ភ្នំពេញ៖ ក្រោយកម្ពុជាមានកូរ៉ូណាវីរុសកើតឡើងមួយករណីទៅលើជនជាតិចិនម្នាក់ ដែលមកកម្សាន្តលេងនៅខេត្តព្រះសីហនុ កម្ពុជារឹតតែមានការព្រួយបារម្ភ និងមានការតាមដានត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនៅច្រកព្រំដែន និងតាមអាកាសយានដ្ឋាននានា។ ស្ថានភាពគួរបារម្ភនេះ ជំរុញឲ្យទីផ្សារម៉ាស់កាន់តែមានតម្រូវការ និងឡើងថ្លៃដែលពលរដ្ឋខ្លះត្អួយត្អែរថាគ្មានលទ្ធភាពសម្រាប់ទិញម៉ាស់ប្រើប្រាស់ឡើយ។ ដោយសារស្ថានភាពនេះ ស្ថាប័នរដ្ឋ និងពលរដ្ឋមួយចំនួន បានចែកម៉ាស់ដោយឥតគិតថ្លៃសម្រាប់ឲ្យពលរដ្ឋដែលត្រូវការ។
ប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រជាពលរដ្ឋខ្មែរខ្លះ ហួសចិត្ត ក្រោយទិញម៉ាស់ពីផ្សារ ឬពីឱសថស្ថាននានា ដោយតម្លៃលើសពីតម្លៃលក់ធម្មតាដល់ទៅ៤ទៅ៥ដង។ អ្នកខ្លះបង្ហោះលើបណ្តាញសង្គមថា តម្លៃម៉ាស់ឡើងថ្លៃហួសហេតុពេកហើយ ដែលមិនមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ទិញ។ មនុស្សមួយចំនួនបានក្លាយជាអាជីវករលក់ម៉ាស់។
ដោយឃើញសារហួសចិត្តពីតម្លៃឡើងថ្លៃបែបនេះ អ្នកខ្លះបានដាច់ចិត្តលក់ក្នុងតម្លៃសមរម្យ ហើយមានស្ថាប័នមួយចំនួន បានចំណាយថវិការបស់ខ្លួន ដោយទិញម៉ាស់រាប់រយប្រអប់សម្រាប់ទុកចែកជូនដល់ពលរដ្ឋដោយឥតគិតថ្លៃ។
កញ្ញា អាន ស្រីល័ក្ខ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Ann Sreyleak បានប្រាប់សារព័ត៌មានថ្មីៗថា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ កញ្ញា នឹងចុះចែកម៉ាស់ចំនួន១ពាន់ និងសាប៊ូលាងដៃចំនួន៣០០ដប នៅមុខព្រះបរមរាជវាំង។ កញ្ញា អាន ស្រីល័ក្ខ យល់ថា ខ្លួនជាកូនខ្មែរដូចគ្នា ត្រូវតែចេះយកអាសាគ្នាពេលមានអាសន្នកើតឡើង និងរួមគ្នាការពារ និងទប់ស្កាត់កុំឲ្យជំងឺនេះរាលដាល ដែលនាំឲ្យគ្រោះថ្នាក់ដល់ប្រជាជនកម្ពុជា។
កញ្ញា អាន ស្រីល័ក្ខ បានបញ្ជាក់ថា កញ្ញា បានចំណាយថវិកាផ្ទាល់ខ្លួនជិត២០០ដុល្លារសម្រាប់ទិញម៉ាស់ និងសាប៊ូលាងដៃ។ កញ្ញា និយាយដូច្នេះថា៖«ខ្ញុំគិតថា ដោយសារម៉ាស់ឡើងថ្លៃពេក ហើយពលរដ្ឋមួយចំនួនមានជីវភាពខ្វះខាត រួមទាំងគាត់ខ្វះព័ត៌មានផង អាចនឹងគាត់មានការធ្វេសប្រហែស ទើបខ្ញុំចង់ចែកជូនពួកគាត់ ដើម្បីការពារខ្លួន។ ម្យ៉ាងទៀតចង់សាបព្រោះវប្បធម៌ចែករំលែកផង បើទោះបីបន្តិចបន្តួចក៏ដោយ»។
ចំណែក លោក លី ប៊ុនឆៃ អគ្គនាយករងនៃសាលាប៊ែលធីអន្តរជាតិ បានបង្ហោះសារនៅក្នុងទំព័រហ្វេសប៊ុកថា លោក នឹងចែកជូនម៉ាស់ចំនួន៦ម៉ឺន ដល់បុគ្គលិកសាលារៀន លោកគ្រូ-អ្នកគ្រូជាង២ពាន់នាក់ និងសិស្សានុសិស្ស៥ម៉ឺននាក់ ដែលកំពុងតែសិក្សានៅតាមបណ្តាសាខាសាលាប៊ែលធីទាំង២០សាខា ដើម្បីចូលរួមការពារ និងទប់ស្កាត់កូរ៉ូណាវីរុស។
