អន្តរជាតិ
អ្នកវិទ្យាសាស្ត្រ​អូស្ត្រាលី ប្រកាសថា​ខ្លួន​អាច​ចិញ្ចឹម​កូ​រ៉ូ​ណា​វីរុស​នៅក្នុង​មន្ទី​ពិសោធន៍​
29, Jan 2020 , 8:19 pm        
រូបភាព
រូបភាព៖ CNN
រូបភាព៖ CNN
​អ្នកវិទ្យាសាស្ត្រ​មួយក្រុម ដែលមាន​មូលដ្ឋាន​នៅ​អូស្ត្រាលី នៅ​ថ្ងៃទី​២៩ ខែមករា បាន​អះអាងថា ខ្លួន​បាន​អភិវឌ្ឍ​យ៉ាង​ជោគជ័យ​លើ​ការចិញ្ចឹម កូ​រ៉ូ​ណា​វីរុស​នៅក្នុង​មន្ទីរពិសោធន៍​របស់ខ្លួន​។ នេះ​គឺជា​ករណី​ដំបូង ដែល​វីរុស​ប្រភេទ​ថ្មី​នេះ ត្រូវបាន​គេ​បង្កើត​ឡើងវិញ​នៅក្រៅ​ប្រទេស​ចិន ហើយ​វា​ក៏​ជាស​ញ្ញា​វិជ្ជមាន​មួយ​ផងដែរ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​កូ​រ៉ូ​ណា​វីរុស​នៅក្នុង​ក្នុងប្រទេស​ចិន និង​ពិភពលោក​។


 
​បន្ទាប់ពី​អាច​ចិញ្ចឹម​កូ​រ៉ូ​ណាវី​រុស​នៅក្នុង​មន្ទីរពិសោធន៍​បាន ក្រុម​អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ជំងឺឆ្លង និង​ភាពស៊ាំ​នៃ​មេរោគ​Peter Doherty នៃ​ប្រទេស​អូស្ត្រាលី បាន​អះអាងថា ខ្លួន​នឹង​ចែករំលែក​គំរូ​នៃ​វីរុស​ថ្មី​នេះ ជាមួយ​អង្គការ​សុខភាព​ពិភពលោក និង​មន្ទីរពិសោធន៍​ផ្សេងទៀត នៅ​ជុំវិញ​ពិភពលោក​។ 
 
​បើតាម​ការបញ្ជា​ក់រប​ស់​អ្នកស្រាវជ្រាវ​អូស្ត្រាលី កូ​រ៉ូ​ណា​វីរុស​នេះ ត្រូវបាន​គេ​ចិ​ញ្ជឹ​ម​ចេញពី​អ្នកជំងឺ​ម្នាក់ ដែល​បាន​ឆ្លង​វីរុស​នេះ និង​បាន​បញ្ជូនមក​វិទ្យាស្ថាន​តាំងពី​ថ្ងៃទី​២៤ ខែមករា​មក​ម្លេះ​។ នេះ ជា​លើកដំបូង ដែល​វីរុស​កូ​រ៉ូ​ណា​ត្រូវបាន​គេ​អភិវឌ្ឍ និង​ចិញ្ចឹម​នៅក្រៅ​ប្រទេស​ចិន និង​មាន​គំរូ​ត្រឹមត្រូវ​។ ចំណែក​មន្ទីរពិសោធន៍​នៅ​ចិន​វិញ គេ​ក៏​អាច​ចិញ្ចឹម​វីរុស​នេះ​បាន​ដូចគ្នា ប៉ុន្តែ​ចិន​គ្រាន់តែ​ចែករំលែក ហ្សែ​ន​នៃ​វីរុស ប៉ុណ្ណោះ មិនមែន​គំរូ​នៃ​វីរុស​ឡើយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​អូស្ត្រាលី ABC​។ 
 
​ជាមួយគ្នានេះ លោក Julian Druce ប្រធាន​មន្ទី​ពិសោធន៍​កំណត់​អត្តសញ្ញាណ​នៃ​វីរុស​របស់​វិទ្យាស្ថាន Peter Doherty បាន​និយាយ​សេចក្តីថ្លែងការណ៍​ថា បន្ទាប់ពី​មាន​គំរូ​កូ​រ៉ូ​ណាវី​រុស វិទ្យាស្ថាន​មាន​សមត្ថភាព​ក្នុងការ​ពិសោធ​លើ​វីរុស​ប្រភេទ​ថ្មី​នេះ​គ្រប់​វិធី​ទាំងអស់ ក្នុងនោះ​រួមមាន​ការពិសោធ​រក​ថ្នាំ​បង្ការ ព្យាបាល និង​ការ​រកមើល​វីរុស​នៅក្នុង​ខ្លួន​អ្នកជំងឺ ដែល​មិនទាន់​ចេញ​រោគសញ្ញា​ជាដើម​។ យ៉ាងណាក៏ដោយ លោក Julian បាន​បន្តថា វីរុស​នេះ គឺ​ត្រូវបាន​ប្រើប្រាស់​តែ​ក្នុង​ផ្លូវ​វិជ្ជមាន​តែប៉ុណ្ណោះ​សម្រាប់​មន្ទីរពិសោធន៍រ​បស់​អូស្ត្រាលី​។ 
 
​សូមបញ្ជាក់ថា កូ​រ៉ូ​ណាវី​រុស បាន​ផ្ទុះឡើង​នៅក្នុង​ក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី ដែល​បាន​បង្ក​ឲ្យ​មនុស្ស​ជាច្រើន​ពាន់​នាក់​ផ្ទុក​វីរុស​នេះ និង​មនុស្ស​ជាច្រើន​រយ​នាក់​បាន​ស្លាប់​នៅ​ចិន​។ វីរុស​ថ្មី​នេះ ត្រូវបាន​គេ​ជឿថា បង្កដោយ​សត្វព្រៃ ដែល​លក់​នៅក្នុង​ផ្សារ​លក់​គ្រឿង​សមុទ្រ​មួយកន្លែង ក្នុង​ក្រុង​វូ​ហាន​។ ម្យ៉ាងទៀត កូ​រ៉ូ​ណាវី​រុស អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស តាមរយៈ​ការ​ក្អក កណ្តាស់ និង​ទឹកមាត់​ជាដើម​៕

Tag:
 អូស្ត្រាលី​
  ចិន​
  កូ​រ៉ូ​ណាវី​រុស​
© រក្សាសិទ្ធិដោយ thmeythmey.com