អន្តរជាតិ
យន្តហោះ​ដឹក​ពលរដ្ឋ​ជប៉ុន​ជាង​២០០​នាក់​ពី​វូ​ហាន បាន​ទៅដល់​ទីក្រុង​តូ​ក្យូ​
29, Jan 2020 , 10:33 am        
រូបភាព
យន្តហោះជប៉ុន ដែលដឹកពលរដ្ឋ២០៦នាក់ចេញពីវូហាន មកដល់ទីក្រុង តូក្យូ នៅព្រឹកថ្ងៃ ២៩ មករា ឆ្នាំ២០២០ (AFP)
យន្តហោះជប៉ុន ដែលដឹកពលរដ្ឋ២០៦នាក់ចេញពីវូហាន មកដល់ទីក្រុង តូក្យូ នៅព្រឹកថ្ងៃ ២៩ មករា ឆ្នាំ២០២០ (AFP)
ដោយ:
​ជនជាតិ​ជប៉ុន​ជុំទីមួយ ដែល​បាន​ជម្លៀស​ចេញពី​ទីក្រុង វូ​ហាន បាន​ដឹក​តាម​យន្តហោះ​ទៅដល់​ទីក្រុង តូ​ក្យូ នៅ​ថ្ងៃ ២៩ ខែមករា ។ ចំណែក​យន្តហោះ​អាមេរិក ដែល​ដឹក​ពលរដ្ឋ​ខ្លួន​ជាង​២០០​នាក់ បាន​ចេញពី​ក្រុង​វូ​ហាន នៅ​ថ្ងៃ​ពុធ ឆ្ពោះទៅកាន់​ព្រលានយន្តហោះ​មួយកន្លែង​ក្នុង​ទីក្រុង Los Angeles​។   ជប៉ុន និង​អាមេរិក​គឺជា​ប្រទេស​២​ដំបូង ក្នុងចំណោម​ប្រទេស​ដទៃទៀត ដែល​បាន​ដឹក​ពលរដ្ឋ​ខ្លួន​ចេញពី​តំបន់​ផ្ទុះ​វីរុស​នៅ​ចិន​នេះ ។

 
យន្តហោះ​នេះ បាន​ចុះចត​នៅ​ព្រលានយន្តហោះ Haneda នៅ​ម៉ោង ៨៖៤៥​ព្រឹក (​ម៉ោង​ក្នុងស្រុក​) ។ បើតាម​សម្តី​មន្ត្រី​ជប៉ុន យន្តហោះ​របស់​រដ្ឋាភិបាល​ជប៉ុន​នេះ បាន​ដឹក​មនុស្ស ២០៦​នាក់​។ ម្យ៉ាងទៀត រដ្ឋាភិបាល​ជប៉ុន មាន​គម្រោង​បញ្ជូន​យន្តហោះ​បន្ថែមទៀត​ទៅ​ទីក្រុង វូ​ហាន ខណៈ​ពលរដ្ឋ​ជប៉ុន​នៅទីនេះ ប្រមាណ ៦៥០​នាក់ បាន​បញ្ជាក់ថា ពួកគេ​ចង់​ត្រលប់​មកកាន់​ប្រទេស​ជប៉ុន​វិញ​។ ផែនការ​បញ្ជូន​យន្តហោះ​ទី​២​របស់​ជប៉ុន ទំនងជា​ធ្វើឡើង​នា​យប់​ថ្ងៃ​ពុធ​នេះ​តែម្តង​។ 
 
​តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​ជប៉ុន NHK មន្ត្រី​នៃ​ក្រសួងសុខាភិបាល​ជប៉ុន កាលពី​ថ្ងៃ​អង្គារ ២៨ មករា បាន​អះអាងថា អ្នកដំណើរ​ដែល​ទើប​ត្រូវបាន​ជម្លៀស​ពី​តំបន់​ផ្ទុះ​កូ​រ៉ូ​ណាវី​រុស​នេះ នឹង​ទទួល​ការធ្វើ​តេស្ត​សុខភាព​រកមើល​រោគសញ្ញា​លើ​យន្តហោះ ហើយ​នរណា​ដែលមាន​ចេញ​រោគសញ្ញា​នៃ​ជំងឺ​នេះ នឹងត្រូវ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​តែម្តង​។​
 
​មន្ត្រី​ជប៉ុន បន្តទៀតថា ពលរដ្ឋ​ជប៉ុន​ដែល​ត្រូវ​ជម្លៀស​ទាំងនេះ នឹង​ស្នើសុំ​ឲ្យ​សម្រាក​នៅផ្ទះ​មួយរយៈ ហើយ​ចៀសវាង​ការធ្វើដំណើរ​ទៅ​ទីប្រជុំ យ៉ាងហោចណាស់​រហូតដល់ លទ្ធភាព​នៃ​ការធ្វើ​តេស្ត​ពួកគេ ចេញមក​សិន​។ សម្រាប់​អ្នក​ដែល​រស់នៅក្នុង និង​ក្បែរ​ទីក្រុង តូ​ក្យូ នឹង​អនុញ្ញាត​ឲ្យ​ទៅផ្ទះ ចំណែក​អ្នក​ដែល​រស់នៅ​ឆ្ងាយ​ពី​ទីក្រុង​នេះ ជាបឋម នឹងត្រូវ​បញ្ជូន​ទៅកាន់​សណ្ឋាគារ​នៅក្បែរនោះ​។ 
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ថ្ងៃ​ពុធ ២៩ មករា​នេះ ក្រសួងសុខាភិបាល​ជប៉ុន បាន​រកឃើញ​ករណី​ឆ្លង​ណូ​វែ​ល​កូ​រ៉ូ​ណាវី​រុស ៧ នាក់​ហើយ ក្នុងប្រទេស ដែល​ក្នុងនោះ បុរស​ជប៉ុន​ម្នាក់​ដែល​ពុំ​ធ្លាប់មាន​ប្រវត្តិ​ទៅកាន់​ប្រទេស​ចិន​។ បុរស​ជា​អ្នកបើកបរ​រូបនេះ ដែល​មកពី​តំបន់  Nara ភាគ​ខាងលិច​នៃ​ប្រទេស​ជប៉ុន បាន​រកឃើញថា​ឆ្លង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ កាលពី​ថ្ងៃ​សៅរ៍ ទី​២៥ ខែមករា  ហើយ​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​មួយ​នៅ​តំបន់​នោះ​តែម្តង​៕

Tag:
 ជប៉ុន​
  វូ​ហាន​
  កូ​រ៉ូ​ណាវី​រុស​
  ការជម្លៀស
© រក្សាសិទ្ធិដោយ thmeythmey.com