អន្តរជាតិ
ក្រុមហ៊ុន​អាកាសចរ​អង់គ្លេស ឥណ្ឌូណេស៊ី រុស្ស៊ី ផ្អាក​ជើងហោះហើរ​ទៅ និង​មក​ចិន​
29, Jan 2020 , 9:19 pm        
រូបភាព
​ក្រុមហ៊ុន​អាកាសចរ​អង់គ្លេស ឥណ្ឌូណេស៊ី និង​រុស្ស៊ី​នៅ​ថ្ងៃទី​២៩ ខែមករា បានប្រកាស​ផ្អាក​ការហោះហើរ​ទៅ និង​មកពី​ចិន ក្នុងអំឡុងពេល កូ​រ៉ូ​ណាវី​រុស កំពុងតែ​អុក​ឡុង​ខ្លាំង និង​ដើម្បី​ទប់ស្កាត់​ការឆ្លង​វីរុស​ប្រភេទ​ថ្មី​នេះ ចូលមកក្នុង​ប្រទេស​។


 
​តាមរយៈ​វេ​ប​សាយ​របស់ខ្លួន ក្រុមហ៊ុន​អាកាសចរ British Airways មិន​បង្ហាញ​តារាង​ជើងហោះហើរ​ដោយផ្ទាល់​ណាមួយ​ឡើយ​ទៅ​ប្រទេស​ចិន នៅក្នុង​ខែមករា និង​ខែកុម្ភៈ​នេះ​។ បើតាម​សេចក្តីថ្លែងការណ៍​តាម​អ៊ី​ម៉ែ​ល​របស់ខ្លួន ក្រុមហ៊ុន​អាកាសចរ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​សុំទោស​អតិថិជន ចំពោះ​បញ្ហា​នេះ ប៉ុន្តែ​សុវត្ថិភាព​របស់​អតិថិជន និង​អ្នកបំរើ​ការ​លើ​យន្តហោះ គឺ​ចំបង​ជាងគេ​បំផុត​»​។ 
 
​ក្រុមហ៊ុន​អាកាសចរ British Airways បាន​បន្តទៀតថា សម្រាប់​អ្នកដំណើរ ដែល​ចង់ទៅ និង​ត្រលប់​មកពី​ចិន ក្នុងពេល​ខាងមុខ ត្រូវ​ឆែក​វេ​ប​សាយ​មើល​ជាមុនសិន ដើម្បី​ប្រាកដថា មាន​ជើងហោះហើរ​ទៅ និង​ត្រលប់​មកពី​ចិន​។ ការផ្អាក​ជើងហោះហើរ​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួងការបរទេស​អង់គ្លេស បានចេញ​សេចក្តី​ព្រមាន​ដល់​អ្នកដំណើរ​ទាំងអស់ ដែល​ចង់​ធ្វើដំណើរ​ទៅ​ចិន​។ 
 
​ចំណែក​ក្រុមហ៊ុន​អាកាសចរ​ឥណ្ឌូណេស៊ី Lion Air Group វិញ ក៏បាន​ផ្អាក​ការហោះហើរ​ទៅ និង​មកពី​ចិន​វិញ​ផងដែរ​ចាប់ពី​ថ្ងៃទី​១ ខែកុម្ភៈ​ខាងមុខ រហូតដល់​មានការ​កត់សម្គាល់​ថ្មី ទើប​បើក​ដំណើរការ​វិញ​។ ចំណាត់ការ​របស់​ក្រុមហ៊ុន ធ្វើឡើង​ក្នុង​គោលបំណង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​កូ​រ៉ូ​ណាវី​រុស​។ បើតាម​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Lion Air Group ក្រុមហ៊ុន នឹង​ផ្អាក​ជើងហោះហើរ​ទៅ​ទីក្រុង​ចំនួន ១៥​របស់​ចិន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​ក្រៅពី​អង់គ្លេស និង​ឥណ្ឌូណេស៊ី ក្រុមហ៊ុន​អាកាសចរ​រុស្ស៊ី​ឯណោះ​វិញ ក៏បាន​ផ្អាក​ជើងហោះហើរ​ទៅ​អឺរ៉ុប និង​ចិន​ផងដែរ​ក្នុងអំឡុងពេល កូ​រ៉ូ​ណា​វីរុស​អុកឡុក​ខ្លាំង​។ Ural Airlines គឺជា​ក្រុមហ៊ុន ដែលមាន​មូលដ្ឋាន​នៅក្នុង​ក្រុង Urals រុស្ស៊ី បាន​ផ្អាក​ជើងហោះហើរ​របស់ខ្លួន​ទៅ​ទីក្រុង​មុយ​និ​ច (Munich)​របស់​អាល្លឺម៉ង់​, ទីក្រុង​ប៉ារីស​របស់​បារាំង​, ទីក្រុង​រ៉ូម​របស់​អ៊ីតាលី និង​ក្រុង​Sapporo របស់​ជប៉ុន រហូតដល់​ចុងខែ​កុម្ភៈ​។ 
 
​លើសពីនេះ ក្រុមហ៊ុន​អាកាសចរ​រុស្ស៊ី Urals ក៏បាន​ផ្អាក​ការហោះហើរ​ទៅ​កោះ​ហៃ​ណាន និង​គោលដៅ​មួយចំនួន​នៅ​ចិន​ផងដែរ​។ សម្រាប់​មូលហេតុ​នៃ​ការផ្អាក​នេះ គឺ​ដោយសារ​ក្រុមហ៊ុន​អាកាសចរ​មានការ​និយម​ជិះ​ច្រើន​ពី​សំណាក់​ភ្ញៀវទេសចរ​ចិន​។  ម្យ៉ាងវិញទៀត ក្រុមហ៊ុន​ត្រូវ​ផ្អាក​បណ្តោះអាសន្ន​សិន ដើម្បី​ទប់ស្កាត់​កូ​រ៉ូ​ណាវី​រុស កុំ​ឲ្យ​មាន​នៅលើ​ទឹកដី​រុស្ស៊ី​។ 
 
​បន្ទាប់ពី​កូ​រ៉ូ​ណាវី​រុស បាន​ចម្លង​ជាច្រើន​ករណី និង​សម្លាប់​មនុស្ស​ជាច្រើន​នាក់ នៅលើ​ពិភពលោក ប្រទេស​ជាច្រើន បានចេញ​វិធានការ​រៀងៗ​ខ្លួន ដើម្បី​ទប់ស្កាត់​វីរុស​មួយ​នេះ កុំ​ឲ្យ​ឆ្លង​ចូលមក​ក្នុងប្រទេស​ខ្លួន​។ ជាក់ស្តែង ម៉ាឡេស៊ី សិង្ហ​បុរី និង​ហ្វីលីពីន បាន​ផ្អាក​ការផ្តល់​ទិ​ដ្ឋ​ការ​ដល់​ជនជាតិ​ចិន ដែល​រស់នៅក្នុង​ក្នុង​ទីក្រុង​វូ​ហាន​បណ្តោះអាសន្ន​សិន​។ លើសពីនេះ នៅមាន​ប្រទេស​ផ្សេងទៀត​ដូចជា ជប៉ុន កូរ៉េខាងត្បូង អាមេរិក ថៃ បានចេញ​ចំណាត់ការ ជម្លៀស​ប្រជាជន​របស់ខ្លួន​ចេញពី​ក្រុង​វូ​ហាន​៕
 

Tag:
 ចិន​
  អង់គ្លេស​
  កូ​រ៉ូ​ណាវី​រុស​
© រក្សាសិទ្ធិដោយ thmeythmey.com