សុខភាព
អន្តរជាតិ
កូរ៉ូណាវីរុស៖ អ្នកនាំភ្ញៀវម្នាក់នៅជប៉ុនកើតករណីទី៨ ខណៈបារាំងឡើងដល់៥នាក់ អ្នកដំណើរនៅក្រុងតូក្យូ ប្រទេសជប៉ុន ពាក់ម៉ាស់ការពារ។ រូបថត AFP
× ករណីមនុស្សកើតជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី ឡើងដល់ជាង៧០០០នាក់ ដោយរាប់បញ្ចូលទាំងប្រទេសចិន និងតំបន់រដ្ឋបាលពិសេសហុងកុង ម៉ាកាវ និងតៃវ៉ាន់ រួមជាមួយ១៦ប្រទេសផ្សេងទៀត។ គិតត្រឹមម៉ោង៦ព្រឹកថ្ងៃទី៣០ ខែមករា នេះ តួលេខអ្នកស្លាប់នៅចិន ត្រូវបានប៉ាន់ប្រមាណថា កើនឡើង១៣៣នាក់ ប៉ុន្តែមិនទាន់មានការអះអាងផ្លូវការឡើយ។ នៅជប៉ុន តួលេខអ្នកជំងឺឡើងដល់៨នាក់ ខណៈបារាំងឡើងដល់៥នាក់។
មគ្គទេសក៍ម្នាក់ដែលរស់នៅខេត្តអូសាកា ត្រូវពិនិត្យឃើញថា មានវត្តមានជំងឺកូរ៉ូណាវីរុស។ នេះបើតាមការអះអាងរបស់ក្រសួងសុខាភិបាលជប៉ុន ដែលនាំឲ្យប្រទេសមួយនេះ ឡើងដល់៨ករណី និងជាករណីទី២ ដែលបង្ហាញពីការឆ្លងពីមនុស្សទៅមនុស្ស បន្ទាប់អ្នកបើកបររថយន្តជប៉ុនម្នាក់។
កាសែត The Mainichi បានអះអាងថា មគ្គទេសក៍រូបនោះ មានវ័យ៤០ឆ្នាំ គឺជាជនជាតិបរទេសម្នាក់ ដែលចូលពេទ្យតាំងពីថ្ងៃទី២៣ ខែមករា ហើយក៏មិនដែលទៅកាន់ប្រទេសចិននោះឡើយ។ អ្នកបើកបររថយន្ត និងអ្នកនាំភ្ញៀវជាមនុស្សមានទំនាក់ទំនងគ្នា ដែលត្រូវបានគេអះអាងថា ទើបនាំភ្ញៀវចិនចំនួន២២នាក់នៅខេត្ត Nara។
ជាមួយគ្នា ទូរទស្សន៍ BFMTV បានផ្សព្វផ្សាយពីការរកឃើញករណីទី៥នៅបារាំង តាមរយៈការអះអាងរបស់រដ្ឋមន្ត្រីសុខាភិបាល Agnes Buzyn។ អ្នកជំងឺនោះ គឺជាកូនស្រីរបស់ទេសចរចិនវ័យ៨០ឆ្នាំ ដែលត្រូវបានរកឃើញវិជ្ជមានជំងឺកូរ៉ូណាផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com