សុខភាព
អន្តរជាតិ
ក្រុងវូហាននឹងចាប់ផ្តើមការបង្រៀនអនឡាញសម្រាប់ថ្នាក់បឋម និងមធ្យមសិក្សា
× ការបង្រៀនតាមអនឡាញសម្រាប់សិស្សថ្នាក់បឋមសិក្សា និងមធ្យមសិក្សា នៅក្រុងវូហាន គ្រោងចាប់ផ្តើមនៅថ្ងៃទី១០ ខែកុម្ភៈ ខាងមុខនេះ ស្របពេលបច្ចុប្បន្នករណីរាលដាលជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី នៅតែបន្តកើនឡើង។
យោងតាមការផ្សាយរបស់ទូរទស្សន៍ CGTN ការិយាល័យអប់រំប្រចាំក្រុងវូហាន ខេត្ត Hubei មិនចង់ឲ្យសិស្សពន្យាពេលសិក្សាយូរពេក ក្រោយការប្រកាសបិទសាលា ដោយសារកូរ៉ូណាវីរុស ហេតុដូច្នេះហើយ ទើបសម្រេចចិត្តបង្កើតការសិក្សាតាមអនឡាញសម្រាប់ពួកគេ។
សាលាដែលត្រូវដំណើរការវគ្គបណ្តុះបណ្តាលអនឡាញ ក៏រាប់បញ្ចូលទាំងសាលាមធ្យមសិក្សាជំនាញបច្ចេកទេស និងសាលាបណ្តុបណ្តាលជំនាញផ្សេងៗនៅក្នុងទីក្រុងផងដែរ។
កាលពីដើមសប្តាហ៍កន្លងមក រដ្ឋមន្ត្រីអប់រំចិន បានស្នើឲ្យសាលាជាច្រើននៅចិនពន្យាពេលការប្រឡងឆមាស និងតម្រូវឲ្យសិស្សអវត្តមានពីសាលាជាបណ្តោះអាសន្ន ជាពិសេសសាលានៅក្រុងវូហាន ខេត្ត Hubei ដែលកូរ៉ូណាវីរុសផ្ទុះឡើងដំបូងកាលពីខែធ្នូ។
ករណីកើតជំងឺនៅចិនទាំងមូលមានដល់ទៅរង្វង់៦០០០នាក់ ដោយគិតត្រឹមល្ងាចថ្ងៃពុធនេះ ហើយក្នុងនោះមានជាង១៣០នាក់ស្លាប់ ហើយភាគច្រើនបំផុតស្ថិតនៅក្រុងវូហាន ប្រទេសចិន។ តួលេខនេះ កើនលើសករណីជំងឺសារ SARS ដែលមាន៥៣២៧នាក់ កាលពីឆ្នាំ២០០៣៕
© រក្សាសិទ្ធិដោយ thmeythmey.com