អន្តរជាតិ
ករណីឆ្លងកូរ៉ូណាវីរុសនៅចិន កើនលើសករណីឆ្លង SARS ហើយ! លោកប្រធានាធិបតីចិន ស៊ី ជិនភីង។រូបថត AFP
× ករណីឆ្លងកូរ៉ូណាវីរុសនៅចិន បានកើនដល់៥៩៧៤ករណីនៅព្រឹកនៅថ្ងៃទី២៩ ខែមករា ដែលធ្វើឲ្យចំនួននៃការឆ្លងវីរុសនេះ កើនលើសពីករណីឆ្លងជំងឺ SARS ដែលផ្ទុះនៅឆ្នាំ២០០៣ ទៅទៀត។ ខណៈករាតត្បាតនៅបន្តកើនឡើង ករណីស្លាប់ដោយកូរ៉ូណាវីរុសដែលបង្កទៅជាជំងឺរលាកសួតធ្ងន់ធ្ងរនេះ បានកើនដល់១៣២នាក់ដែរ ហើយភាគច្រើននៅទីក្រុងវូហានដែលជាកន្លែងផ្ទុះវីរុសនេះមុនគេ។
នៅថ្ងៃទី២៩ ខែមករា គណៈកម្មការសុខភាពរបស់ចិន បានរាយការណ៍ពីករណីឆ្លងៗថ្មីរបស់មេរោគកូរ៉ូណាចំនួនច្រើនជាង១៤០០ករណីថែមទៀត ដែលធ្វើឲ្យចំនួនសរុបនៃការឆ្លងវីរុសនេះកើនដល់៥៩៧៤ គិតត្រឹមព្រឹកថ្ងៃដដែល។ ជិត៦ពាន់ករណីនេះ បានបំបែកកំណត់ត្រានៃការឆ្លងជំងឺ SARS ដែលអុកឡុកក្នុងឆ្នាំ២០០៣ ដល់ឆ្នាំ២០០៤ ។
បើបូកបញ្ចូលករណីឆ្លងទាំងនៅតៃវ៉ាន់ ហុងកុង ម៉ាកាវ និងប្រទេសឯទៀត ករណីឆ្លងកូរ៉ូណាវីរុសនេះ កើនលើស៦ពាន់ករណីទៅហើយ។ ប៉ុន្តែករណីស្លាប់ នៅតែមាននៅចិនប៉ុណ្ណោះ។ នៅថៃ អ្នកជំងឺមួយចំនួន ក៏ត្រូវរាយការណ៍ថា បានសះស្បើយផងដែរ។
អំឡុងពេលផ្ទុះពេញបន្ទុក និងរយៈពេលក្រោយៗមក ករណីឆ្លង SARS នៅចិនដីគោក មានចំនួន៥៣២៧ករណី។ កាលនោះ មនុស្សច្រើនជាង៧៧០នាក់ បានស្លាប់នៅទូទាំងពិភពលោក ហើយនៅចិនមានករណីស្លាប់ចំនួន៣៤៩នាក់ផងដែរ។ នេះបើតាមការផ្សាយររបស់ទីភ្នាក់ងារព័ត៌មាន AFP ។ យ៉ាងណាមិញ អ្នកជំនាញខ្លះ បានសរសើរចិនដែលបញ្ចេញព័ត៌មានបានទូលំទូលាយទាក់ទងកូរ៉ូណាវីរុសនេះ បើប្រៀបធៀបនឹងករណី SARS ដែលផ្ទុះនៅខេត្តគ័ងតុង។
ស្របពេលករណីឆ្លងកើនឡើងឆាប់រហ័ស ជនបរទេសជាច្រើន ត្រូវបានជម្លៀសចេញពីទីក្រុងវូហាន។ អាមេរិក និងជប៉ុន បានរៀបចំយន្តហោះដឹកជនខ្លួនរាប់រយចេញពីទីក្រុងគ្រោះថ្នាក់នេះ។ នៅថ្ងៃទី២៩ ខែមករា យន្តហោះដឹកអ្នកដំណើរជប៉ុនជាង២០០នាក់ បានចាកចេញពីវូហាន ហើយទៅដល់ទឹកដីជប៉ុនដោយសុវត្ថិភាព។ ជនជាតិជប៉ុនប្រមាណ៦៥០នាក់ទៀត ក៏មានបំណងចេញពីវូហានផងដែរ។ អាមេរិកវិញ បានដឹកបុគ្គលិកកុងស៊ុល និងពលរដ្ឋរបស់ខ្លួនជាង២០០នាក់ ចេញពីវូហានដែរ។
អឺរ៉ុបឯណោះវិញ ក៏ត្រៀមជម្លៀសពលរដ្ឋខ្លួនផងដែរ ដោយដឹកតាមយន្តហោះរបស់បារាំង ដែលគ្រោងដឹកជនជាតិខ្លួនចេញពីវូហានក្នុងសប្ដាហ៍នេះ ខណៈកូរ៉េខាងត្បូងក៏នឹងចាត់វិធានការដូចគ្នាក្នុងពេលនេះដែរ។ ប្រទេសផ្សេងទៀតមានថៃជាដើម ក៏កំពុងគិតគូរចំណាត់ការដូចគ្នានេះ៕
Tag:
ចិន
កូរ៉ូណាវីរុស
SARS
© រក្សាសិទ្ធិដោយ thmeythmey.com