សុខភាព
អន្តរជាតិ
ចិន ទាមទារឲ្យកាសែតដាណឺម៉ាកសុំទោស លើទង់ជាតិចិនមានរូបកូរ៉ូណាវីរុស ទង់ជាតិរបស់ចិន ដែលកាសែតJyllands-Posten បានដាក់រូបកូរ៉ូណាវីរុស ជំនួសឲ្យផ្កាយទាំង៥របស់ចិន។ រូបភាព៖ Reuters
× ស្ថានទូតចិន ប្រចាំនៅដាណឺម៉ាក នាថ្ងៃទី២៨ ខែមករា បានទាមទារឲ្យកាសែត Jyllands-Posten ចេញមុខសុំទោស ជុំវិញការចេញផ្សាយរូបភាពទង់ជាតិចិន ដែលមានរូបកូរ៉ូណាវីរុស ជំនួសឲ្យផ្កាយទាំង៥ របស់ចិន ប៉ុន្តែនិពន្ធនាយកនៃកាសែតមួយនេះ បានចេញមុខបដិសេធ។
តាមរយៈសេចក្តីថ្លែងការណ៍របស់ស្ថានទូតចិន កាសែត Jyllands-Posten និង អ្នកគូររូប Niels Bo Bojesen គួរតែសុំទោសប្រជាជនចិន ជុំវិញបញ្ហាចេញផ្សាយទង់ជាតិចិន ដែលមានរូបកូរ៉ូណាវីរុស ជំនួសឲ្យផ្កាយទាំង៥ ដោយមានភ្ជាប់ជាមួយចំណងជើងរូបភាពថា កូរ៉ូណាវីរុស។
បើតាមការពន្យល់របស់ស្ថានទូត ទង្វើរបស់កាសែតដាណឺម៉ាកមួយនេះ គឺឈានហួសខ្សែបន្ទាត់នៃប្រទេសរីកចម្រើនហើយ ម្យ៉ាងវាការជាការបំពានសីលធម៌នៃការបញ្ចេញមតិ និងការយល់ដឹងរបស់មនុស្ស។ បានសេចក្តីថា វាជាទង្វើ ដែលគ្មានការយល់ដឹង និងអាណិតអាសូរអ្នកដទៃ ដែលកំពុងរងការឈឺចាប់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ជាការឆ្លើយតប លោក Jacob Nybroe និពន្ធនាយករបស់កាសែត Jyllands-Posten បានបដិសេធសុំទោសចំពោះប្រជាជនចិន ដោយសំអាង រូបភាពទង់ជាតិចិននេះ មិនមែនធ្វើឡើង ដើម្បីបង្កើតការសប្បាយ ឬសើចចំអកដាក់ប្រជាជនចិន ដែលកំពុងប្រឈមនឹងកូរ៉ូណាវីរុសទេ។ បើតាមលោកនិពន្ធនាយក កាសែត Jyllands-Posten មិនអាចសុំទោស ទៅលើទង្វើដែលមិនខុសនោះទេ ម្យ៉ាងកម្មវត្ថុនៃរូបភាពទង់ជាតិចិននោះ ក៏មិនមែនមានន័យដូចស្ថានទូតចិនគិតដែរ។
សូមបញ្ជាក់ថា កាសែត Jyllands-Posten បានចេញផ្សាយរូបភាពទង់ជាតិចិនមួយ ដោយមានដាក់រូបកូរ៉ូណាវីរុស ជំនួសផ្កាយទាំង៥ នៅលើទំព័ររបស់ខ្លួន នាថ្ងៃទី២៧ ខែមករា។ នៅក្នុងក្រោមរូបភាពនោះ កាសែត Jyllands-Posten បានដាក់ចំណងជើងថា កូរ៉ូណាវីរុស៕
Tag:
ដាណឺម៉ាក
ចិន
កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com