សម្ដេច ស ខេង ប្រាប់​នគរបាល​ឲ្យ​កសាង​យុត្តិធម៌​សង្គម ដោយ​អ្នក​ខុសច្បាប់​មិនត្រូវ​លើកលែង​
ជាតិ
សម្ដេច ស ខេង ប្រាប់​នគរបាល​ឲ្យ​កសាង​យុត្តិធម៌​សង្គម ដោយ​អ្នក​ខុសច្បាប់​មិនត្រូវ​លើកលែង​
29, Jan 2020 , 2:37 pm        
រូបភាព
រូបពីហ្វេសប៊ុកសម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
រូបពីហ្វេសប៊ុកសម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
​ភ្នំពេញ​៖ ឧបនាយករដ្ឋមន្ត្រី សម្ដេច ស ខេង បាន​ដាស់តឿន​នគរបាលជាតិ ឲ្យ​ប្រព្រឹត្ត​ទៅតាម​វិជ្ជាជីវៈ​។ ដើម្បី​គោរព​តាម​វិជ្ជាជីវៈ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រូបនេះ បាន​រំលឹកថា នគរបាល​ត្រូវ​ស្មោះត្រង់​នឹង​តួនាទី​របស់ខ្លួន ក្នុងការ​បម្រើ​ជាតិ​បម្រើ​ប្រជាពលរដ្ឋ មិនមែន​ដើម្បី​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន បក្ខពួក​ក្រុមគ្រួសារ​រ​បស់​ខ្លួន​នោះទេ​។ «​យើង​(​នគរបាល​ម្នាក់ៗ​)​មិន​លើកលែង​ចំពោះ​បុគ្គល​ណា​ទាំងអស់​ដែល​ប្រព្រឹត្ត​ខុស​ទោះបី​បង​ខ្ញុំ ក្មួយ​ខ្ញុំ ពូ​ខ្ញុំ មីង​ខ្ញុំ​ក៏ដោយ ឲ្យ​តែ​ខុសច្បាប់ យើង​ត្រូវតែ​អនុវត្ត​ច្បាប់ នោះ​ដែល​ហៅថា​វិជ្ជាជីវៈ​»​។ នេះ​ជាការ​ថ្លែង​របស់​សម្ដេច ស ខេង ក្នុង​ពិធី​ប្រគល់​រថយន្ត​ដល់​ស្នងការ​នគរបាល​រាជធានី​ខេត្ត នៅ​ថ្ងៃទី​២៩​ខែមករា​នេះ​។ សម្ដេច​បញ្ជាក់ថា ការគោរព​តាម​វិជ្ជាជីវ​របស់​នគរបាល គឺជា​ការចូលរួម​កសាង​បរិយាកាស​យុត្តិធម៌​សង្គម​។​


 
​សូម​ស្ដាប់​ប្រសាសន៍​សម្ដេច ស ខេង ៖
 


 
​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង ថ្លែងថា បើ​មន្ត្រីនគរបាល បែរជា​ជួយ​លាក់បាំង​ការប្រព្រឹត្ត​ខុសច្បាប់​របស់​សាច់ញាតិ​ខ្លួន ឬ​ទម្លាក់កំហុស​ឲ្យ​អ្នក​ដ៏​ទៃ​ជំនួស គឺជា​ការធ្វើ​ខុស​វិជ្ជាជីវ​នគរបាល​។ សម្ដេច​អះអាងថា មិនមែន​មានន័យថា នគរបាល​ពុំ​អាចជួយ​សាច់ញាតិ​របស់ខ្លួន​នោះទេ តែ​ត្រូវ​ជួយ​ដោយ​ស្របច្បាប់​ដូចជា​រក​មេធា​វី​សម្រាប់​កិច្ចការពារ​តាមផ្លូវ​ច្បាប់​។ សម្ដេច​ថា​ការលើកឡើង​ខាងលើនេះ​គ្រាន់តែ​ជា​ឧទាហរណ៍​មួយ​ប៉ុណ្ណោះ​នៃ​វិជ្ជាជីវៈ​នគរបាល​។​
 
​សម្ដេច ស ខេង រំលឹកថា នគរបាល​ត្រូវ​បម្រើ​ប្រជាពលរដ្ឋ​ទូទៅ ដោយ​មិនត្រូវ​ប្រកាន់​បក្ខពួក ក្រុម​ណាមួយ​ឡើយ​។ «​បើ​យើង​មិន​វិជ្ជាជីវៈ​….​កន្លែង​ចោរប្លន់ កន្លែង​ហ្នឹង​កាល​បោះឆ្នោត​គណបក្ស​មិនបាន​សំឡេងឆ្នោត​ទេ ឲ្យ​ទៅ​អ៊ីចឹងទៅ​(​មិន​បង្ក្រាប​បទល្មើស​) អាហ្នឹង​មិនត្រូវ​ដែរ ព្រោះ​យើង​ជា​នគរបាលជាតិ ដែល​មានន័យថា​មិនមែនជា​នគរបាល​រប​ស់​ក្រុម​ណាមួយ​ទេ​»៕


Tag:
 ស ខេង​
  នគរបាល​
  វិជ្ជាជីវៈ​
© រក្សាសិទ្ធិដោយ thmeythmey.com