កីឡាជាតិ
ជាតិ
លោក វ៉ា​ត់ ចំរើន​៖ កម្ពុ​ជាមាន​ទំនាក់​ទង​ល្អជា​មួយ​ចិន លើ​វិស័យ​កីឡា​តាំងពី​ឆ្នាំ​១៩៦៤
29, Jan 2020 , 7:59 am        
រូបភាព
ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ (រូបក្នុងរង្វង់)មានព្រះរាជបន្ទូលក្នុងពិធីបើកការប្រកួតកីឡា GANEFO  Games ឆ្នាំ១៩៦៦ នៅពហុកីឡដ្ឋានជាតិ
ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ (រូបក្នុងរង្វង់)មានព្រះរាជបន្ទូលក្នុងពិធីបើកការប្រកួតកីឡា GANEFO Games ឆ្នាំ១៩៦៦ នៅពហុកីឡដ្ឋានជាតិ
ដោយ:
​កម្ពុ​ជាមាន​ទំនាក់ទំនង​ជាមួយ​ចិន​លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​កីឡា​ជាង​៥​ទស្សវត្សរ៍​មកហើយ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ប្រទេស​ទាំងពីរ​បាន​រក្សា​ចំណងមិត្តភាព​នេះ​បាន​យ៉ាង​ល្អ​រហូតដល់​មក​បច្ចុប្បន្ន​។ បើ​និយាយ​ពី​វិស័យ​កីឡា​ប្រទេស​ទាំងពីរ​មាន​ទំនាក់​ទង​ល្អ​តាំងពី​ជំនាន់​សម្តេចព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ក្នុងអំឡុង​ឆ្នាំ​១៩៦៤ មកម្ល៉េះ​។ ចិន នេះហើយ​ដែល​ជួយ​ជ្រោមជ្រែង​កម្ពុជា​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​មិន​ចូលបក្ស​សម្ព័ន្ធ​(Ganefo)​លើកដំបូង​នៅ​ភ្នំពេញ​។​

 
​មិនមែន​ទើបតែ​ឥឡូវ​នោះទេ ដែល​ចិន​ជួយ​ជ្រោមជ្រែង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​លើ​វិស័យ​កីឡា​នៅ​កម្ពុជា តាមពិត​ពួកគេ​បានរួម​ចំណែក​ជួយ​អភិវឌ្ឍន៍​វិស័យនេះ​តាំងពី​ជំនាន់​សម្តេចព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ មកម្ល៉េះ​។ បើតាម​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនង​ល្អ​លើ​វិស័យ​កីឡា​តាំងពី​ឆ្នាំ​១៩៦៤ ពោលគឺ​ចិន​បាន​ជួយ​កសាង​បុរី​កីឡា ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​មិន​ចូលបក្ស​សម្ព័ន្ធ​។​
 
​ក្រៅពី​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ចិន បាន​ជួយ​លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ផងដែរ តាមរយៈ​ការបញ្ជូន​មន្ត្រី​ជំនាញ និង​គ្រូបង្វឹក​មក​បណ្តុះបណ្តាល​អាជ្ញាកណ្តាល​ចៅក្រម និង​បង្វឹក​កីឡាករ​កីឡាការិនី​ជាដើម​។ លើសពីនេះ ចិន បាន​បញ្ជូន​មន្ត្រី​ជំនាញ​ឲ្យ​មកជួយ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ Ganefo ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក វ៉ា​ត់ ចំរើន​។  
 
«​ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា​-​ចិន​(​លើ​វិស័យ​កីឡា​)​មាន​ជា​យូរ​មកហើយ គឺ​តាំងពី​ទំនាក់ទំនង​ល្អ​រវាង​សម្តេច​តា សម្តេចឪ​របស់​យើង​ជាមួយ​រដ្ឋាភិបាល​ចិន ដូច្នេះ​ចិន​បានទទួល​នូវ​ការគាំទ្រ និង​កិច្ចសហប្រតិបត្តិការ​ល្អ​តាំងពី​នោះមក​។ តាម​ប្រវត្តិ​ចិន​បាន​ជួយ​កម្ពុជា​រៀបចំ Ganefo ដែល​គេ​ហៅថា​កីឡា​មិន​ចូលបក្ស​សម្ព័ន្ធ​នៅ​ឆ្នាំ​១៩៦៦»​។ នេះ​ជាការ​រៀបរាប់​របស់លោក វ៉ា​ត់ ចំរើន ពាក់ព័ន្ធ​នឹង​ប្រវត្តិ​ក្នុង​វិស័យ​កីឡា​រវាង​កម្ពុជា​-​ចិន​។​
 
