អន្តរជាតិ
ឱសថស្ថាននៅប៉េកាំងមួយ រងពិន័យជាង៤០ម៉ឺនដុល្លារព្រោះដំឡើងថ្លៃម៉ាស់ ប្រភពរូប៖ AFP
× ឱសថស្ថានមួយកន្លែង ក្នុងរដ្ឋធានី ប៉េកាំង របស់ចិន នឹងត្រូវរងពិន័យលុយ ៣លានយ័ន (៤៣៤ ៥៣០ ដុល្លារ) សម្រាប់ការដំឡើងតម្លៃ ម៉ាស់ ជិត ៦ ដងលើសតម្លៃដើម ខណៈពលរដ្ឋស្លន់ស្លោរឿងការរាលដាលកូរ៉ូណាវីរុស។ និយតករផ្នែកទីផ្សាររបស់ទីក្រុងប៉េកាំង អះអាងបែបនេះ នៅថ្ងៃពុធ ទី២៩ មករា។
ក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបង្ហោះលើវេបសាយខ្លួន និយតករប្រចាំក្រុងប៉េកាំង បានជូនដំណឹងពីការពិន័យផ្នែករដ្ឋបាលទៅកាន់ឱសថស្ថានមួយឈ្មោះថា Beijing Jimin Kangtai Pharmacy សម្រាប់ការដំឡើងតម្លៃម៉ាស់ប្រភេទ N95 ហួសហេតុពេក។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដោយដកស្រង់តាមទូរទស្សន៍រដ្ឋចិនមួយ ឱសថស្ថានមួយនេះ បានដំឡើងតម្លៃម៉ាស់ម៉ាក 3M មួយប្រអប់ទៅកាន់តម្លៃ ៨៥០ យ័ន (១២២ដុល្លារ) ខណៈតម្លៃលក់តាមអនឡាញ ស្មើ ១៤៣ យ័ន (២០ដុល្លារ) ។
បើតាមប្រភពដដែល ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនមក និយតករប្រចាំក្រុងប៉េកាំងនេះ បានបើកការស៊ើបអង្កេតលើករណីដំឡើងថ្លៃហួសហេតុចំនួន ៣១ទីតាំង ខណៈខ្លួនក៏កំពុងពង្រឹងការឃ្លាំមើលលើតម្លៃរបស់សម្ភារការពារដទៃទៀត ហើយដាក់ទោសលើសកម្មភាពខុសច្បាប់ ដូចជា បំភ្លៃព័ត៌មានជុំវិញការដំឡើងថ្លៃ។
ធ្ងន់ធ្ងរជាងនេះទៅទៀត ក្នុងទីក្រុងសៀងហៃឯណោះវិញ និយតករផ្នែកទីផ្សារប្រចាំក្រុងពាណិជ្ជកម្មនេះ បានចេញបញ្ជាឲ្យបទឱសថស្ថានមួយកន្លែង ដែលបានលក់ម៉ាស់មិនត្រឹមត្រូវតាមបទដ្ឋាន។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ដកស្រង់ការលើកឡើងរបស់រដ្ឋាភិបាលក្រុងនេះ។
សូមបញ្ជាក់ថា ការផ្ទុះរាតត្បាតនៃណូវែលកូរ៉ូណាវីរុសនេះ ដែលបានផ្តើមឡើងក្នុងទីក្រុង វូហាន កាលពីចុងខែធ្នូ ឆ្នាំ២០១៩ បានសម្លាប់មនុស្ស ១៣២នាក់ ហើយជិត ៦ពាន់នាក់ បានឆ្លងក្នុងប្រទេសចិន។ នេះជាតួលេខចុងក្រោយបង្អស់គិតត្រឹមព្រឹកថ្ងៃពុធ ២៩ ខែមករា ៕
Tag:
ចិន
ប៉េកាំង
កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com