ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ញុាំឆ្អែត ក៏នៅតែឮសំឡេងកូរពោះមែនទេ? កុំរំលងអត្ថបទនេះ
× ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាសំឡេងកូរពោះ ឬសូរសំឡេងលាន់ឮក្នុងពោះសុទ្ធតែបណ្ដាលមកពីឃ្លានឡើយ ក៏ព្រោះពេលខ្លះអ្នកទទួលទានឆ្អែតហើយនៅតែអាចឮ។ សំឡេងក្នុងពោះដែលឮខ្លាំងនិងកើតមានញឹកញាប់ខុសធម្មតាអាចបណ្ដាលមកពីបញ្ហាពាក់ព័ន្ធនឹងក្រពះពោះវៀន។ ពេលខ្លះស្ត្រេស បញ្ហាថប់បារម្ភ អារម្មណ៍អន្ទះសា រំភើប ឬតានតឹងក៏អាចបង្កឱ្យឮសំឡេងក្នុងពោះដែរ។
ទោះជាយ៉ាងណាថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីគន្លឹះទប់ទល់បញ្ហាឮសំឡេងក្នុងពោះ ៖
១. ទទួលទានទឹក
ពេលខ្លះសំឡេងកូរពោះ ឬសូរសំឡេងលាន់ឮក្នុងពោះជាសញ្ញាមួយដែលក្រពះពោះវៀនដំណើរការមិនស្រួល។ វិធីដ៏ងាយបំផុតមួយដើម្បីធានាបានថាក្រពះនិងពោះវៀនដំណើរការយ៉ាងរលូននោះ គឺទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ប្រមាណ ២ លីត្រក្នុងមួយថ្ងៃ។
២. ទទួលទាននំស្រួយ
អ្នកក៏អាចទទួលទានអាហារសម្រន់ស្រាលដូចជានំស្រួយដើម្បីបំបាត់សំឡេងកូរក្នុងពោះផងដែរ។
៣. សកម្មជាងមុន
វិធីដ៏ប្រសើរបំផុតមួយទៀតដើម្បីប្រាកដថាក្រពះនិងពោះវៀនដំណើរការប្រក្រតី គឺរាងកាយត្រូវតែមានភាពសកម្ម ឬធ្វើលំហាត់ប្រាណ។ ការធ្វើលំហាត់ប្រាណទៀងទាត់មិនត្រឹមតែជួយបំបាត់សំឡេងលាន់ឮក្នុងពោះប៉ុណ្ណោះទេ ប៉ុន្តែក៏ល្អសម្រាប់រក្សាសុខភាពរាងកាយទាំងមូលផងដែរ។
៤. ចៀសវាងទទួលទានកាហ្វេ
ការទទួលទានកាហ្វេ ជាពិសេសនៅពេលមិនទាន់ទទួលទានអ្វីផ្សេងសោះអាចបណ្ដាលឱ្យបញ្ហាលាន់ឮសំឡេងក្នុងពោះកាន់តែអាក្រក់ឡើង។ នេះក៏ព្រោះតែកាហ្វេរំញោចបង្កើនការកន្ត្រាក់នៃក្រពះពោះវៀន។ គ្រឿងស្រវឹងក៏ជាភេសជ្ជៈមួយប្រភេទដែលអ្នកគួរចៀសវាងផងដែរ។
៥. ស្ងប់អារម្មណ៍
ដូចបានលើកឡើងខាងលើរួចមកហើយបញ្ហាថប់បារម្ភនិងស្ត្រេសក៏អាចបណ្ដាលឱ្យក្រពះបញ្ចេញសំឡេងរំខានផងដែរ។ ដូច្នេះចូរព្យាយាមសម្រួលអារម្មណ៍៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com