អត្ថបទពាណិជ្ជកម្ម
ABA និង វី​ង ប្រកាស​កិច្ចសហការ​ជាមួយគ្នា​ផ្លូវការ ដើម្បី​ជួយ​សម្រួល​ដល់​ការផ្ទេរ​ប្រាក់​នៅ​កម្ពុជា​
28, Jan 2020 , 4:46 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០៖ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ដែលជា​អ្នកផ្តល់​សេវា​ធនាគារ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា និង​ធនាគារ ABA ដែលជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឌីជីថល​ឈានមុខ​គេ​នៅ​កម្ពុជា បាន​ចាប់​ដៃគូ​ជាមួយគ្នា​ជា​ផ្លូវការ ដើម្បី​ផ្តល់ជូន​នូវ​ការផ្ទេរ​ប្រាក់ ប្រកបដោយ​ភាពងាយស្រួល និង​មាន​សុវត្ថិភាព​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​។​
 
​តាមរយៈ​ភាពជា​ដៃគូ​នេះ អតិថិជន​របស់​ធនា​គារ​ឯកទេស វី​ង និង​អតិថិជន​ធនាគារ ABA នឹង​អាច​ផ្ទេរប្រាក់ ពី​គណនី វី​ង ទៅ​គណនី ABA ទៅវិញទៅមក​បាន​។ ការផ្ទេរ​ប្រាក់​ទៅវិញទៅមក​នេះ អាចធ្វើ​ទៅបាន​ដោយ​គ្រាន់តែ​ប្រើ​ម្រាមដៃ​របស់​អ្នក ចុច​ពីរ ឬ​បី​ដង នៅលើ​កម្មវិធី ABA Mobile និង​កម្មវិធី​ស្មា​ត​ហ្វូ​ន វី​ង តែប៉ុណ្ណោះ​។ 
 
​លើសពីនេះទៅទៀត ភាពជា​ដៃគូ​នេះ អនុញ្ញាតឱ្យ​អតិថិជន​ធនាគារ ABA អាច​បង់​សង​ប្រាក់កម្ចី​របស់​ពួកគាត់ នៅតាម​ភ្នាក់ងារ​វី​ង ដែល​នៅ​ជិត​បំផុត ដោយ​មិនចាំបាច់​ចំណាយពេល​ធ្វើដំណើរ​ទៅកាន់​សាខា​ធនាគារ ABA ណាមួយ​ក៏បាន​។ ដំណើរការ​នៃ​ការបង់​សង​ប្រាក់កម្ចី​នេះ កាន់តែ​ចំណាយ​ពេលវេលា​តិច និង​មាន​ភាពងាយស្រួល ដោយ​អតិថិជន​អាចដាក់​ប្រាក់​ចូល​គណនី ABA របស់ខ្លួន​ដោយផ្ទាល់ តាមរយៈ​ភ្នាក់ងារ​វី​ង ដែលមាន​ជាង 7,300 កន្លែង​នៅ​ទូទាំងប្រទេស ឬ​អាច​ផ្ទេរប្រាក់​ពី​គណនី វី​ង ទៅ​គណនី ABA នៅក្នុង​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង នៅ​ផ្នែក​ទូទាត់​វិក្កយបត្រ ឬ​ប្រើ USSD កូដ *989# ក៏បាន​។​


 
​លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត បាន​មានប្រសាសន៍ថា​៖«​យើង​តាំងចិត្ត​ធ្វើ​ឲ្យ​ប្រាកដថា ប្រជាជន​កម្ពុជា​នឹង​ទទួលបាន​ភាពងាយស្រួល និង​មាន​សុវត្ថិភាព នៅពេលដែល​ប្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​ចល័ត​មួយ​នេះ​។ យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ក្រៃលែង ដែល​ភាពជា​ដៃគូ​នេះ អាច​ឲ្យ​យើង​បម្រើ​តម្រូវការ​ផ្ទេរប្រាក់ និង​ដាក់​ប្រាក់​ដ៏​សម្បូរបែប ជូន​ដល់​អតិថិជន​របស់​យើង នៅ​ទូទាំងប្រទេស​កម្ពុជា និង​ជួយ​សន្សំសំចៃ​ពេលវេលា ក្នុងការ​ធ្វើដំណើរ​ទៅកាន់​សាខា​របស់​ធានា​គារ​។ លើសពីនេះ​ទៀត នេះ​ជា​ឧទាហរណ៍​ថ្មី​មួយទៀត ដែល​បង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង​ឥត​ឈប់​របស់​យើង ក្នុងការ​ផ្តល់ជូន​ប្រជាជន​កម្ពុជា នូវ​ភាពងាយស្រួល ក្នុងការ​ទទួលបាន​សេវាកម្ម​ហិរញ្ញវត្ថុ និង​សេវាកម្ម​ធានា​គារ​ផ្លូវការ​មួយ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​ធំ​របស់​យើង និង​បាន​ជំរុញ​ឌីជីថល យេនឌ័រ ព្រមទាំង​ការដាក់បញ្ចូល​ហិរញ្ញវត្ថុ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​»​។​
 