កាលពីថ្ងៃទី ២៦ ខែមករា លោក ទៀ គីឡេង ប្រធានសមាគមមគ្គុទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា បានចុះចែកម៉ាស់ចំនួន៣ម៉ឺនម៉ាស់ជាមួយនឹងក្រុមការងារ ដល់ភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចរចិន ទៅតាមគោលដៅ៤សំខាន់ៗ រួមមាន ព្រលានយន្តហោះ អតីតកន្លែងពិនិត្យសំបុត្រចាស់នៅផ្លូវហ្សាលដឺហ្គោល កន្លែងពិនិត្យសំបុត្រនៅមុខប្រាសាទអង្គរវត្ត និង កន្លែងពិនិត្យសំបុត្រផ្លូវ៦០ម៉ែត្រផ្លូវកែងឆ្ពោះទៅប្រាសាទក្រវ៉ាន់ ដើម្បីត្រៀមឲ្យភ្ញៀវទេសចរការពារពីកូរ៉ូណាវីរុស ដែលជាវីរុស មិនទាន់មានវ៉ាក់សាំងការពារ។
នៅថ្ងៃថ្ងៃទី២៧និង២៨ ខែមករា អាជ្ញាធរខេត្តបន្ទាយមានជ័យ បានចុះចែកម៉ាស់ចំនួន១លាន នៅតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដល់ភ្ញៀវជាតិ-អន្តរជាតិ។ នេះបើតាមការផ្សាយព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។
រីឯ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនប្រជាជនកម្ពុជា បានចុះចែកម៉ាស់ចំនួន២,៥ពាន់ម៉ាស់ ដែលទទួលបានពីសប្បុរសជននានា សម្រាប់ចែកជូនដល់កម្មករ-កម្មការិនី នៅតាមរោងចក្រ កាលពីព្រឹកថ្ងៃទី២៨ ខែមករា។ តាមរយៈការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក លោក ពេជ្រ ស្រស់ ព្យាយាមពន្យល់ដល់កម្មកររោងចក្រ ឲ្យឧស្សាហ៍សំអាតដៃ និងពាក់ម៉ាស់ជាប្រចាំទាំងនៅក្នុងរោងចក្រ និងទៅទីសាធារណៈ។ ជាពិសេស លោក បានផ្តែផ្តាំឲ្យកម្មករជៀសវាងសិ្នទ្ធស្នាលជាមួយនឹងជនជាតិចិន នៅពេលដែលសង្ស័យថាពួកគេមានអាការមិនស្រួល។
ដោយឡែក កញ្ញា ទ្រី ដាណា តារាចម្រៀងសម័យថ្មី ក៏បានយកម៉ាស់រាប់ពាន់ទៅចែកជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាព្រែកព្នៅ កាលពីថ្ងៃទី២៨ ខែមករា។ លើសពីនេះ កញ្ញា ទ្រី ដាណា បានប្រកាសថា បើពលរដ្ឋណាត្រូវការម៉ាស់ អាចទៅទទួលនៅកន្លែងរបស់កញ្ញា ដែលស្ថិតនៅខណ្ឌព្រែកព្នៅបានដោយឥតគិតថ្លៃ។
តារាចម្រៀងរូបនេះ បានបង្ហោះសារនៅទំព័រហ្វេសប៊ុករបស់ខ្លួនដូច្នេះថា៖«លឺថាជំងឺផ្លូវដង្ហើមថ្មីដែលកំពុងរាលដាលនៅចិន មកដល់កម្ពុជា ខ្ញុំមានអារម្មណ៍ថាភ័យខ្លាចដែរ ប៉ុន្តែបើនៅស្ងៀមមិនបានទេ ត្រូវជួយគ្នាការពារ ទើបសុខទាំងអស់គ្នា។ បងប្អូន ត្រូវពាក់ម៉ាស ពេលចេញទៅណាឆ្ងាយ ឬទៅកន្លែងមានមនុស្សអ៊ូអរ ជាពិសេសតំបន់ដែលមានភ្ញៀវអន្តរជាតិឆ្លងកាត់ច្រើន។ ត្រូវលាងសម្អាតដៃជានិច្ច ព្រោះវាអាចតោងតាមដៃយើងដែរ»។
គិតត្រឹមថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ មនុស្សដែលស្លាប់ដោយសារជំងឺរលាកសួត ដែលបណ្តាលមកពីកូរ៉ូណាវីរុស បានកើនឡើងរហូតដល់ជាង១០០នាក់ហើយ នៅក្នុងប្រទេសចិន ហើយអ្នកជំងឺផ្ទុកវីរុសប្រភេទនេះ បានកើនដល់ជិត៣ពាន់នាក់ នៅចិន និងបណ្តាប្រទេសមួយចំនួនទៀត៕