ជាតិ
បុគ្គលិកក្រុមហ៊ុនស៊ិនទ្រី តវ៉ាបិទផ្លូវ ក្រោយគ្មានដំណោះស្រាយ
× ភ្នំពេញ៖ បុគ្គលិកក្រុមហ៊ុនស៊ីនទ្រី ដែលត្រូវបានបញ្ឈប់ពីការងារជាច្រើននាក់ បាននាំគ្នាមកតវ៉ាជាថ្មី នៅរសៀលថ្ងៃទី២៩ មករានេះ ក្រោយពីគ្មានដំណោះស្រាយសមរម្យសម្រាប់ពួកគេ។
បុគ្គលិកក្រុមហ៊ុនស៊ិនទ្រី ដែលនាំគ្នាតវ៉ានេះ បានប្រាប់សារព័ត៌មានថ្មីៗថា ពួកគេទាមទារសំណងតាមច្បាប់ការងារ១០០ភាគរយ និងស្នើឲ្យសាលារាជធានីភ្នំពេញទទួលយកពួកគេចូលធ្វើការងារនៅក្នុងរដ្ឋករស្វ័យយ័តដដែល។ការតវ៉ាបិទផ្លូវនេះ គឺក្រុមបុគ្គលិកទាំងនោះ បាននាំគ្នាឈរលើកបដារូបថតនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា និងស្រែកស្នើឱ្យថ្នាក់ដឹកនាំកម្ពុជា ជួយរកអន្តរាគមន៍ដោះស្រាយបញ្ហាពួកគេទៀតផង។
កាលពីថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៩ ខាងក្រុមហ៊ុនស៊ីនទ្រី បានប្រជុំបញ្ចប់កិច្ចសន្យាបុគ្គលិកការិយាល័យទាំងអស់ ដែលមានចំនួន១០៦នាក់ ហើយមួយថ្ងៃក្រោយបញ្ចប់កិច្ចសន្យាការងារ ពោលគឺនៅថ្ងៃទី១មករាឆ្នាំ២០២០ ខាងក្រុមហ៊ុន បានសន្យាផ្តល់សំណង ត្រឹមតែ៥០ភាគរយប៉ុណ្ណោះ។ ដោយសារតែប្រាក់សំណងត្រឹមតែ៥០ភាគរយនេះ បានធ្វើឱ្យបុគ្គលិកទាំងអស់ មិនសប្បាយចិត្ត និងមិនទទួលយកនោះ ទើបកើតមានការតវ៉ាបែបនេះ។
កន្លងមកសាលារាជធានីភ្នំពេញ និងក្រុមហ៊ុន ក៏បានចរចារ រកដោះស្រាយលើសំណើរទាមទាររបស់បុគ្គលិកស៊ីទ្រីនេះដែរ កាលពីដើមខែមករា ដោយសន្យាថា នឹងដោះស្រាយនៅថ្ងៃទី១៥ មករា ប៉ុន្តែមិនមានដំណោះស្រាយឡើយ។ បុគ្គលិកទាំងអស់ ប្រកាសតវ៉ាបន្តទៀត បើសិនជានៅតែគ្មានដំណោះស្រាយជូនពួកគេ។ នេះជាការបញ្ជាក់របស់បុគ្គលិកក្រុមហ៊ុនស៊ិនទ្រី។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចដកសិទ្ធប្រមូលសំរាមពីក្រុមហ៊ុនស៊ីនទ្រីយកមកគ្រប់គ្រងជាបណ្ដោះអាសន្ន កាលពីថ្ងៃទី២២ ខែតុលាឆ្នាំ២០១៩ ក្រោមហេតុផលថា រដ្ឋាភិបាលរៀបចំកំណែទម្រង់សម្អាតទីក្រុងឡើងវិញ ។ បើតាមសម្ដេច ហ៊ុន សែន ការយកក្រុមហ៊ុនស៊ីនទ្រីមកគ្រប់គ្រងបណ្តោះអាសន្ននេះ គឺរដ្ឋនឹងគ្រប់គ្រងបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន រួមទាំងសម្ភារៈផងដែរ។
© រក្សាសិទ្ធិដោយ thmeythmey.com