អន្តរជាតិ
ប្រមុខ WHO មិនផ្ដល់អនុសាសន៍ឲ្យជម្លៀសជនបរទេសចេញពីវូហានឡើយ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក។ រូបភាព Xinhua
× អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) Tedros Adhanom Ghebreyesus និយាយនៅថ្ងៃទី២៨ ខែមករា ថា អង្គការរបស់លោកមិនណែនាំឲ្យមានការជម្លៀសជនបរទេសចេញពីទីក្រុងវូហានឡើយ ទោះជាការរាលដាលវីរុសថ្មីបន្តកើនឡើងក្ដី។ លោក Ghebreyesus និយាយបែបនេះក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី នៅទីក្រុងប៉េកាំង។ ប្រមុខ WHO រូបនេះ បានកោតសរសើរចិនដែលខិតខំដោះស្រាយការផ្ទុះឡើងវីរុសកូរ៉ូណាថ្មីនេះ។
ពីទីក្រុងប៉េកាំង ទឹកដីចិន ប្រមុខអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានអំពាវនាវឲ្យសហគមន៍អន្តរជាតិរក្សាភាពស្ងៀមស្ងាត់ និងមិនត្រូវមានប្រតិកម្មខ្លាំងពេកជុំវិញករណីផ្ទុះមេរោគកូរ៉ូណាថ្មី។ បើតាមលោក Ghebreyesus អង្គការរបស់លោកមានទំនុកចិត្តពេញលេញលើចិនក្នុងការដោះស្រាយបញ្ហាសុខភាពដែលធ្វើឲ្យពិភពលោកញាប់ញ័រ និងបារម្ភយ៉ាងខ្លាំង។
ការអំពាវនាវរបស់លោក Ghebreyesus ធ្វើឡើងនាជំនួបជាមួយទីប្រឹក្សារដ្ឋ និងរដ្ឋមន្ត្រីការបរទេស វ៉ាង យី នៅថ្ងៃទី២៨ ខែមករា។ ក្រោយការផ្ទុះឡើងកូរ៉ូណាវីរុសនេះ ប្រទេសជាច្រើនដូចជាអាមេរិក ជប៉ុន បារាំង អាល្លឺម៉ង់ និងកូរ៉េខាងត្បូងជាដើម សុទ្ធតែត្រៀមជម្លៀសប្រជាជនរបស់ខ្លួនចេញពីទីក្រុងវូហាន ខេត្តហ៊ូប៉ីដែលជាសម្បុកនៃវីរុសដ៏សាហាវនេះ ខណៈចិនបានបិទការធ្វើដំណើរចេញចូលទីក្រុងនេះ និងទីក្រុងក្បែរខាងៗ។
យ៉ាងណាមិញ លោក Ghebreyesus អះអាងថា អង្គការលោកមិនចង់ឲ្យមានការជម្លៀសបែបនេះឡើយ។ ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua បានស្រង់សម្ដីអគ្គនាយកជនជាតិអេត្យូពីនេះថា អង្គការសុខភាពពិភពលោក មិនផ្ដល់យោបល់ឲ្យជម្លៀសមនុស្សឡើយ ហើយបានស្នើឲ្យប្រទេសនានារក្សាភាពស្ងៀមស្ងាត់ និងមិនត្រូវប្រតិកម្មលើសលស់ដែរ។ លោកបន្តថា អង្គការរបស់លោក មានទំនុកចិត្តពេញលេញលើវិធានការទប់ស្កាត់ និងគ្រប់គ្រងរបស់ចិន។
ចំពោះមុខលោក វ៉ាង យី អគ្គនាយកអង្គការអន្តរជាតិរូបនេះបានកោតសរសើរវិធានការម៉ឺងម៉ាត់របស់រដ្ឋាភិបាលចិនក្នុងការគ្រប់គ្រងការរាតត្បាតវីរុសប្រភេទថ្មីដែលបង្កទៅជាជំងឺរលាកសួតធ្ងន់ធ្ងរ។ ក្រៅពីបិទកចេញចូលទីក្រុងដែលផ្ទុះវីរុស ចិនបានហាមប្រាមប្រជាជនពីការទិញលក់សត្វព្រៃ ពន្យារពេលចូលរៀន សាងសង់មន្ទីរពេទ្យដើម្បីសង្គ្រោះអ្នកជំងឺ និងវិធានការមួយចំនួនទៀតសំដៅបិទការរាលដាលវីរុសនេះ។
យ៉ាងណាមិញ ទោះជាមានវិធានការតឹងរ៉ឹងក្ដី ការរាលដាលវីរុសនេះ ហាក់មានល្បឿនលឿន ដោយកូរ៉ូណាវីរុសនេះបានរាលដាលដល់ប្រទេសជាច្រើន ហើយករណីឆ្លងក៏កើនជាលំដាប់ផងដែរ។ សម្រាប់ចិនវិញ ករណីឆ្លងមានដល់ជាង៤៥០០ករណីទៅហើយ ទោះជាមានការទប់ស្កាត់ខ្លាំងក្លាក្ដី៕
Tag:
WHO
កូរ៉ូណាវីរុស
Tedros Adhanom Ghebreyesus
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com