ជាតិ
សុខភាព
WWF៖ ករណី​ផ្ទុះ​កូ​រ៉ូ​ណាវី​រុស ជាការ​ពញ្ញាក់​ស្មារតី​ពលរដ្ឋ​ឲ្យ​ឈប់​ទិញ​-​លក់​សត្វព្រៃ​
29, Jan 2020 , 10:59 am        
រូបភាព
ទីផ្សារលក់គ្រឿងសមុទ្រ ដែល​លួចលាក់សត្វព្រៃខុសច្បាប់ត្រូវបានបិទ ក្រោយករណីផ្ទុះកូរ៉ូណាវីរុស។ រូបថត AFP
ទីផ្សារលក់គ្រឿងសមុទ្រ ដែល​លួចលាក់សត្វព្រៃខុសច្បាប់ត្រូវបានបិទ ក្រោយករណីផ្ទុះកូរ៉ូណាវីរុស។ រូបថត AFP
​ភ្នំពេញ​៖ ការ​រាលដាល​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី នេះ ក៏​ជាការ​បញ្ញា​ក់​ស្មារតី​ឲ្យ​ពលរដ្ឋ​ឈប់​ទិញ​-​លក់​សត្វព្រៃ ធ្វើជា​អាហារ និង​ជា​ឱសថ​ផងដែរ​។  នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ​(WWF) បើទោះបីជា​មិនទាន់មាន​ការសន្និដ្ឋាន​ផ្លូវការ ថា ការឆ្លង​បណ្តាលមកពី​ការបរិភោគ​សាច់​មិនត្រូវ​ក៏ដោយ​។​

 
​មេរោគ​កូ​រ៉ូ​ណា​ថ្មី​ដែល​គេ​ហៅថា វីរុស​កូ​រ៉ូ​ណា ឬ​វូ​ហាន​វីរុស បាន​កើតឡើង​ដំបូង​នៅ​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី ប្រទេស​ចិន កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៩​។  មូលហេតុ​នៃ​ការផ្ទុះ​មេរោគ​នេះ បាន​ស្ថិតនៅក្នុង​ការសង្ស័យរ​បស់​អ្នកជំនាញ ទៅលើ​ការ​ចរាចរ​សត្វព្រៃ​ក្នុង​ទីផ្សារ នៅ​ខេត្ត​វូ​ហាន ផ្ទាល់​តែម្តង​។ ក្រោយ​ដឹង​ប្រភព​នៃ​មេរោគ​ដ៏​សាហាវ​នេះ​អាជ្ញាធរ​ប្រទេស​ចិន បាន​បិទ​ទីផ្សារ​លក់​គ្រឿង​សមុទ្រ ដែល​បង្កប់​សត្វព្រៃ​ខុសច្បាប់​នោះ ភ្លាមៗ​។ 
 
​ចំពោះ​ការបិទ​ទីផ្សារ​ចរាចរ​សត្វព្រៃ​គ្រប់​ប្រភេទ​នេះ អង្គការ WWF បានប្រកាស​គាំទ្រ​រដ្ឋាភិបាល​ចិន​ទាំងស្រុង ក្នុងការ​លើកកម្ពស់​ចំណេះដឹង​សាធារណជន ឱ្យបាន​ល្អប្រសើរ​ជាង​មុន​អំពី​ហានិភ័យ​នានា​ចំពោះ​សុខភាព​មនុស្ស​ដែល​បណ្ត​ល​មកពី​ការជួញដូរ​សត្វព្រៃ​គ្មាន​ការត្រួតពិនិត្យ និង​ខុសច្បាប់​។ លើក​ពីនេះ​ក៏​លើកកម្ពស់​ការយល់ដឹង​ពី​ហេតុ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​នៃ​ការជួញដូរ​សត្វព្រៃ និង​ជីវៈចម្រុះ​ជា​សកលលោក ផងដែរ​។​
 
​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នេះ អង្គការ​WWF លើកទឹកចិត្ត និង​ជំរុញ​រដ្ឋាភិបាល​ចិន​ឱ្យ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន ក្នុងការ​កាត់់បន្ថយ​តម្រូវការ​សត្វព្រៃ និង​បន្ត​លើកកម្ពស់​ការផ្សព្វផ្សាយ​ជា​សាធារណៈ និង​សហការ​ជាមួយ​រដ្ឋាភិបាល ស្ថាប័ន​អភិរក្ស​អន្តរជាតិ​វិស័យ​ឯកជន និង​បណ្តា​សហគមន៍​មូលដ្ឋាន ក្នុងការ​បញ្ឈប់​ការជួញដូរ​សត្វព្រៃ​ខុស​ច្បាស់​។ អង្គការ​នេះ បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការផ្តល់​ការគាំទ្រ​ផ្នែក​បច្ចេកទេស​តាមដាន​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់ និង​គាំទ្រ​ការកសាង​សមត្ថភាព​សម្រាប់​ការងារ​ពង្រឹង​ច្បាប់ ដើម្បី​ជួយ​ដល់​វិធានការ​នៃ​ការបិទ​ទីផ្សារ​សត្វព្រៃ​ប្រកបដោយ​ប្រសិទ្ធភាព​។ 
 
​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៩​មករា ឆ្នាំ​២០២០ កូ​រ៉ូ​ណា​វីរុស​នេះ បាន​រាលដាល​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​ជាង​៦០០០​នាក់ ក្នុងនោះ​អ្នកស្លាប់ មាន​ចំនួន​១៣២​នាក់​។ ប្រទេស និង​តំបន់ ដែល​រកឃើញ​ករណី​ឆ្លង​មេរោគ​នេះ មាន​ចិន ហុងកុង ថៃ ម៉ា​កាវ អាមេរិក អូ​ស្រា្ត​លី សិង្ហ​បុរី តៃវ៉ាន់ ជប៉ុន ម៉ាឡេស៊ី កូរ៉េខាងត្បូង បារាំង កាណាដា វៀតណាម ណេ​ប៉ាល់ កម្ពុជា ស្រី​ល​ង្ហា និង​អាល្លឺម៉ង់​៕ 

Tag:
 មេរោគ​
  កូ​រ៉ូ​ណាវី​រុស​
  សត្វព្រៃ​
© រក្សាសិទ្ធិដោយ thmeythmey.com