ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ​ប៉ូលិស​ថា នឹង​ចាត់ការ​តាមច្បាប់ បើ​រកឃើញ​អ្នកបង្កើត​ព័ត៌មាន​ក្លែងក្លាយ​ពី​មេរោគ​កូ​រ៉ូ​ណា​
29, Jan 2020 , 8:39 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង
រូបពីទំព័រហ្វេសប៊ុករបស់នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង
ដោយ: ថ្មីៗ
​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គស្នងការ​រង​និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ អះអាងថា សមត្ថកិច្ច នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ បើ​រកឃើញ​ជន​ណា ដែល​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​លើ​បណ្តាញ​សង្គម អំពី​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​។ 


 
ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ នារ​សៀល​ថ្ងៃទី​២៩ ខែមករា ឆ្នាំ២០២០ លោក ឆាយ គឹម​ខឿន បញ្ជាក់​ដូច្នេះ​ថា​៖«...​បើ​រកឃើញ គេ​ចាត់វិធានការ​...»​។ យ៉ាងណា លោក ពុំបាន​ផ្តល់​ចម្លើយ​ឡើយ​ថា ពេលនេះ សមត្ថកិច្ច ចាប់ផ្តើម​ចាត់វិធានការ​ជាក់ស្តែង ស្រាវជ្រាវ​រក​អ្នកបង្កើត​ព័ត៌មាន​ក្លែងក្លាយ​ទាំងនោះ​ហើយ​ ឬ​​ក៏​មិនទាន់​ទេ​។ 
 
​អ្នកនាំពាក្យ​រូបនេះ លើក​ហេតុផល​ថា​៖«​គេ ប្រើ​បច្ចេកវិទ្យា​បង្ហោះ អ៊ីចឹង យើង ត្រូវ​ស្រាវជ្រាវ​តាម​បច្ចេកវិទ្យា​។ យើង អត់​ទាន់​ដឹងថា អ្នកណា​បង្ហោះ​ណា​ឥឡូវ​។ រក​របៀប​ម៉េច សហការ​ជាមួយ​អ្នកណា អ្នកណា​គេ​ប្រាប់​ទាំងអស់​ខ្ទេចខ្ទី​អ៊ីចឹង​»​។          
 
​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល អំពាវនាវ​ឲ្យ​សមត្ថកិច្ច ចាត់វិធានការ​លើ​អ្នកបង្កើត​ព័ត៌មាន​ក្លែងក្លាយ​ទាំងនោះ​។ លោក និយាយ​ជាមួយ Fresh News ថា​៖«​ខ្ញុំ យល់ថា​គាត់​មាន​ចេតនា​បំភ័យ​ប្រជាជន​ពិតប្រាកដ អាជ្ញាធរ [​ត្រូវ​] មាន​វិធានការ​តាមផ្លូវ​ច្បាប់​»​។ 
 
​លោក មាស សុ​ភ័​ណ្ឌ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លើកឡើងថា អ្នកប្រើប្រាស់​បណ្តាញ​សង្គម ត្រូវមាន​ទំនួល​ខុសត្រូវ ក្នុងការ​បង្ហោះ និង ការចែករំលែក​ព័ត៌មាន​នានា ហើយ​ត្រូវ​ចៀសវាង​ការបង្កើត​ព័ត៌មាន​មិន​ពិត ដែល​បង្ក​ឲ្យ​មាន​អសន្តិសុខ​ដល់​សង្គម និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​-​កេរ្តិ៍ឈ្មោះ​របស់​បុគ្គល​ឬ​ស្ថាប័ន​ណាមួយ​។ លោក រម្លឹកថា ការបង្កើត​ឬ​ការ​បង្ហោះ​ព័ត៌មាន​មិន​ពិត​បែបនេះ អាច​នាំ​ឲ្យ​មានការ​ប្រឈម​ចំពោះមុខ​ច្បាប់​។ 
 
​លោក បន្តថា ក្រសួង​ព័ត៌មាន កំពុង​តាមដាន​មើល​ចំពោះ​ការបង្កើត​ព័ត៌មាន​ក្លែងក្លាយ​ពី​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នេះ​។ តើ​ក្រសួង​ព័ត៌មាន មាន​ចាត់វិធានការ​ជាក់ស្តែង​ហើយ​ឬ​នៅ​? លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖«​យើង រង់ចាំ​កិច្ចសហការ​ពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​»​។ 
 
