អន្តរជាតិ
តើកាម៉េរាកម្តៅអាចពិនិត្យរកអ្នកដែលអាចផ្ទុកជំងឺឆ្លងបានឬទេ? រូបភាព Xinhua
× ការពិនិត្យរករោគសញ្ញារបស់អ្នកដែលអាចផ្ទុកជំងឺឆ្លងកាចសាហាវអ្វីមួយគឺជារឿងសំខាន់ និងមិនអាចរំលងបាននៅតាមផ្លូវឆ្លងកាត់ព្រំដែននានា មិនថាជាផ្លូវដី ផ្លូវអាកាស ឬផ្លូវទឹកឡើង។ ប៉ុន្តែដោយសារកំណើននៃការធ្វើដំណើរតាមជើងហោះហើរមានការកើនឡើងកាន់តែច្រើនៗពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងការរស់នៅយ៉ាងគៀកគ្នានៃមនុស្ស ការចម្លងមេរោគពីផ្នែកមួយទៅផ្នែកមួយទៀតនៃទ្វីប អាចប្រព្រឹត្តិទៅបានយ៉ាងរហ័ស។
គេហទំព័ររបស់ស្ថាប័នអាកាសចរណ៍អាមេរិក faa.gov បានលើកឡើងថា ជាមធ្យមក្នុងមួយថ្ងៃ មានជើងហោះហើរលើពិភពលោកប្រមាណជា៤៤ពាន់ជើង និងអ្នកធ្វើដំណើរប្រមាណជា២.៧លាននាក់។ ហេតុដូចនេះហើយទើបអាកាសយាន្តដ្ឋាននានាអនុវត្តការប្រុងប្រយ័ត្នខ្ពស់ក្នុងការពិនិត្យរកអ្នកដែលមានជំងឺ ឬអាចនឹងផ្ទុកជំងឺកាចសាហាវអ្វីមួយ។
ក្នុងចំណោមជំហានបឋមទាំងឡាយ ការពិនិត្យមើលសីតុណ្ហភាពរបស់អ្នកធ្វើដំណើរអាចផ្តល់ទិន្នន័យទូទៅដំបូងមួយចំនួន ដែលអ្នកជំនាញនៅក្នុងអាកាសយាន្តដ្ឋានទាំងនោះអាចសន្និដ្ឋានបានថា តើអ្នកធ្វើដំណើរដែលពួកគេបានពិនិត្យមានសុខភាពល្អដែរឬទេ។ នៅពេលដែលអ្នកឆ្លងជំងឺអ្វីមួយ ប្រព័ន្ធកាពាររាង្គកាយរបស់ខ្លួនអ្នកនឹងទៅប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺនោះដែលបង្កឲ្យខ្លួនប្រាណរបស់អ្នកឡើងកម្តៅលើកពីកម្តៅខ្លួនប្រាណធម្មតា។
ហេតុដូចនេះ កាម៉េរាពិសេសមួយបែបដែលត្រូវបានគេហៅថា«Thermal Camera» ឬ «កាម៉េរាពិនិត្យកម្តៅ» ត្រូវបានគេប្រើប្រាស់នៅតាមផ្លូវដើរនានានៅក្នុងអាកាសយានដ្ឋាន។ គេហទំព័រ satir.com បានពន្យល់ថា ការប្រើប្រាស់កាម៉េរាកម្តៅត្រូវបានគេអនុវត្តកាន់តែច្រើនឡើងនៅក្នុងអំឡុងពេលនៃការរាតត្បាតរបស់មេរោគ SARS កាលពីឆ្នាំ២០០២ និង Ebola កាលពីប៉ុន្មានឆ្នាំមុននេះ។
កាម៉េរាកម្តៅ ប្រើប្រាស់កញ្ចក់ពិសេសម្យ៉ាងដែលចាប់យកថាមពលកម្តៅដែលផលិតដោយខ្លួនប្រាណមនុស្ស និងបង្ហាញវានៅលើកញ្ចក់អេក្រង់បានយ៉ាងច្បាស់លាស់។ កន្លែងដែលក្តៅមានពណ៌កាន់តែភ្លឺខ្លាំង ចំណែកឯកន្លែងដែលត្រជាក់មានពណ៌ខ្មៅងងឹត។ ទោះបីជាយ៉ាងនេះក្តី គេហទំព័រព័ត៌មាន nbcnews.com បានលើកឡើងថា កាម៉េរាកម្តៅអាចចាប់យកកម្រិតសីតុណ្ហភាពបានយ៉ាងច្បាស់លាស់មែន តែឧបករណ៍នេះមិនអាចចាប់យកវត្តមានរបស់មេរោគដែលមាននៅក្នុងខ្លួនរបស់អ្នកដំណើរនោះទេ។
បើអ្នកដំណើរម្នាក់រត់លឿនដោយសារគាត់ធ្វើដំណើរមកព្រលានយន្តហោះយឺត ឬអ្នកដំណើរណាម្នាក់ហូបគ្រឿងស្រវឹងដែលមានជាតិអាល់កុល នោះខ្លួនប្រាណរបស់ពួកគេក៏អាចឡើងកម្តៅលើសពីអ្នកដែលនៅស្ងៀមដែរ។ បើអ្នកដំណើរនោះពិតជាមានការឡើងកម្តៅខ្លួនដោយជំងឺមែន កាម៉េរាកម្តៅក៏បានអាចកំណត់បានថា អ្នកដំណើរនោះពិតជាមាន ឬគ្មានមេរោគដែលកាចសាហាវនោះដែរ។
តែដោយសារតែបច្ចេកវិទ្យាមួយនេះ អ្នកជំនាញអាចចំណាយពេល និងថវិកាតិចជាងមុនក្នុងការតាមដានអ្នកដំណើរដែលមានសីតុណ្ហភាពមិនប្រក្រតី រួចសួរសំណួរអំពីការរស់នៅពួកគេ ប្រវត្តិនៃការហោះហើររបស់ពួកគេ ឬការពិនិត្យបន្ថែមទៀតទៅលើឈាម ឬផ្នែកផ្សេងៗនៃរាង្គកាយនៅតាមមន្ទីរពេទ្យរបស់ប្រទេសទាំងនោះដើម្បីធានាថា អ្នកដំណើរពិតជាមាន ឬគ្មានផ្ទុកមេរោគកាចសាហាវនៅជាប់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com