អន្តរជាតិ
កូរ៉ូណាវីរុស៖ ករណី២ទៀតនៅជប៉ុន ក្នុងនោះមានម្នាក់ជាអ្នកបើករថយន្តដឹកភ្ញៀវ រដ្ឋមន្ត្រីសុខាភិបាលជប៉ុន លោក Katsunobu Kato (AFP)
× រដ្ឋាភិបាលជប៉ុន នៅថ្ងៃអង្គារ ២៨ ខែមករា បានបញ្ជាក់ថារកឃើញករណីឆ្លង២ថ្មីទៀត ក្នុងប្រទេសជប៉ុន ដែលក្នុងនោះ ម្នាក់គឺជាអ្នកបើកបររថយន្ត ដែលពុំធ្លាប់មានប្រវត្តិទៅកាន់ទីក្រុងវូហាន សោះ។ ទីក្រុង វូហាន គឺជាសម្បុកនៃការផ្ទុះឡើងនៃកូរ៉ូណាវីរុស។ ការរកឃើញថ្មីនេះ បានធ្វើឲ្យតួលេខសរុបនៃករណីឆ្លងកូរ៉ូណាវីរុសដែលបង្កទៅជំងឺរលាកសួតប្រភេទថ្មី ក្នុងប្រទេសជប៉ុន បានកើនឡើងដល់ ៦ ករណីហើយ។
រដ្ឋមន្ត្រីសុខាភិបាលជប៉ុន លោក Katsunobu Kato បានបញ្ជាក់ឲ្យដឹងថា អ្នកបើកបររថយន្តក្រុងដែលមានវ័យ៦០ឆ្នាំប្លាយ បានដឹកអ្នកទេសចរជនជាតិចិនចំនួន ២ ក្រុម ដែលមកពីទីក្រុង វូហាន កាលពីដើមខែមករានេះ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo បុរសជាអ្នកបើកបររូបនេះ ដែលមកពីតំបន់ Nara ភាគខាងលិចនៃប្រទេសជប៉ុន បានរកឃើញថាឆ្លងជំងឺរលាកសួតប្រភេទថ្មីនេះ កាលពីថ្ងៃសៅរ៍ ទី២៥ ខែមករា ហើយកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមួយនៅតំបន់នោះតែម្តង។
ចំណែកករណីថ្មីមួយទៀតដែលបានរកឃើញថាឆ្លងកូរ៉ូណាវីរុស គឺបុរសវ័យ៤០ឆ្នាំប្លាយម្នាក់ មកពីទីក្រុង Wuhan ដែលបានមកស្នាក់នៅប្រទេសជប៉ុន តាំងពីថ្ងៃទី ២០ ខែមករា មកម្ល៉េះ។ ហើយក្រោយមក លោកបានរកឃើញថាមានជំងឺរលាកសួតនេះផងដែរ។
បច្ចុប្បន្ននេះ ក្រសួងសុខាភិបាលជប៉ុន បានអះអាងថា ខ្លួនកំពុងពិនិត្យស្ថានភាពសុខភាពរបស់មនុស្សដែលបានប៉ះពាល់ជាមួយអ្នកជំងឺថ្មីទាំងពីរនាក់នេះ៕
Tag:
ជប៉ុន
ចិន
កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com