​ការផ្ទុះ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នៅ​ប្រទេស​ចិន បង្ក​ការភ័យខ្លាច​ដល់​ពលរ​ដ្ឋ​នៃ​ប្រទេស​នានា រួមទាំង​ពលរដ្ឋ​កម្ពុជា​ផងដែរ ជាពិសេស នៅពេល​កម្ពុជា បាន​ជួបប្រទះ​នឹង​មេរោគ​នេះ​។ អ្វីដែល​ធ្វើ​ពលរដ្ឋ​កម្ពុជា រឹតតែ​បារម្ភ គឺ​មានការ​បង្ហោះ​ព័ត៌មាន​ជា​បន្តបន្ទាប់​លើ​បណ្តាញ​សង្គម ថា រកឃើញ​ជនជាតិ​ចិន​បន្ថែមទៀត ដែល​ផ្ទុកមេរោគ​កូ​រ៉ូ​ណា នៅ​ខេត្ត​-​ខេត្ត​នោះ ឬ​នៅ​កន្លែង​នេះ​-​កន្លែង​នោះ​។ 
 
​ជាក់ស្តែង មានការ​បង្ហោះ​ព័ត៌មាន​ថា រកឃើញ​ជនជាតិ​ចិន​២​នាក់ ផ្ទុកមេរោគ​កូ​រ៉ូ​ណា នៅ​ខេត្តសៀមរាប និង​២​នាក់​ទៀត នៅ​ខេត្តកោះកុង​។ តែ​មន្ត្រី​ពាក់ព័ន្ធ ជាពិសេស​ក្រសួងសុខាភិបាល បានចេញ​បដិសេធថា ព័ត៌មាន​នេះ មិន​ពិត​ឡើយ​។ 
 
​ក្រសួង បញ្ជាក់​ជា​ដដែលៗ​ថា មកដល់ពេលនេះ កម្ពុជា មាន​មេរោគ​កូ​រ៉ូ​ណា​តែ​១​ករណី​ប៉ុណ្ណោះ នៅលើ​បុរស​ជនជាតិ​ចិន​ម្នាក់ អាយុ​៦០​ឆ្នាំ ឈ្មោះ ចា ជិន​ហួ​។ គាត់ និង សមាជិកគ្រួសារ​៣​នាក់​ទៀត បានធ្វើ​ដំណើរ​ពី​ទីក្រុង​វូ​ហាន មកកាន់​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០​។ គ្រួសារ​របស់គាត់ មិនបាន​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​ឡើយ​។​
 
​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ អ្នកនាំពាក្យ​ក្រ​សុខាភិបាល ផ្តល់ព័ត៌មាន​ថា បច្ចុប្បន្ននេះ បុរស​ជនជាតិ​ចិន​នោះ ស្ទើរតែ​ជាសះស្បើយ​ទៅហើយ​។ លោក ហ៊ាន​អះអាងថា ក្រុមគ្រូពេទ្យ​កម្ពុជា អាច​ព្យាបាល​គាត់​ឲ្យ​ជាសះស្បើយ​១០០​ភាគរយ​។​
 
​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នេះ  មាន​ប្រភពដើម​មកពី​ទីក្រុង​វូ​ហាន ខែ​ហ៊ូ​ប៉ី ប្រទេស​ចិន ដែល​ចាប់ផ្តើម​ផ្ទុះឡើង​កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៩​។ គិត​មកដល់​ព្រឹក​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២០ អ្នកស្លាប់​ដោយសារ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី បាន​កើន​ឡើងដល់​ជាង​១៣០​នាក់​ហើយ ខណៈ​អ្នក​ផ្ទុកមេរោគ​នេះ បាន​កើន​ឡើងដល់​ជិត​៦​ពាន់​នាក់ នៅក្នុង​ប្រទេស​ចិន​។​
 
​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ដែល​អាច​បង្ក​ទៅជា​ជំងឺ​រលាក​សួត និង​មិនទាន់មាន​វ៉ាក់សាំង​ការពារ បាន​រាលដាល​ទៅដល់​តំបន់​ដទៃទៀត ដូចជា ម៉ា​កាវ ហុងកុង និង តៃវ៉ាន់ រួមទាំង​បណ្តាល​ប្រទេស​នានា ដូចជា ថៃ វៀតណាម កម្ពុជា ជប៉ុន អាមេរិក អូស្ត្រាលី កូរ៉េខាងត្បូង កាណាដា ម៉ាឡេស៊ី សិង្ហ​បុរី បារាំង និង ណេ​ប៉ាល់ ជាដើម​។  ក្រៅពី​នៅ​ប្រទេស​ចិន ពុំមាន​អ្នក​បាត់បង់​ជីវិត​ដោយសារ​មេរោគ​នេះឡើយ​៕ 

Tag:
 កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com