​លោក Askhat Azhikhanov នាយក​ប្រតិបត្តិ​របស់​ធនាគារ ABA មានប្រសាសន៍ថា​៖«​យើង​មាន​ភាព​រីករាយ​សូម​ប្រកាស​ជា​ផ្លូវការ នូវ​ភាពជា​ដៃគូ​របស់​យើង ជាមួយ​ធនាគារ Wing លើ​សេវា​ផ្ទេរប្រាក់ និង​ទូទាត់​សង​កម្ចី​។ អតិថិជន​របស់​យើង​ឥឡូវនេះ អាចដាក់​ប្រាក់​ចូល​គណនី ABA របស់​ពួកគេ​បាន​កាន់តែ​ងាយស្រួល ព្រមទាំង​អាច​ផ្ទេរប្រាក់​ទៅវិញទៅមក រវាង​កម្មវិធី Wing និង​កម្មវិធី ABA Mobile ជាមួយ​តម្លៃ​សមរម្យ ហើយ​អាច​ប្រើប្រាស់​សម្រាប់​ការទិញ ទំនិញ ឬ​ផ្ទេរប្រាក់​ជូន​បងប្អូន​សាច់ញាតិ​របស់​ពួកគេ បាន​ថែម​ទៀតផង​។ សេវា​ហិរញ្ញវត្ថុ​ឌីជីថល​ដ៏​ទំនើប របស់​ធនាគារ ABA មាន​សក្តានុពល នាំមក​នូវ​វឌ្ឍនភាព​ដ៏​ធំ​ទូលាយ ហើយ​ខ្ញុំ​ជឿជាក់ថា កិច្ចសហការ​របស់​យើង ជាមួយ​ធនាគារ Wing ដែល​យើង​ប្រកាស​នា​ថ្ងៃនេះ នឹង​ជួយ​ជំរុញ​កម្ពុជា​យើង ឆ្ពោះទៅរក​សង្គម​ទំនើប​ទូទាត់​បែប​ឌីជីថល​»​។​


 
​ធនាគារ​ឯកទេស​វី​ង និង ធនាគារ ABA ត្រូវបានគេទទួលស្គាល់​យ៉ាង​ទូលំទូលាយ ចំពោះ​ការខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។ ធនាគារ​ឯកទេស​វី​ង តែងតែ​ខិតខំ​ប្រឹងប្រែង ក្នុងការ​ពាំនាំ​ផលិតផល ប្រកបដោយ​ភាព​ច្នៃប្រឌិត ក្នុងការ​ជំរុញ​ការដាក់បញ្ចូល​ហិរញ្ញវត្ថុ​ក្នុងប្រទេស ដោយ​រួមបញ្ចូល​ទាំង​អ្នកមាន​គណនី​ធនាគារ និង​មិន​ស្ថិតក្នុង​បណ្តាញ​ធនាគារ​។ ស្របពេល​នេះដែរ ធនាគារ ABA ត្រូវបានគេទទួលស្គាល់​យ៉ាង​ទូលំទូលាយ ទាំង​ថ្នាក់ជាតិ​និង​អន្តរជាតិ ជា​ធនាគារ​ដែល​ឈានមុខ​គេ​នៅ​កម្ពុជា តាមរយៈ​ការផ្លាស់ប្តូរ​ផ្នែក​ឌីជីថល ដោយ​ផ្តោត​សំខាន់​លើ​បច្ចេកវិទ្យា និង​ធនាគារ​ចល័ត ប្រកបដោយ​ភាពងាយស្រួល​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម ស្តីពី​សេវាកម្ម​ដែល​ផ្តល់​ដោយ វី​ង និង ABA  សូម​ទាក់ទង​មក​សេវា​អតិថិជន​របស់ វី​ង តាមរយៈ លេខ​ទូរស័ព្ទ​៖ 855 23 999 989 ឬ​សេវា​អតិថិជន​របស់ ABA ទូរស័ព្ទ​លេខ 023 225 333 ៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com