ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ៖«យើង អាចព្យាបាលបុរសចិនផ្ទុកមេរោគកូរ៉ូណា ជាសះស្បើយ១០០ភាគរយ»
29, Jan 2020 , 9:58 am        
រូបភាព
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសុខាភិបាល អះអាងថា ក្រុមគ្រូពេទ្យកម្ពុជា អាចព្យាបាលបុរសជនជាតិចិន ដែលផ្ទុកមេរោគកូរ៉ូណា ឲ្យជាសះស្បើយ១០០ភាគរយ។ លោក បញ្ជាក់ថា៖«ឥឡូវហ្នឹង គាត់ ហាក់ដូចជា ជាសះស្បើយហើយ»។



ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ លោក លី សូវ៉ាន់ និយាយថា មកដលដ់ពេលនេះ បុរសជនជាតិចិននោះ លែងមានសញ្ញានៃមេរោគកូរ៉ូណាហើយ ដូចជា ក្អក និង ផ្តាសាយ ជាដើម។ លោកសង្កត់ធ្ងន់ថា៖«គាត់ លែងមានរោគសញ្ញាអ្វីទាំងអស់។ គាត់ អាចដើរ និងនិយាយជាមួយយើងបានធម្មតា»។

អត្ថបទទាក់ទង



អ្នកនាំពាក្យ បន្តថា កម្ពុជា អាចនឹងបញ្ជូនបុរសជនជាតិចិននោះ និងក្រុមគ្រួសាររបស់គាត់ ទៅប្រទេសចិនវិញ ក្នុងរយៈពេលដ៏ខ្លីខាងមុខ។ លោក បន្តថា យ៉ាងណា ក្នុងដំណាក់កាលនេះ ក្រុមគ្រូពេទ្យ នៅតែតាមដានមើលសុខភាពបុរសជនជាតិចិននោះយ៉ាងយកចិត្តទុកដាក់ និងបន្តដាក់គាត់ ឲ្យស្ថិតនៅក្នុងបន្ទប់ដោយឡែកពីគេដដែល។

នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ កម្ពុជា បានរកឃើញមេរោគកូរ៉ូណា លើបុរសជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ។ បុរសនោះ ឈ្មោះ ចា ជិនហួ អាយុ៦០ឆ្នាំ។ គាត់ បានធ្វើដំណើរជាមួយសមាជិកគ្រួសារ៣នាក់ទៀត ពីទីក្រុងវូហាន មកកាន់ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ គ្រួសាររបស់គាត់ទាំង៣នាក់ មិនមានមេរោគកូរ៉ូណានោះទេ។

នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បញ្ជាក់ថា លុះត្រាតែបុរសជនជាតិចិននោះ ត្រូវបានព្យាបាលជាសះស្បើយជាមុនសិន ទើបកម្ពុជា អាចបញ្ជូនរូបគេទៅកាន់ប្រទេសចិនវិញ។ លោក ថ្លែងដូច្នេះថា៖«មើលឲ្យគាត់ជា ចាំឲ្យគាត់ទៅវិញ កុំឲ្យទៅតាមផ្លូវឆ្លងគេ»។

អ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ជាអ្នកនាំពាក្យក្រសួងសុខាភិបាលដែរនោះ បានប្រាប់អ្នកកាសែត អំពីស្ថានភាពជំងឺរបស់បុរសជនជាតិចិននោះ ដែលស្តាប់ទៅ ហាក់មិនសូវធ្ងន់ធ្ងរឡើយ។ អ្នកស្រី ឱ វណ្ឌឌីន ដែលបានចូលរួមក្នុងសន្និសីទជាមួយលោករដ្ឋមន្ត្រីនាពេលនោះ មានប្រសាសន៍ថា៖«សុខភាពរបស់គាត់ មានស្ថាភាពនឹងនទេ មិនបង្ហាញសភាពធ្ងន់ធ្ងរណាមួយនៅឡើយទេ លើកលែងតែរោគសញ្ញាមួយគត់ គឺគាត់មានរោគសញ្ញាផ្តាយសាយធម្មតា»។

មេរោគប្រភេទថ្មីម្យ៉ាង ហៅថា មេរោគកូរ៉ូណានេះ  មានប្រភពដើមមកពីទីក្រុងវូហាន ខែហឺប៉ី ប្រទេសចិន ដែលចាប់ផ្តើមផ្ទុះឡើងកាលពីចុងខែធ្នូ ឆ្នាំ២០១៩។ គិតមកដល់ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ អ្នកស្លាប់ដោយសារមេរោគកូរ៉ូណា បានកើនឡើងដល់ជាង១៣០នាក់ហើយ ខណៈអ្នកផ្ទុកមេរោគប្រភេទថ្មីនេះ បានកើនឡើងដល់ជិត៦ពាន់នាក់ នៅក្នុងប្រទេសចិន។

មេរោគប្រភេទថ្មី ដែលអាចបង្កទៅជាជំងឺរលាកសួត និងមិនទាន់មានវ៉ាក់សាំងការពារនេះ បានរាលដាលទៅដល់តំបន់ដទៃទៀត ដូចជា ម៉ាកាវ ហុងកុង និង តៃវ៉ាន់ រួមទាំងបណ្តាលប្រទេសនានា ដូចជា ថៃ វៀតណាម កម្ពុជា ជប៉ុន អាមេរិក អូស្ត្រាលី កូរ៉េខាងត្បូង កាណាដា ម៉ាឡេស៊ី សិង្ហបុរី បារាំង និង ណេប៉ាល់ ជាដើម។  តែពុំមានអ្នកបាត់បង់ជីវិតឡើយ ក្រៅតែពីនៅប្រទេសចិន៕

Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com