ជាតិ
អគ្គិភ័យ​នៅ «​ភ្នំ​ដោះ​ក្រមុំ » ក្នុងស្រុក​សំឡូត មិនបាន​រាលដាល​ធ្ងន់ធ្ងរ​ឡើយ​
28, Jan 2020 , 11:29 pm        
រូបភាព
ភ្នំពេញ​៖ នៅ​ព្រលប់​ម៉ោង ៧​យប់​ថ្ងៃទី​២៨ មករា​នេះ មាន​អគ្គិភ័យ​ឆាបឆេះ «​ភ្នំ​ដោះ​ក្រមុំ ឬ​ភ្នំ​វត្ត​តា​សាញ​ថ្មី​» ដែល​ស្ថិត​នៅក្រោយ​សាលាស្រុក​សំឡូត ខេត្តបាត់ដំបង​។ លោក សើ សា​ម៉េ​ត អភិបាលស្រុក​សំឡូត ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា មកដល់​ពេល​អាជ្ញាធរ​បាន​បាញ់​ទឹក​ពន្លត់​នៅ​ជើងភ្នំ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ និង​វត្ត​តា​សាញ​ថ្មី ដែល​នៅ​ទីនោះ​។ បើតាម​អភិបាលស្រុក​រូបនេះ អគ្គិភ័យ​នេះ បាន​ឆេះ​រាល​ពីលើ​ភ្នំ​មកក្រោម​។​



​ករណី​អគ្គិភ័យ​ឆេះ «​ភ្នំ​ដោះ​ក្រមុំ​» ដែលមាន​ឈ្មោះ​ដូច​ភ្នំ​នៅ​មណ្ឌលគិរី ឬ «​ភ្នំ​វត្ត​តា​សាញ​ថ្មី​» មិន​បង្ក​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ភ្នំ​ឡើយ​។ រហូតមកដល់​ពេលនេះ អគ្គិភ័យ​កំពុង​ឆេះ​នៅ​ខាងលើ​ភ្នំ ដោយ​អាជ្ញាធរ​បាន​បាញ់​ទឹក​ការពារ​នៅ​ផ្នែក​ខាងក្រោម​ភ្នំ​។​

​លោក សើ សា​ម៉េ​ត បញ្ជាក់​យ៉ាង​ដូច្នេះ​៖ «​នៅ​ស្រុក មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ១​គ្រឿង ហើយ​បាញ់​ទឹក​អស់ ៣​គ្រឿង​។ ដោយសារ​ភ្លើង​ឆេះ​នៅលើ​ភ្នំ យើង​មិនអាច​បាញ់​ទឹក​ដល់ ដូច្នេះ​យើង​បាន​បាញ់​ការពារ​នៅ​ខាងក្រោម កុំ​ឲ្យ​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ និង​សាលាស្រុក​ដែល​នៅ​ជិត​នោះ​»​។ ទាក់ទង​នឹង​មូល​ហេតុដែល​ឆាបឆេះ​វិញ លោក សើ សា​ម៉េ​ត អភិបាលស្រុក​សំឡូត អះអាងថា ករណី​បឋម តាម​ការសន្និដ្ឋាន គឺ​ដោយសារ​ការបោះ​កន្ទុយបារី​របស់​ប្រជាពលរដ្ឋ​។​

​បើតាម​លោក សើ សា​ម៉េ​ត ភ្នំ​នេះ​ត្រូវបាន​ភ្លើង​ឆេះ​ជា​រៀងរាល់ឆ្នាំ​។ លោក សើ សា​ម៉េ​ត បន្ថែមថា ជារឿយៗ អាជ្ញាធរ​ស្រុក​សំឡូត បាន​ចុះ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ភ្លើង​ឆេះ​ព្រៃ​នេះ​ផងដែរ​។ ការ​ពន្លត់​អគ្គិភ័យ​ភ្នំ​នេះ មានការ​ចូលរួម​ពី​អភិបាលស្រុក និង​អាជ្ញាធរ​មួយចំនួន​៕


© រក្សាសិទ្ធិដោយ thmeythmey.com