សង្គមអន្តរជាតិ
អន្តរជាតិ
ក្រុងវៀងចន្ទន៍រៀបចំសេចក្តីព្រាងច្បាប់ដើម្បីបង្ក្រាបការបំពុលដោយសំឡេង រូបថត Laotian Times
× អាជ្ញាធរវៀងចន្ទន៍របស់ឡាវ បានពិភាក្សាលើសេចក្តីព្រាងច្បាប់ក្នុងគោលដៅលុបបំបាត់ការបំពុលដោយសំឡេងនៅក្នុងទីក្រុង ដែលបច្ចុប្បន្ន អាជ្ញាធរទទួលបានពាក្យបណ្តឹងជាច្រើនពីសំណាក់ប្រជាពលរដ្ឋ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន The Laotian Times។
ការពិភាក្សាលើសេចក្តីព្រាងច្បាប់ ផ្តោតលើការចែកថ្នាក់ពាក់ព័ន្ធនឹងកត្តាបំពុលដោយសំឡេង ដែលកំពុងបង្កបញ្ហាក្នុងសង្គម ជាពិសេសវាជាប្រភពដ៏សែនរំខានសម្រាប់ប្រជាពលរដ្ឋនាពេលរាត្រី។
លោកស្រី Vilayvone Chanthalaty ប្រធាននាយកដ្ឋានព័ត៌មាន វប្បធម៌ និងទេសចរណ៍ក្រុងវៀងចន្ទន៍ បានបញ្ជាក់ថា៖ «សេចក្តីព្រាងច្បាប់នេះ ជាដំណាក់កាលយ៉ាងសំខាន់សម្រាប់វៀងចន្ទន៍ដើម្បីក្លាយខ្លួនជាក្រុងដែលប្រកបដោយផាសុកភាព»។
បើតាមការពិភាក្សា ការបំពុលដោយសំឡេង ជាប្រភេទសំឡេងរំខានដែលប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ពោលគឺផ្លូវអារម្មណ៍។ កត្តាទាំងនោះ អាចបង្កឡើងដោយតន្ត្រី ធុងបាស់ ដែលចេញពីកន្លែងកម្សាន្ត ភោជនីយដ្ឋាន រោងចក្រសហគ្រាស យានយន្តកែច្នៃ ក៏ដូចជាសំឡេងនាពិធីអាពាហ៍ពិពាហ៍ ឬពិធិជប់លៀងផ្សេងៗ។
បើតាម The Laotian Times សំឡេងដែលបង្កដោយសត្វចិញ្ចឹម ក៏អាចជាប្រភពមួយនៃការបំពុលដោយសំឡេងផងដែរ។ សេចក្តីព្រាងច្បាប់នោះ មាន៦ជំពូក និង៣២មាត្រា។ នៅពេលចូលជាធរមាន ពលរដ្ឋអាចដាក់បណ្តឹងទៅអាជ្ញាធរឲ្យជួយដោះស្រាយ ក្នុងករណីមានការបំពុលដោយសំឡេងណាមួយ៕
Tag:
ឡាវ
បំពុលដោយសំឡេង
© រក្សាសិទ្ធិដោយ thmeythmey.com