ជាតិ
សត្វ​ស្លាប​ទឹក ជិត​១០០​ប្រភេទ ប្រទះឃើញ​នៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ និង​អន្លង់​ព្រីង
30, Jan 2020 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ លទ្ធផល​ជំរឿន​សត្វ​ស្លាប​ទឹក​ប្រចាំឆ្នាំ​២០២០ នៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ និង​អន្លង់​ព្រីង បាន​បង្ហាញថា សត្វ​ស្លាប​ចំនួន ៥៦​ប្រភេទ ត្រូវបាន​ប្រទះឃើញ​នៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ និង​៣២ ប្រភេទ​ទៀត មាននៅ​តំបន់ការពារទេសភាព​អន្លង់​ព្រីង​។ នេះ​បើតាម​អង្គការ BirdLife​។


 
​កាលពី​ថ្ងៃទី​១៦-១៧ មករា​កន្លងទៅ ឧ​ទ្យា​នុ​រក្ស និង​ក្រុម​អង្កេត​តាមដាន​ជីវៈចម្រុះ បានធ្វើ​ជំរឿន​សត្វ​ស្លាប​អាស៊ី និង​ជំរឿន​ត្រ​យ៉ង​ចំពុះ​ស្លាប​ព្រាប នៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ និង​អន្លង់​ព្រីង​។ តាមរយៈ​ការ​ជំរឿន​នេះ ឧ​ទ្យា​នុ​រក្ស និង​ក្រុម​អង្កេត​តាមដាន​ជីវៈចម្រុះ​ដែល​គាំទ្រ​ដោយ​អង្គការ BirdLife បាន​ប្រទះឃើញ និង​កត់ត្រា​បាន​សត្វ​ស្លាប ចំនួន ៥៦​ប្រភេទ នៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ និង​៣២ ប្រភេទ​ទៀត នៅ​តំបន់ការពារទេសភាព​អន្លង់​ព្រីង​។ 
 
​បើតាម​អង្គការ BirdLife សត្វ​ស្លាប ៣២​ប្រភេទ ដែល​រស់នៅ​តំបន់ការពារទេសភាព​អន្លង់​ព្រីង មាន​ប្រភេទ​សត្វ​ដូចជា សត្វ​ក្រៀល​ចំនួន ១០២ ក្បាល​, ខ្វែង​សមុទ្រ​កន្ទុយ​ខ្មៅ​ចំនួន ៤១៥០​ក្បាល និង​សត្វ​ស្លាប​មួយចំនួនទៀត​។ ដោយឡែក សត្វ​ត្រ​យ៉ង​ចំពុះ​ស្លាបព្រា ដែល​ធ្លាប់​កត់ត្រា កាលពី​ឆ្នាំ ២០១១-២០១២ ក្នុង​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ មិន​ត្រូវបាន​ប្រទះឃើញ និង​កត់ត្រា​បានឡើយ នៅក្នុង​ឆ្នាំ ២០២០​នេះ​។ 
 
​ទំព័រ​ហ្វេ​ស​ប៊ុ​ក BirdLife បញ្ជាក់ថា​៖ «​ការប្រែប្រួល​អាកាសធាតុ បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​តំបន់​ទាំងមូល ដែល​ធ្វើ​ឲ្យ​ទឹក​ឆាប់​រីងស្ងួត ធនធានធម្មជាតិ​មានការ​ធ្លាក់ចុះ​។ កត្តា​រំខាន​ពី​សកម្មភាព​មនុស្ស​ក៏​ជា​កត្តា​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​ផងដែរ​។ ក្រុមការងារ​បាន​នឹង​កំពុង​បន្ត​ការអង្កេត​តាមដាន​យ៉ាង​យកចិត្ត​ទុក្ខ​ដាក់​ក្នុង​កិច្ចការងារ​អភិរក្ស​តំបន់ដីសើម​នេះ​»​។​
 
​សូមបញ្ជាក់ថា តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ មាន​ទីតាំង​ស្ថិតនៅ​ស្រុក​កោះអណ្ដែត ខេត្តតាកែវ​។ ចំណែកឯ តំបន់ការពារទេសភាព​អន្លង់​ព្រីង ស្ថិតនៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត ដែលមាន​ទំហំ​២១៧​ហិកតា ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ​២០១៦៕ 

រូបភាព​ពី​ហ្វេសប៊ុក​ផេកអង្គការ  BirdLife៖









Tag:
 សត្វ​ស្លាប​
  បឹង​ព្រែក​ល្ពៅ​
  អន្លង់​ព្រីង​
  តាកែវ​
  បរិស្ថាន​
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com