អន្តរជាតិ
ម៉ាឡេស៊ី និង​ហ្វីលីពីន ផ្អាក​ការផ្តល់​ទិដ្ឋាការ​ដល់​ជនជាតិ​ចិន​មកពី​ខេត្ត​ហ៊ូ​ប៉ី​
28, Jan 2020 , 10:19 pm        
រូបភាព
រូបភាព៖ Malay Mail
រូបភាព៖ Malay Mail
​រដ្ឋាភិបាល​ម៉ាឡេស៊ី សម្រេច​ផ្អាក​ការផ្តល់​ទិដ្ឋាការ​ដល់​ជនជាតិ​ចិ​ទាំងអស់ ដែល​រស់នៅក្នុង​ខេត្ត​ហ៊ូ​ប៉ី ដើម្បី​ទប់ស្កាត់​ការឆ្លង​កូ​រ៉ូ​ណាវី​រុស ខណៈពេល​ម៉ាឡេស៊ី បាន​រកឃើញ​អ្នកជំងឺ​ផ្ទុក​វីរុស​ថ្មី​នេះ​ចំនួន ៤​នាក់​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​ការិយាល័យ​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃទី ២៧ ខែមករា​។ ចំណែក​ហ្វីលីពីន នៅ​ថ្ងៃទី​២៨ ខែមករា ក៏បាន​ប្រកាស​ផងដែរ​ថា នឹង​ផ្អាក​ការផ្តល់​ទិដ្ឋាការ ដល់​ជនជាតិ​ចិន​ទាំងអស់​។


 
​តាមរយៈ​សេចក្តី​ថ្លែង​ការ​របស់​ការិយាល័យ​នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី​នឹង​ផ្អាក​ផ្តល់​ទិដ្ឋាការ​គ្រប់​ប្រភេទ​ដល់ ជន​ជាតិចិន​ទាំងអស់ ដែល​រស់នៅក្នុង​ខេត្ត​ហ៊ូ​ប៉ី ក្នុងនោះ​រួមមាន​ក្រុង​វូ​ហាន​ផងដែរ​។ ការប្រកាស​ឲ្យ​អនុវត្ត​នេះ ត្រូវ​ចូល​ជា​ធរមាន​ជា​ប្រញាប់ បន្ទាប់ពី​ករណី​នៃ​កូ​រ៉ូ​ណាវី​រុស បាន​កើនឡើង​រហូតដល់​ជាង ៤០០០​ករណី អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​១០៦​នាក់​នៅក្នុង​ប្រទេស​ចិន និង​បន្ទាប់ពី​ម៉ាឡេស៊ី​រកឃើញ​អ្នក​ផ្ទុក​វីរុស​ចំនួន​៤​នាក់​។ 
 
​យ៉ាងណាក៏ដោយ ការផ្តល់​ទិ​ដ្ឋ​ការ​ដល់​ជនជាតិ​ចិន​នេះ នឹង​បន្ត​ឡើងវិញ នៅពេល​ស្ថានភាព​នៅក្នុង​ខេត្ត​ហ៊ូ​ប៉ី ប្រែ​ទៅជា​ធម្មតា​។ 
 
​ដោយឡែក នៅ​ប្រទេស​ហ្វីលីពីន​ឯណោះ​វិញ ក៏​ចេញ​វិធានការ​ទប់ស្កាត់ និង​ផ្អាក​ផ្តល់​ទិដ្ឋាការ​ដល់​ជនជាតិ​ចិន​ផងដែរ​។ ជាក់ស្តែង លោក Jaime Morente ប្រធាន​គណៈកម្មការ​អន្តោប្រវេសន៍​ហ្វីលីពីន បាន​អះអាងថា រដ្ឋាភិបាល នឹង​ឈប់​ផ្តល់​ទិដ្ឋាការ​ដល់​ជន​ជាតិចិន​ទាំងអស់ ដើម្បី​ធានាថា ហ្វីលីពីន​គ្មាន​អ្នកជំងឺ​ផ្ទុក​វីរុស​កូ​រ៉ូ​ណា និង​ដើម្បី​ទប់ស្កាត់​ការឆ្លង​វីរុស​ថ្មី​នេះ​។ 
 
​គិត​មក​ត្រឹម​ពេលនេះ ក្នុងចំណោម​បណ្តា​ប្រទេស​ទាំង​១០ នៃ​សមាជិក​អាស៊ាន មាន​ប្រទេស​ចំនួន​៥​ហើយ បាន​រកឃើញ​អ្នក​ផ្ទុក​កូ​រ៉ូ​ណាវី​រុស​។ ក្នុងនោះ​មានដូចជា ថៃ ៨​ករណី សិង្ហ​បុរី​៥​ករណី ម៉ាឡេស៊ី ៤​ករណី វៀតណាម ២​ករណី និង​កម្ពុជា​១​ករណី ៕

Tag:
 ចិន​
  កូ​រ៉ូ​ណាវី​រុស​
  ម៉ាឡេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com