កីឡាអន្តរជាតិ
អន្តរជាតិ
នៅអូស្ត្រាលី ក្រុមបាល់ទាត់នារីចិន ត្រូវបានដាក់ដោយឡែក តែគ្មានករណីឆ្លងរោគសញ្ញាឡើយ
× ក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិចិន ត្រូវបានដាក់នៅដាច់ដោយឡែកក្នុងសណ្ឋាគារមួយនៅក្រុង Brisbane ប្រទេសអូស្ត្រាលី បន្ទាប់ពីពួកគេទៅដល់ទីនោះ សម្រាប់ការប្រកួតជម្រុះអូឡាំពិក។ បើតាមការផ្សាយរបស់ AFP អាជ្ញាធរអូស្ត្រាលី ព្រួយបារម្ភលើករណីកូរ៉ូណាវីរុស។
ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Jeannette Young អភិបាលរដ្ឋ Queensland បានអះអាងថា គ្មានសមាជិកណាម្នាក់ មានរោគសញ្ញាពាក់ព័ន្ធនឹងកូរ៉ូណាវីរុសនោះឡើយ ក្រោយការត្រួតពិនិត្យសុខភាព។
តាមសម្តីដែលដកស្រង់ដោយ ABC អ្នកស្រី Jeannette បានលើកឡើងពីកិច្ចសហប្រតិបត្តិការយ៉ាងល្អឥតខ្ចោះរវាងស្ថានកុងស៊ុតចិនដែលនៅទីនោះ ក្នុងការយុទ្ធនាការទប់ស្កាត់ការរាលដាលមេរោគដែលមានប្រភពចេញពីក្រុងវូហាន ប្រទេសចិន។
មុនចេញដំណើរទៅអូស្ត្រាលី សហព័ន្ធកីឡាបាល់ទាត់ចិន បានដកកីឡាការិនីមួយចំនួនចេញពីបញ្ជី ដោយសារតែពួកគេធ្លាប់ធ្វើដំណើរទៅក្រុងវូហាន។ ការប្រកួតពូល B នៃវគ្គជម្រុះអូឡាំពិកជុំទីបី ត្រូវបានប្តូរពីក្រុងវូហាន ទៅស៊ីដនី ដោយចិន ត្រូវប៉ះអូស្ត្រាលី ថៃ និងតៃវ៉ាន់ ចន្លោះពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែកុម្ភៈ៕
© រក្សាសិទ្ធិដោយ thmeythmey.com