អន្តរជាតិ
ចិន អនុញ្ញាត​ឲ្យ WHO បញ្ជូន​អ្នកជំនាញ​មក​ដើម្បី​សិក្សា​ពី​កូ​រ៉ូ​ណាវី​រុស​
29, Jan 2020 , 7:19 pm        
រូបភាព
ប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus (ខាងឆ្វេង) ចាប់ដៃជាមួយប្រធានាធិបតីចិន ស៊ី​ ជិនភីង។ រូបភាព៖ Xinhua
ប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus (ខាងឆ្វេង) ចាប់ដៃជាមួយប្រធានាធិបតីចិន ស៊ី​ ជិនភីង។ រូបភាព៖ Xinhua
​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃទី​២៨ ខែមករា បាន​យល់ព្រម​ឲ្យ​អង្គការ​សុខភាព​ពិភពលោក (WHO) បញ្ជូន​អ្នកជំនាញ​ឲ្យ​កាន់តែ​ឆាប់​កាន់​ល្អ ដើម្បី​សិក្សា​ពី​កូ​រ៉ូ​ណាវី​រុស​ឲ្យ​កាន់តែច្បាស់​ជាង​មុន និង​ដើម្បី​ណែនាំ​ពិភពលោក​ឲ្យ​មាន​វិធានការ​កាន់តែ​ជាក់ច្បាស់ ដើម្បី​ទប់ស្កាត់​វីរុស​ថ្មី​នេះ​។  ការប្រកាស​នេះ ធ្វើឡើង​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក Tedros Adhanom Ghebreyesus ប្រធាន​អង្គការ​សុខភាព​ពិភពលោក​រយៈពេល​ពីរ​ថ្ងៃ​នៅ​ចិន​។



ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ចិន ប្រធាន​អង្គការ​សុខភាព​ពិភពលោក Tedros Adhanom Ghebreyesus បាន​ជួប​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង​, រដ្ឋមន្ត្រី​សុខាភិបាល​, និង​រដ្ឋមន្ត្រីការបរទេស​ចិន​ជាដើម​។ ភាគី​ចិន និង WHO បាន​ជជែក​ពី​បញ្ហា​កូ​រ៉ូ​ណាវី​រុស ការសហការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស ការសិក្សា​លើ​ករណី​ឆ្លង និង​ករណី​ធ្ងន់ធ្ងរ​នៃ​វីរុស និង​ការចែករំលែក​ទិន្នន័យ​ជាដើម ដើម្បី​ណែនាំ​ទៅដល់​ពិភពលោក​ទាំងមូល ឲ្យ​មាន​វិធានការ​ទប់ស្កាត់​វីរុស​ប្រភេទ​ថ្មី​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក Tedros​។ 
 
​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ ទីក្រុង​ប៉េកាំង បានអនុញ្ញាត​ឲ្យ​អង្គការ​សុខភាព​ពិភពលោក បញ្ជូន​អ្នកជំនាញ​អន្តរជាតិ ទៅ​ប្រទេស​ចិន ដើម្បី​សិក្សា​ពី​កូ​រ៉ូ​ណាវី​រុស ដែល​បាន​ឆ្លង​មនុស្ស​ជាច្រើន​ពាន់​នាក់ ជាពិសេស គឺ​សហការ​ជាមួយ​រដ្ឋាភិបាល​ចិន ដើម្បី​យល់ដឹង​បន្ថែមទៀត​ពី​វីរុស​ប្រភេទ​ថ្មី​។ ម្យ៉ាង​ការបញ្ជូន​អ្នកជំនាញ​នេះ អាចជា​ការបើក​លទ្ធភាព ឲ្យ​មានការ​សិក្សា​ពី​ថ្នាំ​បង្ការ និង​ការព្យាបាល​កូ​រ៉ូ​ណា​វីរុស​ផងដែរ​។ ប៉ុន្តែ​ភាគី​ទាំងពីរ មិនបាន​បញ្ជាក់​ពី​ពេលវេលា​ច្បាស់លាស់ ជុំវិញ​ការ​ការបញ្ជូន​អ្នកជំនាញ​នៅឡើយ​ទេ​។ 
 
​នា​ថ្ងៃទី​២៨ ខែមករា ប្រធានាធិបតី​ចិន ស៊ី បាន​ប្តេជ្ញា​ជម្នះ វីរុស​ដ៏​អាក្រក់​នេះ​ឲ្យ​បាន ព្រោះ​វា​បានសម្លាប់​ប្រជាជន​ចិន​ជាច្រើន និង​បំផ្លាញ​លុយ​ចិន​ជាច្រើន​ពាន់​លាន​ដុល្លារ​៕

Tag:
 ចិន​
  WHO
  កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com