៉ែត (រូបពីរដ្ឋបាលខេត្តបន្ទាយមានជ័យ)
ដោយ: ថ្មីៗ
​និស្សិត​ខ្មែរ​៣០​នាក់ (​ស្រី​៥​នាក់​) ដែល​សិក្សា​នៅ​ប្រទេស​ចិន បាន​មកដល់​កម្ពុជា តាម​ច្រក​ប៉ោយប៉ែត នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​។​


 
​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​ក្រុមការងារ បាន​យក​ឡាន​២​គ្រឿង ទៅ​ទទួល​និស្សិត​ទាំងនោះ និង​បាន​ចែក​ម៉ាស់​ពាក់​ការពារ​ដល់​ពួកគេ​ផងដែរ​។ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ អះអាងថា និស្សិត​ខ្មែរ​ទាំងនោះ មក​កម្ពុជា​នាពេលនេះ គឺ​ស្ថិត​ក្នុងការ​សម្រាក​វិស្សមកាល ពោលគឺ​ឈប់សម្រាក​ធម្មតា ដោយ​មានការ​នឹករលឹក​គ្រួសារ និង​ស្រុកកំណើត​។ 
 
​យ៉ាងណាក៏ដោយ ការវិលត្រឡប់​របស់​និស្សិត​ខ្មែរ​ទាំងនោះ គឺ​ស្របពេល​ប្រទេស​ចិន ជាពិសេស​នៅ​ទីក្រុង​វូ​ហាន រក​ការគំរាមកំហែង​ដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​។ រដ្ឋាភិបាល​ចិន បាន​បិទ​សាលារៀន​ទាំងអស់​មួយរយៈ នៅ​ទូទាំងប្រទេស​។

​ពួកគេ​ទាំង​៣០​នាក់​នោះ ជា​និស្សិត​ដែល​ទទួលបាន​អាហារូបករណ៍​ពី​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ ទៅ​សិក្សា​សាកលវិទ្យាល័យ​ហឺ​ហ្វី ខេត្ត​អាន​ហួយ ប្រទេស​ចិន​។

លោក កែវ វណ្ឌថន អគ្គនាយករងនិងជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ ប្រាប់សារព័ត៌មានថ្មីៗ តាមបណ្តាញទំនាក់ទំនងតេឡេក្រាមថា ពួកគេ បានហោះចេញពីចិន ចូលមកថៃ ហើយបន្តដំណើរមកកម្ពុជា តាមច្រកប៉ោយប៉ែត។ លោក បញ្ជាក់ថា៖«ក្រុមការងារ ត្រួតពិនិត្យ [ពួកគេ] មិនឃើញមានជំងឺរលោកសួត បង្កដោយមេរោគកូរ៉ូណាប្រភេទថ្មីឡើយ»។

​គិត​ត្រឹម​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០ មនុស្ស​ជាង​១០០​នាក់ បាន​ស្លាប់​នៅ​ប្រ​ទេ​ចិន ដោយសារ​មេរោគ​កូ​រ៉ូ​ណា ហើយ​ជិត​៣​ពាន់​នាក់​ទៀត នៅ​ប្រទេស​ចិន កំពុង​ផ្ទុកមេរោគ​នេះ​។​
​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ដែល​បង្ក​ឲ្យ​មាន​ជំងឺ​រលាក​សួត​នេះ បាន​ឆ្លង​ទៅដល់​ប្រទេស​នានា ដូចជា ថៃ វៀតណាម ជប៉ុន អាមេរិក អូស្ត្រាលី កូរ៉េខាងត្បូង កាណាដា ម៉ាឡេស៊ី សិង្ហ​បុរី បារាំង និង​ណេ​ប៉ាល់​, ម៉ា​កាវ​, ហុងកុង​, និង តៃវ៉ាន់ ជាដើម តែ​ពុំមាន​អ្នក​បាត់​បង់ជីវិត​ឡើយ ក្រៅតែពី​នៅ​ប្រទេស​ចិន​។ កម្ពុជា មាន​១​ករណី​ដែរ​៕ 

Tag:
 ​កូ​រ៉ូ​ណាវី​រុស​
  និស្សិត​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com