​តាមរយៈ​ទំនាក់ទំនង​ដ៏​រឹងមាំ​នេះ កីឡាករ​កីឡាការិនី​កម្ពុជា​ជាច្រើនរូប ត្រូវបាន​បញ្ជូនទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​នៅ​ប្រទេស​ចិន រៀងរាល់​មាន​ព្រឹត្តិការណ៍​អន្តរជាតិ​ម្តងៗ​។ ភាគី​ចិន ក៏បាន​បញ្ជូន​មន្ត្រី គ្រូបង្វឹក ឲ្យ​មក​បណ្តុះបណ្តាល​មន្ត្រី និង​បង្វឹក​កីឡាករ​កីឡាការិនី​នៅ​កម្ពុជា​ផងដែរ​។ ភាពជា​ដៃគូ​នេះដែរ សមិទ្ធផល​ធំៗ​ជាច្រើន​បាន​លេចចេញ​ជា​រូបរាង​ឡើង ជាក់ស្តែង​ចិន​បានផ្តល់​ជំនួយ​ជាង​១៥០​លាន​ដុល្លារ ដើម្បី​សាង​ស្តង់​កីឡដ្ឋាន​លំដាប់​អន្តរជាតិ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។ 
 
​កីឡដ្ឋាន​ដែល​គ្រោង​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ​នៅ​ចុងឆ្នាំ​២០២០​នេះ ស្ថាបនា​ឡើង​ដើម្បី​ត្រៀម​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​នៅ​ឆ្នាំ​២០២៣​។ កីឡដ្ឋាន​នេះ សាងសង់​ដោយ​ប្រើ​បច្ចេកវិទ្យា​ចុងក្រោយ​របស់​ចិន ដែល​អាច​ជម្លៀស​អ្នកគាំទ្រ​ត្រឹម​រយៈពេល​៧​នាទី​ក្នុងករណី​មាន​ហេតុការណ៍​មិន​ប្រក្រតី​កើតឡើង​។ 
 
​បើតាម​លោក វ៉ា​ត់ ចំរើន នៅ​ឆ្នាំ​២០២៣​ពេលដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម ចិន នឹង​ផ្តល់​ជា​ជំនួយ​បច្ចេកទេស​ក្នុងការ​រៀបចំ​ដំណើរ​ប្រកួត​ទាំង​ពិធី​បើក បិទ និង​អំឡុងពេល​ប្រកួត​។ អ្វីដែល​កាន់តែ​អស្ចារ្យ​ទៀត​នោះ ចិន នឹង​អនុញ្ញាត​ឲ្យ​កម្ពុជា​បញ្ជូន​កីឡាករ​លើ​ប្រភេទ​កីឡា​សក្តានុពល​របស់​ចិន​មួយចំនួន​ទៅ​ហ្វឹកហាត់​នៅ​ចិន​រយៈពេល​៨​ខែ​និង​បញ្ជូន​គ្រូ​ឲ្យ​មក​បង្វឹក​នៅ​កម្ពុជា​រយៈពេល​៣​ខែ​ក្នុង​១​ឆ្នាំៗ​។ តែ​យ៉ាងណា​អគ្គលេខាធិការ​រូបនេះ មិនទាន់​បញ្ជាក់​ពី​ពេលវេលា​នៃ​ការចាប់ផ្តើម​នៃ​គម្រោង​នេះ​នៅឡើយ​ទេ គ្រាន់តែ​អះអាងថា ចិន​កំពុង​សិក្សា​និង​វាយតម្លៃ​ប្រភេទ​កីឡា ដែល​ពួកគេ​ត្រូវ​ជួយ​៕  

Tag:
 វ៉ា​ត់ ចំរើន​
  ចិន​
  កម្ពុជា​
  ចូលឆ្នាំ​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com